ពលរដ្ឋនៅតាមបន្ទប់ជួលក្នុងសង្កាត់ផ្សារដើមថ្កូវចំនួន ៤០១គ្រួសារ បានទទួលអំណោយសម្តេចតេជោ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត តាមរយៈរដ្ឋបាលខណ្ឌចំការមន

អត្ថបទដោយ៖
ធី ដា

ភ្នំពេញ ៖ ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ស្នាក់នៅតាមបន្ទប់ជួល ស្ថិតក្នុងសង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន ចំនួន ៤០១គ្រួសារ បានទទួលស្បៀងអាហារដែលជាអំណោយរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងសម្តេច កិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន តាមរយៈឯកឧត្តមអភិបាលរាជធានីភ្នំពេញ នៅថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២១ ក្រោមវត្តមានលោក ថេង សុថុល អភិបាលខណ្ឌចំការមន និងលោក ព្រុំ សំខាន់ ប្រធានក្រុមប្រឹក្សាខណ្ឌ, លោក លោកស្រីអភិបាលរងខណ្ឌ, លោកនាយករដ្ឋបាលខណ្ឌ, លោកចៅសង្កាត់ និងមន្ត្រីខណ្ឌ-សង្កាត់មួយចំនួនទៀត ដែល ការផ្តល់ស្បៀងអាហារនេះ បានចែកជូនដល់ប្រជាពលរដ្ឋគ្រប់រូប ដោយមិនប្រកាន់និន្នាការនយោបាយ និងមិនរំលង ពលរដ្ឋណាម្នាក់ឡើយ ។

ក្នុងឱកាសនេះ លោក ថេង សុថុល បាននាំមកនូវការផ្ដាំផ្ញើសួរសុខទុក្ខពីសម្ដេចទាំងទ្វេរ ជូនបងប្អូនប្រជាពលរដ្ឋ និង បានចាត់ឱ្យមន្ត្រីនៅមូលដ្ឋាន យកចិត្តទុកដាក់ចំពោះសុខទុក្ខ ក៏ដូចជាការលំបាករបស់បងប្អូន ដោយមិនទុកឲ្យពលរដ្ឋ ណាម្នាក់ស្លាប់ ឬរងទុក្ខវេទនា ដោយសារអត់បាយនោះទេ ។ ដោយសារបច្ចុប្បន្ននេះ វីរ៉ុសកូវីដ-១៩ បានកំពុងចរាចរ ស្ទើរគ្រប់ទីកន្លែង លោកអភិបាលខណ្ឌ ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋ នូវការចូលរួមសហការជាមួយអាជ្ញាធរ ក្នុងគ្រា លំបាកនេះ និងស្នើដល់ប្រជាពលរដ្ឋរក្សាការអត់ធ្មត់ និងសូមកុំបំពាន កុំប្រមាថ និងកុំធ្វេសប្រហែសឱ្យសោះ ។

លោក ថេង សុថុល បានលើកឡើងទៀតថា ទោះបីជាការបិទខ្ទប់រាជធានីភ្នំពេញ និងក្រុងតាខ្មៅ ត្រូវបានបិទបញ្ចប់ ក៏ពិតមែន ប៉ុន្តែសម្រាប់តំបន់ដែលប្រឈមខ្លាំង និងតំបន់ក្រហម អាជ្ញាធរ នៅតែបន្តបិទខ្ទប់ដដែល ហើយការសម្រេច បញ្ចប់ការបិទខ្ទប់នេះ មិនមែនមានន័យថា ជំងឺកូវវីដ-១៩ លែងមាន ហើយបងប្អូនភ្លេចខ្លួន មិនគិតពីការឆ្លងជំងឺកូវីដ១៩ នោះឡើយ។ ដូច្នេះ ការប្រកាន់ខ្ជាប់នូវវិធានការសុខាភិបាល និងគោរពវិធានការរដ្ឋបាល តាមការដាក់ចុះរបស់អាជ្ញាធរ មានសមត្ថកិច្ច គឺជាការចាំបាច់បំផុត ដើម្បីប្រយុទ្ធប្រឆាំង និងទប់ស្កាត់ការឆ្លងជំងឺកូវីដ-១៩ ដែលគោលដៅចម្បង គឺ ការពារអាយុជីវិតរបស់ប្រជាពលរដ្ឋ ។

ទន្ទឹមនេះ ដោយមើលឃើញតំបន់នេះ មានផ្ទះច្រើនជាប់ៗគ្នា ហើយផ្លូវមានលក្ខណៈតូចចង្អៀតផងនោះ លោកអភិបាលខណ្ឌ ក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ មេត្តាប្រុងប្រយ័ត្នចំពោះ គ្រោះអគ្គិភ័យ ដែលអាចកើតឡើងបណ្ដាលមកពីភ្លើងចង្ក្រាន ធូប ទៀន ជាពិសេស បញ្ហាអគ្គីសនី ដោយធ្វើយ៉ាងណា ពិនិត្យឱ្យបានម៉ត់ចត់ កុំមានការធ្វែសប្រហេសឱ្យសោះ ។

បើតាមលោកនាយករដ្ឋបាលខណ្ឌ បានបញ្ជាក់ថា អំណោយដែលចែកជូន ក្នុង០១គ្រួសារ ទទួលបាន៖ អង្ករ ១បាវ ទំងន់២៥គីឡូក្រាម, មី ១កេស, ត្រីខ ១យួរ និងទឹកត្រី ១យួរ ៕ ដោយប៊ុនធី និងវណ្ណលុក

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner