ត្រឹម៤ខែដើមឆ្នាំនេះ ទំហំពាណិជ្ជកម្មចិនមានជិត២ទ្រីលានដុល្លារ កើនជាង២៨ភាគរយ

ទំហំពាណិជ្ជកម្ម ឬ ការនាំចេញនាំចូលរបស់ចិន រយៈពេល ៤ ខែដំបូងដើមឆ្នាំ២០២១ បានកើនឡើង ២៨,៥ ភាគរយបើប្រៀបធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំមុន កើនឡើងខណៈសេដ្ឋកិច្ចពិភពលោកផ្តើមងើបវិញបណ្តើរៗ និងតម្រូវការសេវាកម្មនិងផលិតផលកើនឡើងខ្លាំងក្លាដែរ នេះបើតាមទីភ្នាក់ងារសារព័ត៌មានស៊ីនហួរ នាថ្ងៃទី៧ ឧសភា ២០២១នេះ។

ប្រភពបន្តថា ដំណើរការផលិតនៅចិនកំពុងវិវឌ្ឍន៍ល្អប្រសើរ ហើយការនាំចូលក៏ដូច្នោះដែរ។

អគ្គនាយកដ្ឋានគយចិនបានចេញផ្សាយទិន្នន័យស្ថិតិនៅថ្ងៃទី៧ ខែឧសភាថា នៅ៤ ខែដំបូងដើមឆ្នាំ២០២១នេះ ប្រទេសចិនបាននាំចេញនាំចូលទំនិញពាណិជ្ជកម្មសរុប១១,៦២ ទ្រីលានយាន់ ឬ ១.៨ទ្រីលានដុល្លារអាមេរិក ដែលបានកើនឡើង ២៨,៥ ភាគរយបើប្រៀបធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំមុន ព្រមនិងបានកើនឡើង ២១,៨ ភាគរយបើប្រៀបធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំ២០១៩។ ក្នុងនោះ ការនាំចេញមានទំហំ ៦,៣២ ទី្រលានយាន់ ដែលបានកើនឡើង ៣៣,៨ ភាគរយបើប្រៀបធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំមុន ព្រមនិងបានកើនឡើង ២៤,៨ ភាគរយបើប្រៀបធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំ២០១៩។

ចំណែកការនាំចូលមានទំហំ ៥,៣ ទ្រីលានយាន់ ដែលបានកើនឡើង ២២,៧ ភាគរយបើប្រៀបធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំមុន និងបានកើនឡើង ១៨,៤ ភាគរយបើប្រៀបធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំ២០១៩៕

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner