ប្រមុខការទូតអូស្រ្តាលីអះអាងថា ការហាមឃាត់អ្នកដំណើរមកពីឥណ្ឌា មិនមែនជាទង្វើរើសអើងពូជសាសន៍នោះឡើយ
អូស្រ្តាលី៖ រដ្ឋមន្ត្រីការបរទេសអូស្ត្រាលីលោកស្រី ម៉ារីស ផេន (Marise Payne) បានចេញមុខបដិសេដការចោទប្រកាន់ដែលថា ការសម្រេចចិត្តរបស់រដ្ឋាភិបាលបាលអូស្ត្រាលី ជុំវិញការហាមឃាត់ជាបណ្ដោះអាសន្នលើអ្នកដំណើរមកពីឥណ្ឌាចូលក្នុងប្រទេសអូស្ត្រាលី គឺជាចេតនារើសអើងពូជសាសន៍ ។
ប្រមុខការទូតអូស្រ្តាលីរូបនេះបានសង្កត់ធ្ងន់ថា ការសម្រេចចិត្តបែបនេះ គឺស្ថិតក្នុងគោលបំណងឆ្លើយតបនឹងការកើនឡើងករណីឆ្លងជំងឺកូវីដ១៩ ក្នុងចំណោមពលរដ្ឋអូស្ត្រាលីនៅតាមមណ្ឌលធ្វើចត្តាឡីស័ក បន្ទាប់ពីពួកគេធ្វើដំណើរមកពីឥណ្ឌា ។ ការអះអាងបែបនេះរបស់លោក ម៉ារីស ផេន បានកើតមានឡើងបន្ទាប់ពីរដ្ឋាភិបាលអូស្ត្រាលី កាលពីថ្ងៃសៅរ៍សប្តាហ៍មុនប្រកាសថា អ្នកទាំងឡាយណាដែលមកពីឥណ្ឌាអាចនឹងប្រឈមមុខនូវការពិន័យយ៉ាងធ្ងន់ធ្ងរ ឬ ជាប់ពន្ធនាគាររហូតដល់០៥ឆ្នាំ ប្រសិនបើពួកគេចូលមកក្នុងប្រទេសអូស្រ្តាលី អំឡុងការអនុវត្តបម្រាមធ្វើដំណើរនេះ ។
សូមជម្រាបថា បម្រាមធ្វើដំណើរលើអ្នកដំណើរមកពីឥណ្ឌារបស់ប្រទេសអូស្រ្តាលី បានចាប់ផ្តើមចូលជាធរមាននៅថ្ងៃចន្ទដើមសប្តាហ៍នេះ ហើយអាចនឹងត្រូវពិចារណាឡើងវិញនៅថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២១ខាងមុខនេះ ៕ ប្រភព៖ ស៊ីនហួរ



