ក្រុមការងារ សសយក ចុះចែកអំណោយគ្រឿងឧបភោគបរិភោគរបស់ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ជូនប្រជាពលរដ្ឋខ្វះខាត និងគ្រួសារប៉ះពាល់ដោយសារជំងឺកូវីដ-១៩
កាលពីព្រឹកថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២១ ក្រុមការងារ ដឹកនាំដោយលោកជំទាវ ម៉ាណ ណាវី តំណាងរាស្រ្តមណ្ឌលរាជធានីភ្នំពេញ បានពាំនាំអំណោយរបស់ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ចែកជូនប្រជាពលរដ្ឋខ្វះខាត និងគ្រួសារកំពុងប៉ះពាល់ផ្ទាល់ដោយជំងឺកូវីដ-១៩ ចំនួន ៣០០គ្រួសារ នៅភូមិព្រែកតាពៅ សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ចំនួន ២២៦គ្រួសារ និង ភូមិព្រែកតាពៅ សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្តាល ចំនួន ៧៤គ្រួសារ ដោយក្នុងមួយគ្រួសារ ទទួលបាន អង្ករ ២០ ត្រីខ ២យួរ និងទឹកស៊ីអ៊ីវ ១យួរ ។
លោកជំទាវ បានផ្តាំផ្ញើការសាកសួរសុខទុក្ខពីថ្នាក់ដឹកនាំ ជាពិសេស ឯកឧត្តម ហ៊ុន ម៉ានី ជូនដល់ប្រជាពលរដ្ឋដែលអញ្ជើញមកចូលរួម និងបានណែនាំឱ្យប្រជាពលរដ្ឋគោរពឱ្យបានម៉ឺងម៉ាត់នូវវិធានការ ៣ការពារ ៣កុំ ជាពិសេសក្នុងខែរ៉ាម៉ាឌន សូមបន្តប្រណិបត្តិខែបួស ថ្វាយបង្គំជាលក្ខណៈគ្រួសារនៅតាមផ្ទះរៀងៗខ្លួន បើមិនចាំបាច់ មិនត្រូវចេញក្រៅផ្ទះ ដើម្បីចូលរួមទប់ស្កាត់ បង្ការ និងប្រឆាំងជំងឺកូវីដ-១៩នៅក្នុងសហគមន៍ សំដៅបិទបញ្ចប់ការរីករាលដាលការឆ្លងនៃជំងឺកូវីដ-១៩។
លោកជំទាវបន្តថា សហភាពសហព័ន្ធយុវជនកម្ពុជា ជានិច្ចកាល តែងតែ នៅជាមួយប្រជាជន និងចូល រួម ចំណែក យ៉ាង សកម្ម ជាមួយ អាជ្ញាធរ ក៏ ដូច ជា រាជរដ្ឋាភិបាល ជាពិសេស ក្នុង ដំណាក់កាល ដ៏ចាំបាច់ នៃយុទ្ធនាការ ប្រយុទ្ធប្រឆាំង ជំងឺ កូវីដ -១៩ នេះ។
ក្នុងឱកាសនោះដែរ លោកជំទាវបានពាំនាំថវិការបស់ ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជារាជធានីភ្នំពេញ ចំនួន ១០០០ដុល្លារ ជូនគណៈកម្មការវិហារភូមិព្រែកតាពៅ សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្តាល សម្រាប់ទិញកម្រាលព្រំ រៀបចំនៅក្នុងវិហារ៕




