រដ្ឋបាលខេត្តបាត់ដំបង បានចេញសេចក្តីសម្រេចផ្អាកការធ្វើអាជីវកម្មសេវាកម្មដឹកជញ្ជូន របស់ សាខាក្រុមហ៊ុន វីរៈប៊ុនថាំ នៅតាមបណ្តាស្រុកទាំង៣ (ស្រុកកំរៀង ភ្នំព្រឹក និង ស្រុកសំពៅលូន)
នៅព្រលប់ថ្ងៃទី០២ខែឧសភា ឆ្នាំ២០២១នេះរដ្ឋបាលខេត្តបាត់ដំបង បានចេញសេចក្តីសម្រេចលេខ០៨០/២១សសរ. ស្តីពី” ការបិទជាបណ្តោះអាសន្នមូលដ្ឋានអាជីវកម្មសាខាក្រុមហ៊ុនវីរៈប៊ុនថាំអេចប្រេសទេសចរណ៍ និង ដឹកជញ្ជូនអ្នកដំណើរ”រហូតដល់មានការជូនដំណឹងជាថ្មី ដែលស្ថិតនៅក្នុងភូមិសាស្ត្រនៃស្រុកទាំង៣របស់ខេត្តបាត់ដំបងរួមមាន៖ ស្រុកកំរៀង ស្រុកភ្នំព្រឹក និង ស្រុកសំពៅលូន។
ក្នុងសេចក្តីសម្រេចនេះបានបញ្ជាក់យ៉ាងច្បាស់ក្រោយពីអាជ្ញាធរមានសមត្ថកិច្ចបានរកឃើញថា៖ឈ្មោះ ហោ ផានិត ភេទប្រុស ជាអ្នកបើកបររថយន្តដឹកជញ្ជូនទំនិញបញ្ញើរសាខាក្រុមហ៊ុន វីរៈប៊ុនថាំមានជម្ងឺកូវីដ-19 នៅថ្ងៃទី២ ខែឧសភាឆ្នាំ២០២១នេះ ទើបរដ្ឋបាលខេត្តបាត់ដំបង បានចេញសេចក្តីសម្រេច ត្រូវបិទជាបណ្តោះអាសន្ននូវមូលដ្ឋានអាជីវកម្ម សាខាក្រុមហ៊ុន វីរៈ ប៊ុនថាំ អេចប្រេស និងដឹកអ្នកដំណើរ ចាប់ពីថ្ងៃទី០២ខែឧសភា ២០២១រហូតដល់មានការជូនដំណឹងសារជាថ្មី ដែលស្ថិតក្នុងភូមិសាស្ត្រ ស្រុកកំរៀង ភ្នំព្រឹក និងស្រុកសំពៅលូន ខេត្តបាត់ដំបង ដែលមានទីតាំង ដូចខាងក្រោមនេះ៖១-សាខាក្រុមហ៊ុនវីវៈប៊ុនថាំ ស្ថិតនៅភូមិអូរដាលើ ឃុំបឹងរាំង ស្រុកកំរៀង។២-សាខាក្រុមហ៊ុនវីរៈប៊ុនថាំ ស្ថិតនៅ ភូមិភ្នំតូច ឃុំពេជ្រចិន្តា ស្រុកភ្នំព្រឹក។៣- សាខាក្រុមហ៊ុន វីរៈប៊ុនថាំ ស្ថិតនៅភូមិត្រពាំងព្រលិត ឃុំសន្តិភាព ស្រុកសំពៅលូន។
នៅក្នុងអំឡុងពេលការបិទជាបណ្តោះអាសន្ននៃមូលដ្ឋានអាជីវកម្មទាំង៣ស្រុក ខាងលើនេះ៖អាជ្ញាធរនៃរដ្ឋបាលខេត្តបាត់ដំបង ក៏បានកំណត់ធ្វើការហ៊ុព័ទ្ធទីតាំងរបស់សាខាក្រុមហ៊ុនទាំង៣ខាងលើ ដោយផ្អាកទាំងអស់នូវសកម្មភាពផ្តល់ ឬទទួលសេវារបស់ក្រុមហ៊ុន។មានវិធានការស្រាវជ្រាវរកអ្នកពាក់ព័ន្ធ ឬប្រយោល ដើម្បីធ្វើចត្តាឡីស័កនិងយកវត្ថុសំណាក។ ជាមួយគ្នានេះផងដែរ អាជ្ញាធរនៃរដ្ឋបាលខេត្តបាត់ដំបងក៏បានអំពាវនាវចំពោះបងប្អូនដែលមានការពាក់ព័ន្ធផ្ទាល់ឬប្រយោល ជាមួយនិងមូលដ្ឋានអាជីវកម្មទាំង៣សាខារបស់ក្រុមហ៊ុនវីវៈប៊ុនថាំ ខាងលើនេះ សូមអញ្ជើញមកជួប ឬជូនដំណឹងដល់ក្រុមការងារមន្ត្រីសុខាភិបាលមន្ទីរសុខាភិបាល នៃ រដ្ឋបាលខេត្តបាត់ដំបង ដើម្បីយកវត្ថុសំណាកទៅធ្វើតេស្តជាបន្ទាន់ចាប់ពីថ្ងៃទី០២ខែឧសភាឆ្នាំ២០២១ នេះតទៅ។
សូមបញ្ជាក់ថា៖នៅព្រលប់ថ្ងៃដដែលនេះដែរ អាជ្ញាធរនៃរដ្ឋបាលក្រុងបាត់ដំបង លោក ផេង សិទ្ធី បានដឹកនាំកម្លាំងសមត្ថកិច្ចចុះអនុវត្តនូវវិធានការរដ្ឋបាលភ្លាមផងដែរដើម្បីធ្វើការទប់ស្កាត់និងបញ្ចៀសពីការឆ្លងនិងចម្លងនូវកូវីដ-19ដោយបានធ្វើការបិទខ្ទប់នូវទីតាំងសាខាក្រុមហ៊ុនវីរៈប៊ុនថាំដែលមានទីតាំងស្ថិតនៅក្នុងក្រុងបាត់ដំបង ចំនួន៣កន្លែងផងដែរក្នុងនោះ១-សាខានៅផ្សារ ភួ ពុយ, ២- នៅផ្សារបឹងឈូក,៣-នៅផ្សារថ្មី១៣មករា។និងបាននាំយកបុគ្គលិករបស់ក្រុមហ៊ុនមួយចំនួនដើម្បីនាំទៅយកវត្ថុសំណាកនិងធ្វើតេស្តរកមេរោគកូវីដ-19 នៅមន្ទីរពេទ្យបង្អែកខេត្ត។
ដោយឡែកជាមួយគ្នានេះ ឯកឧត្តម សឿម ប៊ុនរិទ្ធិ អភិបាលរងខេត្ត និងជាអ្នកនាំពាក្យនៃរដ្ឋបាលខេត្តបាត់ដំបង ក៏បានគូសបញ្ជាក់ឲ្យដឹងផងដែថា៖ ពាក់ព័ន្ធនិងករណីបុរសម្នាក់ជាអ្នកបើកបររថយន្តខាក្រុមហ៊ុនវីវៈ ប៊ុនថាំ ដែលវិជ្ជមានកូវីដ-19 ខាងលើនេះ។ បុគ្គលនេះគឺជាអ្នកបើកបរដឹកជញ្ជូនសេវាបញ្ញើ ក្រុមហ៊ុនខាងលើនូវខ្សែរថដឹកជញ្ជូនពីក្រុងប៉ោយប៉ែត ឆ្លងកាត់ ស្រុកសំពៅលូន ស្រុកភ្នំព្រឹក ស្រុកកំរៀងនិងខេត្តប៉ៃលិន។ គឺមិនមានពាក់ព័ន្ធចូលមកទីប្រជុំជនក្នុង(ក្រុងបាត់ដំបង) នោះទេ។ ឯកឧត្តមអភិបាលរងខេត្តបាត់ដំបងនិងជាអ្នកនាំពាក្យនៃរដ្ឋបាលខេត្ត ក៏បានបញ្ជាក់ឲ្យដឹងផងដែរថា៖ ពាក់ព័ន្ធនិងសាខាក្រុមហ៊ុនវីរៈ ប៊ុនថាំ អេចប្រេស ទេសចរណ៍ ដឹកជញ្ជូនអ្នកដំណើរ និងសេវាកម្មបញ្ញើរបស់ក្រុមហ៊ុនដែលមានទីតាំង ក្នុងក្រុងបាត់ដំបង គឺមិនមានពាក់ព័ន្ធក្នុងការផ្អាកឬបិទបណ្តោះអាសន្ននោះទេ។ សាខានៅក្នុងក្រុងទាំងអស់ បន្តដំណើរការអាជីវកម្មរបស់ខ្លួនដូចធម្មតា…៕ ( អត្ថបទ-រូបភាព៖ អ៊ុក សំអាន បប )
















