រដ្ឋបាលខេត្តកំពង់ស្ពឺទទួលបានអំណោយអេតាណុល១ស៊ីទែន ចំណុះ៥០០០លីត្រ ពីក្រុមហ៊ុនCJ Cambodia Co.ltd ជូនដល់គណៈកម្មការប្រយុទ្ធប្រឆាំង Covid-19
ព្រឹកថ្ងៃទី ១៦ ខែមេសា ឆ្នាំ២០២០ សប្បុរសជន នៅបន្តការចូលរួមបរិច្ចាសម្រាប់រដ្ឋបាលខេត្តកំពង់ស្ពឺ ទៅតាមទឹកចិត្តមនុស្សធម៌ តាមរយះតំណាងក្រុមហ៊ុន រោងចក្រ សហគ្រាស ក្រុមអាជីវករ គ្រប់មជ្ឈដ្ឋាន នៅក្នុងខេត្ត ជាការរួមចំណែកជាមួយរដ្ឋបាលខេត្ត ក៏ដូចជារាជរដ្ឋាភិបាលកម្ពុជា ក្នុងការលើកកម្ពស់សុខុមាល ភាពសង្គម ។
ជាក់ស្តែងថ្ងៃនេះឯកឧត្តម វ៉ី សំណាងអភិបាលខេត្តកំពង់ស្ពឺ បានទទួលទឹកអេតាណុល ចំណុះ ៥០០០ លីត្រ ពីក្រុមហ៊ុន cj cambodia co ltd ទុកជូនដល់គណៈកម្មការប្រយុទ្ធប្រឆាំង Covid-19 ។
ឯកឧត្តម អភិបាលខេត្តបានលើកឡើងថា កាយវិការទាំងនេះបានបង្ហាញអំពីសាមគ្គីភាព ព្រមទាំងបានបង្ហាញអំពីទឹកចិត្តមនុស្សធម៌ក្នុងការចូលរួមចំណែកយ៉ាងសកម្ម ជាមួយរដ្ឋបាលខេត្ត ក៏ដូចជាតបតាមការអំពាវនាវរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការចូលរួមទប់ស្កាត់តាមវិធីគ្រប់បែបយ៉ាង ដើម្បីឲ្យប្រជាជនឲ្យចាកផុត អំពីជំងឺឆ្លងដ៏កាចសាហាវមួយនេះ ដែលពិភពលោកកំពុងមានការព្រួយបារម្ភ ។
ក្នុងពិធីប្រគល់ទទួលនោះដែរ ឯកឧត្តម អភិបាលខេត្ត បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ដល់ក្រុមហ៊ុន cj cambodia co. ltd ដែលបានផ្ដល់ទឹកមេតាណុលចំណុះ ៥០០០ លីត្រ ដល់គណៈកម្មាធិការប្រយុទ្ធប្រឆាំង Covid-19 ។ ជាមួយគ្នានេះផងដែរលោកអភិបាល នៅតែអំពាវនាវដ៏ទទូចដល់សប្បុរសជនដទៃទៀត សូមមេត្តាបន្តចូលរួមចំណែក ក្នុងការជួយឧបត្ថម្ភគាំទ្រ ជាសម្ភារៈថវិកា ដល់គណៈកម្មាធិការប្រយុទ្ធជំងឺ Covid-19 ខេត្ត ដើម្បីមានលទ្ធភាពជួយដល់ប្រជាជនណាដែលផ្ទុកវីរុសCovid-19 និងដើម្បីបង្ការផងដែរ ៕ម៉ុន សំអ៊ាត





