ខណៈកីឡាករបាល់ទាត់លំដាប់កំពូលពិភពលោក Messi និង Neymar នឹងចាក់វ៉ាក់សាំងកូវីដ១៩ របស់ប្រទេសចិន នៅសប្តាហ៍ខាងមុខនោះ សម្តេចតេជោ បានលើកជាសំនួរថា តើកំពូលកីឡាករបាល់ទាត់ទាំង២ អាចស្លាប់ទេ ក្រោយចាក់វ៉ាក់សាំងចិន?
ភ្នំពេញ៖ តាមរយៈបណ្តាញ Facebook នៅល្ងាចថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២១ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋ មន្ត្រីកម្ពុជា បានសរសេរថា សារព័ត៌មានស៊ិនហួររបស់ចិន បានចេញផ្សាយថា កីឡាករបាល់ទាត់លំដាប់កំពូលពិភព លោក Messi និង Neymar នឹងចាក់វ៉ាក់សាំងកូវីដ១៩ ប្រភេទស៉ីណូវ៉ាក់ របស់ប្រទេសចិន នៅសប្តាហ៍ខាងមុខនោះ សម្តេចតេជោ ហ៊ុន សែន បានចោទជាសំណួរថា តើកំពូលកីឡាករបាល់ទាត់ Messi និង Neymar អាចស្លាប់ទេ ក្រោយចាក់វ៉ាក់សាំងចិន? ប្រសិនជាគាត់ចាក់មែននាប៉ុន្មានថ្ងៃខាងមុខ ។
សម្តេចតេជោ ហ៊ុន សែន បានរៀបរាប់នៅលើបណ្តាញ Facebook ថា៖ តើកំពូលកីឡាករបាល់ទាត់ Messi និង Neymar អាចស្លាប់ទេ ក្រោយចាក់វ៉ាក់សាំងចិន? ប្រសិនជាគាត់ចាក់មែននាប៉ុន្មានថ្ងៃខាងមុខ។ នេះបើយោងតាម សារព័ត៌មានចិន ស៊ិនហួរ បានចេញផ្សាយ ។ តើបងប្អូន ជាពិសេសយុវជនកម្ពុជា យល់យ៉ាងណាដែរ នៅពេលកីឡាករ លំដាប់ពិភពលោក Messi និង Neymar ចាក់វ៉ាក់សាំងកូវីដ១៩ Sinovac របស់ចិន ? តើហេតុអ្វីកីឡាករទាំងពីររូបនេះ ជ្រើសរើសយកវ៉ាក់សាំងចិន ជំនួសឱយការចាក់វ៉ាក់សាំងពីប្រទេសផ្សេងទៀត?
សម្ដេចបានបន្តថា កាលពីមុន ពួកបំផ្លាញជាតិមួយចំនួនបាននិយាយថា វ៉ាក់សាំងរបស់ចិន ចាក់សម្លាប់មនុស្ស នៅ ពេលដែលខ្លួនខ្ញុំផ្ទាល់ បានសម្រេចជ្រើសរើសយកវ៉ាក់សាំងរបស់ចិន Sinopharm និង Sinovac មកចាក់ជូនបងប្អូន ប្រជាពលរដ្ឋកម្ពុជា ដើម្បីការពារអាយុជីវិតពីជំងឺដ៏កាចសាហាវកូវីដ១៩។ ពេលនេះយើងអាចចោទជាសំនួរថា បើខ្ញុំមិន រឹងក្បាលស្វែងរកវ៉ាក់សាំងពីចិន ដែលជាមិត្តដែកថែបរបស់កម្ពុជា និងប្រសិនគ្មានការជួយឧបត្ថម្ភពីមិត្តចិន លើការ ផ្គត់ផ្គត់វ៉ាក់សាំង តើយើងមានវ៉ាក់សាំងមកពីណាចាក់ជូនប្រជាជនយើង?។
ខ្ញុំបាននិយាយមិនតិចជាង ៣ដងថា (សូមកុំបារម្ភថា វ៉ាក់សាំងមកពីប្រទេសណា តែត្រូវបារម្ភពីការអត់វ៉ាក់សាំងចាក់)។ ពាក្យនេះត្រឹមត្រូវណាស់សម្រាប់ ប្រទេសជាច្រើននៅលើពិភពលោក។ ករណី Messi និង Neymar ខុសពីប្រទេសនានាត្រង់ថា គាត់មានជម្រើសច្រើន គាត់ចាក់វ៉ាក់សាំងពីប្រទេសណាក៏បាន ហេតុអ្វីគាត់រើសយកវ៉ាក់សាំងរបស់ចិន ទៅវិញ។
សម្ដេចតេជោ ហ៊ុន សែន បានផ្ដាំផ្ញើថា ម្នាល អ្នកនយោបាយប្រឆាំងស្ទើរភ្លើងទាំងឡាយ គួរខិតខំរៀនសូត្រឱ្យបាន ប្រសើរជាងនេះ ៕



