អ្នកជំនាញកំពូលផ្នែកជំងឺឆ្លងអាមេរិកបញ្ជាក់ថា សហរដ្ឋអាមេរិកមានចំនួនអ្នកស្លាប់ដោយសារ Covid-19 ច្រើនជាងតួលេខដែលបានអោយដឹងជាផ្លូវការ
អាមេរិក៖ អ្នកជំនាញកំពូលផ្នែកជំងឺឆ្លងអាមេរិក លោកវេជ្ជបណ្ឌិត អាន់តូនី ហ្វូស៊ី នៅថ្ងៃអាទិត្យម្សិលមិញ បានគូសបញ្ជាក់ថា សហរដ្ឋអាមេរិកមានចំនួនអ្នកស្លាប់ ដោយសារជំងឺ Covid-19 ច្រើនជាងតួលេខ ដែលបានរាយការណ៍ជាផ្លូវការ ។
នាយកវិទ្យាស្ថានជាតិអាឡែហ្ស៊ី និងជំងឺឆ្លង ព្រមទាំងជាប្រធានទីប្រឹក្សាវេជ្ជសាស្ត្រសេតវិមានរូបនេះ បានចង្អុលបង្ហាញតាមការវិភាគមួយកាលពីពេលថ្មីៗនេះ ដោយវិទ្យាស្ថានវាស់វែង និងវាយតម្លៃសុខភាពរបស់សាកលវិទ្យាល័យវ៉ាស៊ីនតោន (IHME) បានបង្ហាញថា ចំនួនអ្នកស្លាប់ដោយសារវីរុសដ៏កាចសាហាវមួយនេះអាចមានប្រហែល៩០ម៉ឺននាក់ ។
យោងតាមទិន្នន័យដែលត្រូវបានចងក្រងដោយសាកលវិទ្យាល័យ ចន ហប់ឃីនស៍ (Johns Hopkins) បានឲ្យដឹងថា មានមនុស្សជាង៥៨ម៉ឺន១ពាន់៧រយនាក់បានស្លាប់ ដោយសារជំងឺ Covid-19 នៅសហរដ្ឋអាមេរិក ។ កាលពីខែមុន លោកវេជបណ្ឌិត ហ្វូស៊ី ក៏បានព្រមានដែរថា សហរដ្ឋអាមេរិកកំពុងតែកើនឡើងនូវករណីជំងឺ Covid-19 ផ្សេងទៀត ដោយបានលោកបញ្ជាក់ថា វាជាការខុសឆ្គងសម្រាប់ពលរដ្ឋអាមេរិក ក្នុងការបន្ធូរបន្ថយការពាក់ម៉ាស និងគម្លាតសង្គម ៕ ប្រភព៖ ស៊ីនហួរ



