អ្នកឧកញ៉ាបណ្ឌិត ម៉ុង ឬទ្ធី កៀងគរសប្បុរសជនជាង៧០នាក់ បានថវិកាជាង ៣០ម៉ឺនដុល្លារ ដើម្បីជួយពលរដ្ឋខ្វះខាត នៅតំបន់ក្រហម ក្នុងរាជធានីភ្នំពេញ
ភ្នំពេញ៖ ក្រោមការផ្តួចផ្តើមពី អ្នកឧកញ៉ាបណ្ឌិត ម៉ុង ឬទ្ធី សមាជិកសមាជិកព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជានិងលោកជំទាវ បានកៀងគរ អ្នកឧកញ៉ា លោកឧកញ៉ា ប្រមាណជាង៧០នាក់ ដោយប្រមូលថវិកាបានប្រមាណជាង៣០ម៉ឺនដុល្លារសហរដ្ឋអាមេរិកជូនមករដ្ឋបាលរាជធានីភ្នំពេញ ដើម្បីជួយទៅដល់ប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាត នៅតំបន់ក្រហមនៅក្នុងរាជធានីភ្នំពេញ។
ពិធីប្រគល់និងទទួលថវិកាខាងលើនេះបានធ្វើឡើង នៅរសៀលថ្ងៃទី០៣ខែឧសភាឆ្នាំ២០២១នេះ នៅសាលារាជធានីភ្នំពេញ ក្រោមវត្តមាន លោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញនិងលោកអ្នកឧកញ៉ាបណ្ឌិតម៉ុង ឫទ្ធីនិងលោកជំទាវព្រមទាំង អ្នកឧកញ៉ា លោកឧកញ៉ា និងលោកជំទាវប្រមាណ ជាង១០រូបទៀត។
លោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញក្នុងឱកាសនោះបានថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះអ្នកឧកញ៉ាបណ្ឌិត ម៉ុង ឫទ្ធីនិងលោកជំទាវ ព្រមទាំង អ្នកឧកញ៉ា លោកឧកញ៉ាទាំងអស់ ដែលបានបរិច្ចាគនូវថវិកាផ្ទាល់ខ្លួនជូនមករដ្ឋបាលរាជធានីភ្នំពេញ ដើម្បីចែកជូនទៅប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាត ដែលការបិទខ្ទប់ដោយcovid-19 នេះ។ សកម្មភាពនេះ ពិតជាបានរួមចំណែកជាមួយរដ្ឋាភិបាល ដើម្បីជួយទៅដល់ប្រជាពលរដ្ឋ ដែលមានជីវភាពខ្វះខាត ។ នេះជាគំរូដ៏ល្អមួយសម្រាប់កូនចៅជំនាន់ក្រោយទៀត ដើម្បីឱ្យពួកគេបានរៀនសូត្រ ក្នុងការចែករំលែកជួយគ្នាក្នុងពេលដែលជួបនូវការលំបាកបែបនេះ។
លោកឃួង ស្រេងក៏បានបញ្ជាក់ផងដែរថា ៖ថវិកាទាំងនេះ រដ្ឋបាលរាជធានីភ្នំពេញនឹងចាត់ចែងយកទៅទិញស្បៀងអាហារជាបន្ទាន់ ដើម្បីបង្វែរ ដឹកបញ្ជូនទៅចែកជូនប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាតនៅតំបន់បិទខ្ទប់ ក្នុងរាជធានីភ្នំពេញ។ ចំណែកអ្នកឧកញ៉ាបណ្ឌិតម៉ុង ឫទ្ធីក្នុងឱកាសនោះ ដែរក៏បានមានប្រសាសន៍ថា៖ ការកៀងគរ អ្នកឧកញ៉ា លោកឧកញ៉ា លោកជំទាវខាងលើនេះ ជាសកម្មភាព លើកទីមួយហើយ ដែលលោកឧកញ៉ាបានកៀងគរ ដោយបានថវិកាសរុបចំនួនជាង៣០ម៉ឺនដុល្លារសហរដ្ឋអាមេរិក ហើយយកមកប្រគល់ជូនរដ្ឋបាលរាជធានីភ្នំពេញនាពេលនេះ ដើម្បីអោយរដ្ឋបាលរាជធានី ធ្វើការចាត់ចែង ជូនបងប្អូនដែលមានការជីវភាពខ្វះខាតក្នុងដំណាក់កាលជម្ងឺកូវីដ-១៩នេះ ។
អ្នកឧកញ៉ាបណ្ឌិតម៉ុង ឫទ្ធីបានបញ្ជាក់ផងដែរថា ៖ការបង្វែរ ថវិកាប្រមាណជាង៣០ម៉ឺនដុល្លារ ជូនមករដ្ឋបាលរាជធានីភ្នំពេញ គឺដោយសារតែពួកយើងខ្ញុំទាំងអស់គ្នាជឿទុកចិត្តមកលើអាជ្ញាធររាជធានីភ្នំពេញដោយជឿជាក់ថា អំណោយខាងលើនេះ អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ លោកឃួង ស្រេងនឹងធ្វើការចាត់ចែងជូនទៅដល់ដៃបងប្អូនប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាតនៅតំបន់បិទខ្ទប់នេះមិនខាន។
អ្នកឧកញ៉ាម៉ុង ឬទ្ធី បានបញ្ជាក់ទៀតដែរថា ៖ក្រោយពីរួមគ្នា គ្រប់គ្រង ទប់ស្កាត់នូវការរីករាលដាលនៃជំងឺកូវីដ-១៩ បានហើយនោះ អ្នកឧកញ៉ា លោកឧកញ៉ានឹងមានឱកាស បានរកស៊ីឡើងវិញ។ គួរបញ្ជាក់ថា ៖ថវិកាដែលបានប្រគល់ជូនរដ្ឋបាលរាជធានីភ្នំពេញនេះមាន ចំនួន៣០ ២២៥០ដុល្លារ បានមកពីការកៀងគរពីអ្នកឧកញ៉ា លោកឧកញ៉ា លោកជំទាវចំនួន៧៤រូប៕