ក្នុងកាលៈទេសៈកូវីដ១៩ អ្នកសារព័ត៌មានមានចំណែកចូលរួមធ្វើអ្វីខ្លះ?
ភ្នំពេញៈឆ្នាំនេះគឺជាខួបលើកទី៣០ នៃសេចក្តីប្រកាសវីនធុក(Windhoek)នៃប្រទេសណាមីប៊ី ដែលបានត្រួសត្រាយផ្លូវសម្រាប់ការបង្កើតថ្ងៃទី៣ ឧសភា ជាទិវាសេរីភាពសារព័ត៌មានពិភពលោក។ ជារៀងរាល់ឆ្នាំ នៅក្នុងឱកាសរំលឹកដល់ទិវានេះ តែងតែភ្ជាប់ជាមួយនឹងប្រធានបទសម្រាប់អ្នកសារព័ត៌មានលើពិភពលោក ទាក់ទាញការចាប់អារម្មណ៍ និងលើកយកពិភាក្សាក្នុងចំណោម អ្នកសារព័ត៌មានដោយភ្ជាប់ជាមួយការទទួលខុសត្រូវរួមរបស់អ្នកសារព័ត៌មានអាជីពផងដែរ។
ប្រធានបទឆ្នាំនេះ គឺ “ព័ត៌មានដែលជាប្រយោជន៍សាធារណៈ” ។ ប្រធានបទនេះ បានស្របនឹងអ្វីដែលបាននិងកំពុងកើតឡើង។ ពិភពលោកទាំងមូលកំពុងជួបនឹងភយន្តរាយដ៏ធំមួយ ដោយការរាតត្បាតជាសកលនៃជំងឺកូវីដ១៩ ដែលបង្កឱ្យមានមនុស្សស្លាប់ និងអ្នកជំងឺរាប់លាននាក់រួចមកហើយ។ ដោយឡែកនៅកម្ពុជាគិតត្រឹមព្រឹកថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២១ មាន អ្នកឆ្លងសរុប១២.៦៤១នាក់, អ្នកជាសះស្បើយ ៤.៩៨៦នាក់,អ្នកកំពុងព្យាបាល ៧.៥៥៧នាក់ និងអ្នកស្លាប់ចំនួន៩១នាក់។

“ព័ត៌មានដែលជាប្រយោជន៍សាធារណៈ” តើចង់ទាញការចាប់អារម្មណ៍អ្វីខ្លះដល់អ្នកសារព័ត៌មាននៅលើពិភពលោក និងដោយឡែកសម្រាប់កម្ពុជា។ នោះគឺការផ្តោតសារសំខាន់ទៅលើ ការផ្តល់ព័ត៌មាន ឬចំណេះដឹងទាំងឡាយរបស់អ្នកសារព័ត៌មានដល់សាធារណៈជនពីអ្វី ដែលបាននិងកំពុងឡើងយ៉ាងក្តៅគគុកជាសកល។ ស្ថានភាពប្រយុទ្ធប្រឆាំងទប់ស្កាត់ជំងឺកូវីដ១៩ គឺជាព័ត៌មានដែលមានសារៈសំខាន់បំផុត ក្នុងចំណោមបណ្តារឿងដទៃទៀតដែលកំពុងកើតឡើង ព្រោះនេះជាបញ្ហាសុខភាពសាធារណៈ ហើយដែលផលវិបាករបស់វាបានគ្របដណ្តប់ទៅ លើអាយុជីវិតមនុស្ស និងសកម្មភាពសេដ្ឋកិច្ច សង្គម និងការអភិវឌ្ឍនៃប្រទេសនីមួយៗ។
ក្រឡេកមើលកម្ពុជាវិញ តើអ្នកសារព័ត៌មានកម្ពុជា គួរនឹងប្រកាន់យកនូវឥរិយាបថ និងសកម្មភាពបែបណាក្នុងកាលៈទេសៈនេះ។ ពិតណាស់! អង្គការសារព័ត៌មាននីមួយៗ អ្នកសារព័ត៌ មានម្នាក់ៗ តែងតែមានទស្សនៈ គោលជំហរ ដោយឡែកៗពីគ្នា។ ភាពជាបុគ្គល និងជំហររបស់អង្គការសារព័ត៌មានដាច់ដោយឡែកៗនេះហើយ ជាកត្តាបង្ហាញឱ្យឃើញនៅ ពេលអ្នកកាសែតនោះបំពេញការងារក្នុងការផ្តល់ព័ត៌មាន និងធ្វើសេចក្តីរាយការណ៍ព័ត៌មានរបស់ខ្លួន។ ដោយសារតែភាពចម្រុះទាំងនេះហើយ ទើបអ្នកកាសែតអាជីពទាំងឡាយ ត្រូវបានកំណត់ឱ្យបំពេញការងារដោយគោរពក្រមសីលធម៌វិជ្ជាជីវៈសារព័ត៌មាន។
កាលៈទេសៈប្រទេស និងប្រជាជនកំពុងមានគ្រោះថ្នាក់ដោយជំងឺរាតត្បាតជាសកល អ្នកសារព័ត៌មាន គួរតែកុំមានរបៀបវារៈនយោបាយនៅក្នុងពេលបំពេញការងារយកព័ត៌មាន ឬធ្វើសេចក្តីរាយការណ៍ព័ត៌មានរបស់ខ្លួន។ ហេតុអ្វី? ព្រោះពេលនេះជាបញ្ហាសុខភាពសាធារណៈ ពិសេសគឺ អាយុជីវិតមនុស្ស។ មានន័យថា អ្នកសារព័ត៌មាន មានតែត្រូវស្មោះត្រង់ ក្នុងពេលបំពេញវិជ្ជាជីវៈ ស្មោះត្រង់ចំពោះសាធារណជន តាមរយៈនៃការផ្តល់ព័ត៌មានរបស់ខ្លួន។ អ្នកកាសែតមិនមែនជាគ្រូពេទ្យ ក៏មិនមែនជាអ្នកជំនាញក្នុងវិស័យសុខាភិបាលដែរ។ ដូចនេះអ្វីដែលអ្នកកាសែតគប្បីប្រកាន់យក គឺការដកស្រង់ការធ្វើសេចក្តីរាយការណ៍ព័ត៌មាន ដែលមានប្រភពផ្លូវការរបស់រដ្ឋ ឬក្រសួងជំនាញ។ និយាយរួម គឺប្រភពផ្លូវការរបស់ស្ថាប័ន ផ្លូវការ។ ទស្សនៈបុគ្គល ឬព័ត៌មានមិនមានប្រភពច្បាស់លាស់ដែលផ្សព្វផ្សាយនៅក្នុងបណ្តាញទំនាក់ទំនងសង្គមមិនមែនជាប្រភពជាក់លាក់សម្រាប់អ្នកសារព័ត៌មានយកមកធ្វើជា មូលដ្ឋានក្នុងការផ្សព្វផ្សាយដោយមិនមានការផ្ទៀងផ្ទាត់ជាមុននោះឡើយ។ ដោយសារភាពកាន់តែងាយស្រួលរបស់អ្នកសារព័ត៌មានក្នុងការទទួលព័ត៌មានសម្បូរបែបតាមបណ្តាញ អេឡិចត្រូនិក ឬបណ្តាញសង្គម ដែលចែកចាយតៗគ្នា និងដោយសារអ្នកសារព័ត៌មានខ្លះធ្វេសប្រហែសផង បានយកប្រភពទាំងនេះមកប្រើប្រាស់ហើយបង្កឱ្យមានការភាន់ច្រឡំដល់អ្នក ទទួលព័ត៌មាន។ បានសេចក្តីថា អ្នកកាសែតមិនបានជួយដល់អាយុជីវិតប្រជាជនទេ តែបានជំរុញ ឬលើកទឹកចិត្តដល់អ្នកអានខ្លះដែលមិនបានគិតវែងឆ្ងាយប្រព្រឹត្តខុសហើយបង្កឱ្យមាន គ្រោះថ្នាក់ដល់សុខភាព និងអាយុជីវិតមនុស្សដោយមិនដឹងខ្លួន។

អ្នកសារព័ត៌មាន មានតួនាទីរួមចំណែកក្នុងការផ្តល់ព័ត៌មានពិត ព័ត៌មានស្មោះត្រង់អំពីស្ថានភាពជាក់ស្តែងណាមួយដែលប្រជាពលរដ្ឋជួបប្រទះ ជូនដល់អាជ្ញាធរ រាជរដ្ឋាភិបាល ដើម្បីបាន ជ្រាប និងដោះស្រាយបានទាន់ពេលវេលា។ អ្នកសារព័ត៌មាន ក៏មានតួនាទីរួមចំណែករួមជាមួយរាជរដ្ឋាភិបាល ក្នុងការផ្សព្វផ្សាយអំពីវិធានទាំងឡាយ ក្នុងការទប់ស្កាត់ និងកាត់ផ្តាច់ការ រីករាលនៃជំងឺកូវីដ១៩ ឱ្យមានប្រសិទ្ធភាព។ ជួយជូនព័ត៌មានដល់សាធារណជន ពីអ្វីដែលជាគ្រោះថ្នាក់ពិតប្រាកដ និងអ្វីដែលជាការញុះញង់ដោយអ្នកនយោបាយទុច្ចរិត និងដៃជើងពួក អគតិដែលយកអាយុជីវិតប្រជាជនមកលេងសើចដើម្បីបំពេញមហិច្ឆតានយោបាយបោកប្រាស់របស់ខ្លួន។ អ្នកសារព័ត៌មាន ក៏មានចំណែកក្នុងការនិយាយ ការសរសេរពីការពិតនូវអ្វីដែល រាជរដ្ឋាភិបាលបានធ្វើ បានដោះស្រាយជូនប្រជាជន ជូនកសិករ ជូនកម្មករ និយោជិក មន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ ក្នុងស្ថានភាពដ៏លំបាកនេះផងដែរ។
ផ្ទុយទៅវិញ អ្វីដែលអ្នកសារព័ត៌មានមិនគួរធ្វើក្នុងកាលៈទេសៈនេះ គឺភាពមិនស្មោះត្រង់នៅក្នុងការសរសេរ ការធ្វើរាយការណ៍ព័ត៌មានរបស់ខ្លួន ដែលផ្ទុយទៅនឹងក្រមសីលធម៌វិជ្ជាជីវៈ។ មានចេតនាបំភ្លៃការពិត ដោយផ្សារភ្ជាប់នឹងរឿងអ្វីផ្សេងពិសេសរឿងនយោបាយ ទោះជាបានដឹងច្បាស់រួចមកហើយក៏ដោយ។ មិនគួរធ្វើខ្លួនទៅជាកូនអុក ជាសត្វសេករបស់អ្នកដែល មានគំនិតបំផ្លិចបំផ្លាញជាតិ មិនគិតគូរពីអាយុជីវិតប្រជាជននោះឡើយ ហើយក៏សូមដាក់ខ្លួននៅឱ្យឆ្ងាយពីការធ្វើបុរេវិច្ឆ័យ នៅក្នុងការផ្តល់ព័ត៌មានដល់សាធារណជន។
ជាអ្នកសារព័ត៌មាន តែងតែមានមោទនភាពចំពោះអាជីពរបស់ខ្លួន។ ក្នុងឱកាសទិវាសេរីភាពសារព័ត៌មានពិភពលោកឆ្នាំនេះ បើទោះបីយើងពុំមានធ្វើពិធីជួបជុំធំដុំ ដូចតែងប្រារព្ធកន្លងទៅដោយសារស្ថានភាពនៃជំងឺកូវីដ១៩ កំពុងគំរាមកំហែងក៏ដោយ តែឆន្ទៈវិជ្ជាជីវៈនៅតែរឹងមាំ។ សូមអ្នកកាសែតទាំងឡាយពង្រឹងខ្លួនក្នុងការជម្នះស្ថានភាពលំបាក ដើម្បីបំពេញការងារប្រកបដោយភាពបត់បែន។ ពង្រីកនិងពង្រឹងស្មារតីទទួលខុសចំពោះវិជ្ជាជីវៈ ចំពោះព័ត៌មានរបស់ខ្លួនដែលផ្តល់ជូនមហាជន។ កំណត់សកម្មភាពបែបនេះ នឹងក្លាយជា ការឆ្លើយតបចំពោះប្រធានបទ “ព័ត៌មានដែលជាប្រយោជន៍សាធារណៈ” ក្នុងទិវាសេរីភាពសារព័ត៌មានពិភពលោកឆ្នាំ២០២១ ដោយពិតប្រាកដ៕
ដោយៈជម្ពូនុទ