កុំ​បារម្ភ​! រាជរដ្ឋាភិបាល​បញ្ចេញ​ស្បៀង​បម្រុង​សង្គ្រោះបន្ទាន់​អាស៊ាន​បូក​បី​ចំនួន៧៨តោន​ ទៅ​ចែកជូន​ប្រជាពលរដ្ឋ​នៅ​តំបន់​បិទ​ខ្ទប់

ភ្នំពេញៈ ដោយមាន​ចំណារ​ឯកភាព​ពីស​ម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​នៅ​ថ្ងៃទី​៣០ ខែមេសា​ឆ្នាំ​២០២១​នេះ ឯកឧត្តម វេ​ង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម​ រុក្ខាប្រមាញ់​ និង​នេសាទ ​និង​តំណាង​ឲ្យ​លេខាធិការដ្ឋាន​ស្បៀង​បម្រុង​សង្គ្រោះបន្ទាន់​អាស៊ាន​បូក​៣ បាន​យក​អង្ករ​ចំនួន ៧៨តោន ដែល​ទទួលបាន​ពី​កម្មវិធី​ស្បៀង​បម្រុង​អាស៊ាន​បូក​បី ទៅ​ប្រគល់ជូន ឯកឧត្តម ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ ដើម្បី​ចែកជូន​ដល់​ប្រជាពលរដ្ឋ​នៅ​រាជធានី​ភ្នំពេញ​ដែល​កំពុង​ប្រឈម​នឹង​ការខ្វះ​ស្បៀង​ដោយសារ​ការរីក​រាលដាល​ជំងឺ​កូ​វិដ​-១៩ ស្ថិតនៅក្នុង​តំបន់​បិទ​ខ្ទប់ ជាពិសេស​តំបន់​ក្រហម នៅក្នុង​រាជធានី​ភ្នំពេញ ចំនួន ២.៥៨៣ គ្រួសារ​។​

​

គួររំលឹកថា កាលពី​ថ្ងៃទី​២១ ខែតុលា ឆ្នាំ​២០២០ កន្លងទៅ កម្ពុជា​ជា​ភាគី​ម្ចាស់ផ្ទះ បានរៀបចំ​ដឹកនាំ​កិច្ចប្រជុំ​ប្តូរ​វេន ថ្នាក់​រដ្ឋមន្ត្រី​កសិកម្ម និង​ព្រៃឈើ​អាស៊ាន ព្រមទាំង​មាន​កិច្ចប្រជុំ​អមពីរ​ទៀត​គឺ កិច្ចប្រជុំ​រដ្ឋមន្ត្រី​កសិកម្ម និង​ព្រៃឈើ​អាស៊ាន​បូក​បី (​ចិន ជប៉ុន និង​កូរ៉េ​) និង​កិច្ចប្រជុំ​រដ្ឋមន្ត្រី​កសិកម្ម និង​ព្រៃឈើ អាស៊ាន បូក​ឥណ្ឌា ។ ដោយឡែក ក្នុង​កិច្ចប្រជុំ​រដ្ឋមន្ត្រី​កសិកម្ម និង​ព្រៃឈើ អាស៊ាន​បូក​បី រដ្ឋមន្ត្រី​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ នៃ​រដ្ឋាភិបាល​ជប៉ុន បានសម្រេច​ផ្តល់​ស្បៀង​ជា​អង្ករ​ចំនួន៣០០តោន របស់​កម្មវិធី​ស្បៀង​បម្រុង​អាស៊ាន​បូក​បី ជូន​មក​ប្រជាពលរដ្ឋ​កម្ពុជា ដែល​ទទួលរង​គ្រោះ​ដោយ​ទឹកជំនន់ ចំនួន ៧.៤០០​គ្រួសារ ដែល​រស់នៅក្នុង​ខេត្ត​ចំនួន​៦ គឺខេត្តបន្ទាយមានជ័យ​ចំនួន ១.៥០០​គ្រួសារ បាត់ដំបង​ចំនួន ១.៥០០​គ្រួសារ ពោធិ៍សាត់​ចំនួន ១.២០០​គ្រួសារ កំពង់ធំ​ចំនួន ១.០០០​គ្រួសារ ព្រៃវែង​ចំនួន ១.០០០​គ្រួសារ និង​ខេត្ត​ត្បូងឃ្មុំ​ចំនួន ១.២០០​គ្រួសារ ដោយ​ជនរងគ្រោះ​មួយ​គ្រួសារ​ទទួលបាន​អង្ករ​ចំនួន ៣០​គីឡូក្រាម​។​

ស្បៀងដែលក្រសួងកសិកម្មប្រគល់ជូនរដ្ឋបាលរាជធានីភ្នំពេញ នាថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២១

​ជំនួយ​នេះ​បាន​បញ្ជូន​មកដល់​ព្រះរាជាណាចក្រ​កម្ពុជា នៅ​ថ្ងៃទី​៣០ ខែធ្នូ ឆ្នាំ​២០២០ ស្រប​ពេលដែល​ប្រជា​ពល​កម្ពុជា​កំពុង​ប្រឈម​នឹង​ការរីក​រាលដាល​នៃ​ជំងឺ​កូ​វិដ​-១៩​យ៉ាងធ្ងន់ធ្ងរ នាពេលនេះ ក្រសួងកសិកម្ម​ រុក្ខាប្រមាញ់​ និង​នេសាទ​បាន​លើកសំណើ​ទៅកាន់​លេខាធិការដ្ឋាន​ស្បៀង​បម្រុង​សង្គ្រោះបន្ទាន់​អាស៊ាន​បូក​៣ (ASEAN Plus Three Emergency Rice Reserve-APTERR) ដើម្បី​ធ្វើការ​ចែករំលែក​ស្បៀង​ចំនួន ៧៨តោន ជូន​ដល់​ប្រជាពលរដ្ឋ​កម្ពុជា​ដែល​កំពុង​ជួបប្រទះ​ការខ្វះខាត​ស្បៀង ជាពិសេស​ប្រជាពលរដ្ឋ​រស់នៅក្នុង​រាជធានី​ភ្នំពេញ ក្នុង​តំបន់​ក្រហម​។

ក្នុងនាម​ថ្នាក់ដឹកនាំ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ និង​ជា​ប្រធាន​ប្តូរ​វេន រដ្ឋមន្ត្រី​កសិកម្ម និង​ព្រៃឈើ​អាស៊ាន ឯកឧត្តម វេ​ង សាខុន បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​បំផុត ជូន​ចំពោះ​រដ្ឋាភិបាល​ជប៉ុន និង​លេខាធិការដ្ឋាន​អាស៊ាន ដែល​បានធ្វើ​ការសម្រេច​ចែករំលែក​ស្បៀង​បម្រុង​មក​ផ្តល់ជូន​ប្រជាពលរដ្ឋ​កម្ពុជា រស់នៅ​តំបន់​មាន​ហានិភ័យ​ខ្ពស់​៕​

ដោយៈជម្ពូនុទ

ទាវ សារៈមុនិន្ទ
ទាវ សារៈមុនិន្ទ
ជាការីនិពន្ធគេហទំព័រ ដែលទទួលខុសត្រូវលើការផ្សាយអត្ថបទ ខ្លឹមសាររូបភាព កែសម្រួលទម្រង់អត្ថបទ កែអក្ខរាវិរុទ្ធលើគេហទំព័រអប្សរាសង់ត្រាល់ ផ្នែក Politico360 ។ លោកក៏មាននាទីជាអ្នកអង្កេត និងតាមដានអំពីព័ត៌មានជាតិ និងអន្តរជាតិ ដែលចុះផ្សាយទាក់ទងនឹងនយោបាយកម្ពុជាផងដែរ៕
ads banner
ads banner
ads banner