អភិបាលខណ្ឌចំការមន ថ្លែងថា រាជរដ្ឋាភិបាល សម្រេចបិទបញ្ចប់ ការបិទខ្ទប់រាជធានីភ្នំពេញ និងក្រុង តាខ្មៅ នៅថ្ងៃទី៦ ខែឧសភា ប៉ុន្តែសម្រាប់បន់ ដែលប្រឈមខ្លាំង និងតំបន់ក្រហម នឹងត្រូវ សម្រេចបន្តបិទខ្ទប់ដដែល
ភ្នំពេញ៖ ក្នុងឱកាសបន្តចុះចែកអំណោយដ៏ថ្លៃថ្លា របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន តាមរយៈឯកឧត្តមអភិបាលរាជធានីភ្នំពេញ ជូនដល់បងប្អូនប្រជាពលរដ្ឋដែលជីវភាពខ្វះខាត ចំនួន ០២សង្កាត់រួមមាន៖ សង្កាត់ទួលទំពូងទី១ ចំនួន ១១៦គ្រួសារ, សង្កាត់បឹងត្របែក ចំនួន ៧៧គ្រួសារ សរុបចំនួន ១៩៣គ្រួសារ នៅព្រឹកថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២១ ដោយមានការ ចូលរួមពីលោក ព្រុំ សំខាន់ ប្រធានក្រុមប្រឹក្សាខណ្ឌចំការមន, លោកស្រីអភិបាលរងខណ្ឌ និងមន្ត្រីខណ្ឌ-សង្កាត់មួយ ចំនួនទៀត លោក ថេង សុថុល អភិបាលខណ្ឌ បានលើកឡើងថា ការបិទខ្ទប់រាជធានីភ្នំពេញ និងក្រុងតាខ្មៅ នឹងត្រូវ រាជរដ្ឋាភិបាលសម្រេចបិទបញ្ចប់ នៅម៉ោង ០០ ថ្ងៃទី៦ ខែឧសភា ហើយការសម្រេចបិទបញ្ចប់ការបិទខ្ទប់នេះ បាន អនុញ្ញាតឱ្យពលរដ្ឋទូទៅ អាចចេញចូល-ឆ្លងកាត់រាជធានីភ្នំពេញ និងក្រុងតាខ្មៅបាន ដែលនេះ គឺជាដំណឹងដ៏ល្អមួយ សម្រាប់ប្រជាពលរដ្ឋ ជាពិសេស នៅរាជធានីភ្នំពេញ និងក្រុងតាខ្មៅ ប៉ុន្តែសម្រាប់តំបន់ដែលប្រឈមខ្លាំង និងតំបន់ ក្រហម នឹងត្រូវអាជ្ញាធរ សម្រេចបន្តបិទខ្ទប់ដដែល ហើយចំពោះការផ្តល់ជូនស្បៀងអាហារជូនប្រជាពលរដ្ឋនេះ គឺធ្វើ ឡើងសម្រាប់ប្រជាពលរដ្ឋគ្រប់រូប ដោយមិនប្រកាន់និន្នាការនយោបាយ និងមិនរំលងពលរដ្ឋណាម្នាក់ឡើយ។
លោកអភិបាលខណ្ឌ បានបន្តថា ទោះបីជាយ៉ាងណា ការសម្រេចបញ្ចប់ការបិទខ្ទប់នេះ គឺដើម្បីសម្រួលការធ្វើដំណើរ និងអនុញ្ញាតឱ្យពលរដ្ឋអាចចាប់ផ្តើមប្រកបអាជីវកម្មមួយចំនួនឡើងវិញ តែមិនមែនមានន័យថា ជំងឺកូវវីដ-១៩ លែង មាន ហើយបងប្អូនភ្លេចខ្លួន មិនគិតពីការឆ្លងនៃជំងឺកូវីដ-១៩ នោះឡើយ។ ផ្ទុយទៅវិញ សូមបងប្អូនប្រជាពលរដ្ឋគិត និងចងចាំថា ការសម្រេចបញ្ចប់ការបិទខ្ទប់នេះ គឺជាការផ្តល់នូវទំនុកចិត្ត និងផ្តល់ការទទួលខុសត្រូវ ដល់បងប្អូនប្រជា ពលរដ្ឋទាំងអស់គ្នា ក្នុងការការពារខ្លួនពីការឆ្លងជំងឺកូវីដ-១៩ និងត្រូវប្រកាន់ខ្ជាប់នូវវិធានការ ៣កុំ និង៣ការពារ ឱ្យបាន ខ្ជាប់ខ្ជួបបំផុត។ ដូច្នេះប្រសិនបើបងប្អូនប្រជាពលរដ្ឋទាំងអស់គ្នា មិនចូលរួមសហការ និងអនុវត្តវិធានការទាំងរដ្ឋបាល និងវិធានការសុខាភិបាលទេនោះ ហានិភ័យចំពោះសុខភាពរបស់បងប្អូនប្រជាពលរដ្ឋនៅតែខ្ពស់ ហើយបងប្អូន នឹង ប្រឈមមុខខ្ពស់ក្នុងការឆ្លងជំងឺនេះ ។
ទន្ទឹមនេះ លោក ថេង សុថុល បានសង្កត់ធ្ងន់ថា សូមកុំបំពាន កុំប្រមាថ និងកុំធ្វេសប្រហែស សូម្បីតែមួយវិនាទីណាឱ្យ សោះ ព្រោះបច្ចុប្បន្ននេះ វីរ៉ុសកូវីដ-១៩ បាននិងកំពុងចរាចរណ៍ស្ទើរគ្រប់ទីកន្លែង។ ដូច្នេះការប្រកាន់ខ្ជាប់នូវវិធានការ សុខាភិបាល និងគោរពវិធានការរដ្ឋបាល តាមការដាក់ចុះរបស់អាជ្ញាធរមានសមត្ថកិច្ច គឺជាការចាំបាច់បំផុត ដើម្បី ប្រយុទ្ធប្រឆាំង និងទប់ស្កាត់ការឆ្លងជំងឺកូវីដ-១៩។ ប្រសិនបើមិនចង់ឱ្យមានការបិទខ្ទប់រាជធានី និងក្រុងតាខ្មៅទាំងមូល ចាំបាច់ពលរដ្ឋទាំងអស់គ្នា ត្រូវតែចូលរួមអនុវត្តគ្រប់វិធានការដាក់ចុះដោយរាជរដ្ឋាភិបាល ដែលមានគោលដៅចម្បង គឺ ការពារអាយុជីវិតប្រជាពលរដ្ឋ ។
ដោយមើលឃើញតំបន់នេះ មានផ្ទះច្រើនជាប់ៗគ្នា ហើយផ្លូវមានលក្ខណៈតូចចង្អៀត ហើយក្នុងពេលនេះ ជារដូវក្ដៅ ផងនោះ លោក ថេង សុថុល ក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ មេត្តាប្រុងប្រយ័ត្ន ចំពោះគ្រោះអគ្គិភ័យ ដែលអាចកើតឡើងបណ្ដាលមកពីភ្លើងចង្ក្រាន ធូប ទៀន ជាពិសេស បញ្ហាអគ្គីសនី ដោយធ្វើយ៉ាងណា ពិនិត្យឱ្យបាន ម៉ត់ចត់ កុំមានការធ្វែសប្រហេសឱ្យសោះ ។ បើតាមលោកនាយករដ្ឋបាលខណ្ឌ បានបញ្ជាក់ថា អំណោយដែលចែកជូន ក្នុង០១គ្រួសារ ទទួលបាន៖ អង្ករ, មី, ត្រីខ, ទឹកត្រី, ទឹកស៊ីអ៊ីវ ៕ ដោយប៊ុនធី និងវណ្ណលុក

















