បិទបញ្ចប់យុទ្ធនាការចាក់វ៉ាក់សាំង ការពារកូវីដ-១៩ ជូនបុគ្គលិកអប់រំ បុគ្គលិកកិច្ចសន្យា និងបុគ្គលិក ក្នុងជំហានទី១
រាជធានីភ្នំពេញ៖ក្រសួងអប់រំយុវជន និងកីឡានៅថ្ងៃទី៣ខែឧសភាឆ្នាំ ២០២១នេះបានរៀបចំពិធីបិទបញ្ចប់យុទ្ធនាការចាក់វ៉ាក់សាំងការពារកូវីដ-១៩ ជូនបុគ្គលិកអប់រំ បុគ្គលិកកិច្ចសន្យា និងបុគ្គលិកអង្គការដៃគូអភិវឌ្ឍន៍ក្នុងវិស័យអប់រំ ក្នុងជំហានទី១។
ក្នុងពិធីនេះដែរថ្នាក់ដឹកនាំ និងបុគ្គលិកអប់រំនៃក្រសួងអប់រំ យុវជន និងកីឡាបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជាទីបំផុត ជូនចំពោះ សម្តេចតេជោនាយករដ្ឋមន្ត្រី ដែលបានសម្រេចដ៏ខ្ពង់ខ្ពស់ ឱ្យមានយុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ជូនបុគ្គលិកអប់រំនៅទូទាំងប្រទេស។ ការសម្រេចចិត្តជាយុទ្ធសាស្ត្រនេះ ត្រូវបានអង្គការយូណេស្កូផ្តល់ចំណាត់ទី១៧ ដល់ព្រះរាជាណាចក្រកម្ពុជា ក្នុងចំណោមប្រទេសដែលបានផ្តល់អាទិភាពចាក់វ៉ាក់សាំងជូនគ្រូបង្រៀន។
ស្របតាមការសម្រេចចិត្តដ៏ថ្លៃថ្លានេះ ក្រសួងអប់រំ យុវជន និងកីឡាបានសហការយ៉ាងជិតស្និទ្ធ ជាមួយគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស ក្រសួងសុខាភិបាល អាជ្ញាធររាជធានី ខេត្ត សហព័ន្ធសហភាពយុវជនកម្ពុជា សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ និងក្រុមយុវជនស្ម័គ្រចិត្តដទៃទៀត រៀបចំយុទ្ធនាការចាក់វ៉ាក់សាំងជំហានទី ១ ដែលបានចាប់ផ្តើមតាំងពីថ្ងៃទី០១ ខែមេសា ឆ្នាំ២០២១ និងបានបិទបញ្ចប់នៅថ្ងៃនេះ។
ក្រសួងអប់រំបានឱ្យដឹងដែរថា គិតត្រឹមថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២១ ជាលទ្ធផលនៅទូទាំងប្រទេស យុទ្ធនាការជំហានទី១ សម្រេចបានការចាក់វ៉ាក់សាំងទាំង២ដូស ជូនបុគ្គលិកអប់រំ បុគ្គលិកកិច្ចសន្យា ដែលបម្រើការក្នុងអង្គភាពអប់រំនៅថ្នាក់ជាតិ ថ្នាក់ក្រោមជាតិ គ្រឹះស្ថានសិក្សាសាធារណៈនិងឯកជន ព្រមទាំងបុគ្គលិកនៃអង្គការដៃគូអភិវឌ្ឍក្នុងវិស័យអប់រំសរុបចំនួន ១១៦,៥៦៣នាក់ ត្រូវជា ៧៤% នៃចំនួនសរុប ១៥៨,០០០ នាក់។
ដោយឡែក នៅរាជធានីភ្នំពេញ បុគ្គលិកអប់រំបានចាក់វ៉ាក់សាំងទាំង២ដូស ចំនួន ២៤,៨០០ នាក់ និងក្រុមការងារបានជួយចាក់វ៉ាក់សាំង ដូសទី២ ជូនបុគ្គលិកស្ថាប័នផ្សេងៗ ប្រជាជន និងព្រះសង្ឃបាន ចំនួន ៤៥,៤០០នាក់។
ក្រសួងឱ្យដឹងថា ក្នុងយុទ្ធនាការចាក់វ៉ាក់សាំងការពារកូវីដ-១៩ ជំហានទី១ កន្លងមក ទទួលបានការវាយតម្លៃខ្ពស់ពីមជ្ឈដ្ឋានទូទៅ ជាពិសេស លោកគ្រូ អ្នកគ្រូ មន្ត្រីរាជការក្រសួងដទៃ និងប្រជាជនស៊ីវិល ដែលមកទទួលសេវាចាក់វ៉ាក់សាំង ដោយបានកោតសរសើរអំពី ការរៀបចំយន្តការនិងដំណើរការបានល្អ ការគោរពបាននូវគោលការណ៍ប្រតិបត្តិរបស់ក្រសួងសុខាភិបាល ត្រឹមត្រូវល្អ ក្រុមការងារតាមមណ្ឌលវ៉ាក់សាំងនីមួយៗមានភាពរាក់ទាក់ សម្របសម្រួល និងបំពេញការងារប្រកបដោយការយកចិត្តទុកដាក់ខ្ពស់ ។
ជាមួយគ្នានេះ ក្រសួងក៏បានថ្លែងអំណរគុណដោយស្មោះជូនចំពោះ សមាជិកនៃសមាគមគ្រឹះស្ថានឧត្តមសិក្សាកម្ពុជា ក្រុមហ៊ុនឯកជន និងសប្បុរសជនទាំងអស់ ដែលបានចូលរួមឧបត្ថម្ភគាំទ្រជាថវិកា ជាសម្ភារបរិក្ខារអនាម័យ ជាភេសជ្ជៈ និងម្ហូបអាហារ សម្រាប់ផ្គត់ផ្គង់ដល់ក្រុមការងារចាក់វ៉ាក់សាំង ចាប់តាំងពីថ្ងៃដំបូងរហូតដល់ថ្ងៃបញ្ចប់នៃយុទ្ធនាការជំហានទី១នេះ។
ក្រសួងអប់រំបានលើកឡើងដែរថា ការចាក់វ៉ាក់សាំងការពារកូវីដ-១៩ នៅពេលនេះ ជាឱកាសចុងក្រោយដើម្បីការពារខ្លួន សម្រាប់ខ្លួនឯងផ្ទាល់ផង សម្រាប់ការពារក្រុមគ្រួសារផង និងដើម្បីមានឱកាសវិលត្រឡប់ទៅបើកដំណើរការគ្រឹះស្ថានសិក្សាឡើងវិញ សម្រាប់បន្តការសិក្សារបស់សិស្ស និងនិស្សិតរបស់យើង នាពេលខាងមុខ៕ដោយ៖ម៉ាដេប៉ូ