អ្នកនាំពាក្យក្រសួងយុត្តិធម៌ៈ ក្រុមនេះចង់បានតែសេរីភាព តែអត់ចង់ឱ្យអនុវត្តច្បាប់!

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២១ នេះ ឯកឧត្តម ជិន ម៉ាលីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងយុត្តិធម៌ បានសរសេរក្នុងហ្វេសប៊ុកផ្លូវការរបស់ឯកឧត្តមថា « អត់យល់ ក្រុមនេះ ចង់បានតែសេរីភាព តែអត់ចង់ឱ្យអនុវត្តច្បាប់!»។

ការលើកឡើងដោយហួសចិត្តរបស់ឯកឧត្តមបែបនេះ បន្ទាប់ពីក្រុមការងារដើម្បីសេរីភាពសារព័ត៌មាន ដែលរួមមាន សមាគមអ្នកសារព័ត៌មាន និងអង្គការសង្គមស៊ីវិល សរុបចំនួន១៣ ស្ថាប័នបានរួមគ្នារៀបចំជាយុទ្ធនាការតាម បណ្តាញសង្គមរយៈពេលពីរសប្តាហ៍ក្នុងគោលបំណង ឆ្លុះបញ្ចាំងពីសារសំខាន់និងជំរុញឱ្យមានការចូលរួមពី សាធារណជនក្នុងការលើកកម្ពស់សេរីភាពសារព័ត៌មាន។ ក្នុងនោះដែរសេចក្តីប្រកាសព័ត៌មានរបស់ក្រុមការងារដើម្បីសេរីភាពសារព័ត៌មាន នៅថ្ងៃទី២៦ ខែមេសានេះ បានឲ្យដឹងថា យុទ្ធនាការនេះនឹងចាប់ផ្ដើមពីថ្ងៃទី២៦ ខែមេសា ដល់ថ្ងៃទី១០ ខែឧសភា ដើម្បីចូលរួមប្រារព្ធទិវាសេរីភាពសារព័ត៌មានពិភពលោកឆ្នាំ២០២១ ក្រោមប្រធានបទរួម «ព័ត៌មានដែលជាប្រយោជន៍សាធារណៈ»។

ឯកឧត្តម ជិន ម៉ាលីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងយុត្តិធម៌ (រួបឯកសារ)

ជាមួយគ្នានេះដែរ ឯកឧត្តម ជិន ម៉ាលីន រដ្ឋលេខាធិការ បានជូន ៣ចំណុចដើម្បីឆ្លើយតបទៅនឹងយុទ្ធនាការលើក កម្ពស់សេរីភាពសារព័ត៌មានរបស់សង្គមស៊ីវីលចំនួន១៣នៅកម្ពុជា រួមមាន៖១.បើជ្រុលជាធ្វើយុទ្ធនាការបែបនេះហើយ គួរតែផ្តោតផងដែរលើការលើកស្ទួយ និងពង្រឹងវិជ្ជាជីវៈអ្នកសារព័ត៌មានដើម្បីពួកគេអាចពង្រឹងបាននូវសមត្ថភាពរបស់ខ្លួនប្រកាន់ខ្ជាប់ នូវក្រមសីលធម៌វិជ្ជាជីវៈ និងអនុវត្តបានត្រឹមត្រូវតាមបញ្ញត្តិច្បាប់ដែលមានជាធរមាន ជៀសវាងនូវការផ្សព្វផ្សាយព័ត៌មានមិនពិត បំពានសិទ្ធិសេរីភាពអ្នកដទៃ និងប៉ះពាល់ដល់សន្តិសុខ សង្គម និងសណ្តាប់ធ្នាប់សាធារណៈ ដែលអាចនាំឱ្យមានការទទួលខុសត្រូវតាមផ្លូវច្បាប់ជាយថាហេតុណាមួយ។ ២.ការពង្រឹងនូវសមត្ថភាព ក្រមសីលធម៌វិជ្ជាជីវៈ និងអនុវត្តន៍បាន ត្រឹមត្រូវតាមបញ្ញត្តិច្បាប់ របស់អ្នកសារព័ត៌មាន គឺជាផ្នែកមួយនៃការលើកកម្ពស់សេរីភាពសារព័ត៌មាន។ ៣.អ្នកសារព័ត៌មានមិនមានអភ័យឯកសិទ្ធិដូចសមាជិកសភានោះទេ ពោលគឺ បើមានកំហុសខាងវិជ្ជាជីវៈ ត្រូវទទួលខុសត្រូវតាមច្បាប់ស្តីពីរបបសារព័ត៌មានតែបើប្រព្រឹត្តបទល្មើស ព្រហ្មទណ្ឌត្រូវទទួលខុសត្រូវតាមច្បាប់ព្រហ្មទណ្ឌដែលមានជាធរមានដូចពលរដ្ឋដទៃ ទៀតដែរ។

គួរបញ្ជាក់ថា នៅរៀងរាល់ឆ្នាំ នៅថ្ងៃទី៣ខែឧសភាគឺជាទិវាសេរីភាពសារព័ត៌មានពិភពលោក។ ឆ្នាំនេះ ទិវានេះប្រារព្ធក្រោមប្រធានបទ “ព័ត៌មានដែលជាប្រយោជន៍សាធារណៈ”។ នៅកម្ពុជាមាន ក្លិប សមាគម អង្គការសារព័ត៌មានមិនក្រោម៣០ ជាមួយនឹងអ្នកសារព័ត៌មានរាប់ពាន់នាក់ កំពុងបំពេញការងាររបស់ខ្លួន។ ជាមួយនេះក៏កាសែត កាសែតអនឡាញ ទស្សនាវដ្ដី គេហទំព័រ វិទ្យុ ទូរទស្សន៍ ទូរទស្សន៍ឡាញយ៉ាងច្រើនដំណើរការដោយរលូន៕
ដោយៈជ័យពល

ទាវ សារៈមុនិន្ទ
ទាវ សារៈមុនិន្ទ
ជាការីនិពន្ធគេហទំព័រ ដែលទទួលខុសត្រូវលើការផ្សាយអត្ថបទ ខ្លឹមសាររូបភាព កែសម្រួលទម្រង់អត្ថបទ កែអក្ខរាវិរុទ្ធលើគេហទំព័រអប្សរាសង់ត្រាល់ ផ្នែក Politico360 ។ លោកក៏មាននាទីជាអ្នកអង្កេត និងតាមដានអំពីព័ត៌មានជាតិ និងអន្តរជាតិ ដែលចុះផ្សាយទាក់ទងនឹងនយោបាយកម្ពុជាផងដែរ៕
ads banner
ads banner
ads banner