អភិបាលរាជធានី ប្រគល់ថ្នាំវីតាមីន C ជាង ២០០០ទីប និងផ្តល់ស្បៀងអាហារមួយចំនួន ជូនមន្ទីរសុខាភិបាល និងមន្ទីរសង្គមកិច្ច ដើម្បីជួយពលរដ្ឋមានជំងឺកូវីដ-១៩

អត្ថបទដោយ៖
ធី ដា

ភ្នំពេញ៖ អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញលោក ឃួង ស្រេង បានប្រគល់ ថ្នាំវីតាមីនសេ (C) ជាង២០០០ទីប ជូនដល់មន្ទីរសុខាភិបាលរាជធានីភ្នំពេញ និងមន្ទីរសង្គមកិច្ច អតីតយុវជន និងយុវនីតិសម្បទារាជធានីភ្នំពេញ ដើម្បីយកទៅជួយលើការងារ ព្យាបាលជំងឺកូវីដ-១៩ ខណៈដែល មានប្រជាពលរដ្ឋជាង ១ម៉ឺននាក់ហើយ បានឆ្លងរាលដាលនូវជំងឺកូវីដ-១៩នេះ ។

ពិធីប្រគល់និងទទួលថ្នាំពេទ្យនេះបានធ្វើឡើងនារសៀលថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២១នេះ នៅសាលារាជធានីភ្នំពេញ ក្រោមវត្តមានលោកឃួង ស្រេងអភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញលោកងី មានហេង ប្រធានមន្ទីរសុខាភិបាលរាជធានីភ្នំពេញ និងលោកស្រីមុំ ចាន់ដានីប្រធានមន្ទីរសង្គមកិច្ចអតីតយុវជន និងយុវនីតិសម្បទារាជធានីភ្នំពេញ។

លោក ឃួង ស្រេង នៅក្នុងឱកាសនោះបានធ្វើការណែនាំឱ្យមន្ទីរសុខាភិបាលរាជធានីភ្នំពេញ យកចិត្តទុកដាក់មើលថែទាំអ្នកជំងឺ និងឱ្យថ្នាំព្យាបាលទៅតាមវេជ្ជបញ្ជារបស់សុខាភិបាលឲ្យបានត្រឹមត្រូវ។ បន្ថែមពីលើនេះទៀតលោក ឃួង ស្រេង ក៏បានធ្វើការណែនាំអោយ ប្រធានមន្ទីរសង្គមកិច្ចអតីតយុវជន និងយុវនីតិសម្បទារាជធានីភ្នំពេញ ត្រូវយកចិត្តទុកដាក់មើលថែទាំ បងប្អូនជនពិការភាព ដែលរស់នៅក្រោមការគ្រប់គ្រងរបស់មន្ទីរសង្គមកិច្ចឱ្យបានល្អជាមួយ និងការផ្តល់ស្បៀងអាហារជូនពួកគាត់ផងដែរ។

លោក ងី មានហេង បានបញ្ជាក់ផងដែរថា ៖ ថ្នាំប្រភេទវីតាមីន C ដែលសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្ដេចគតិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែនប្រគល់ជូនមន្ទីរសុខាភិបាលនៅពេលនេះ ពិតជាថ្នាំដែលមានសារសំខាន់ដោយជួយធ្វើឱ្យអ្នកជម្ងឺកូវីដ-១៩ មានកម្លាំងកំហែងនិងបានឆាប់ជាសះស្បើយជាមួយនឹងការបំប៉ននូវចំណីអាហារ ដែលមានដូចជាស្វាយខ្ចីនិងក្រូចឆ្មារជាដើម ដែលជួយឲ្យអ្នកជំងឺអាចបានឆាប់ជាសះស្បើយពីជម្ងឺកូវីដ-១៩បានរហ័ស។

អំណោយដ៏ថ្លៃថ្លារបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលបានប្រគល់ជូនមន្ទីរសុខាភិបាលរាជធានីភ្នំពេញរួមមាន ថ្នាំវិតាមីន C ចំនួន ១.៩០០ទីប ។ ប្រគល់ជូនមន្ទីសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទារាជធានីភ្នំពេញ ថ្នាំវិតាមីន C ចំនួន ៥០០ទីប មី ចំនួន ១០កេសធំ និងផ្ដល់ជូនជនពិការភាព ចំនួន ១៣៥នាក់ ក្នុងមួយម្នាក់ៗទទួលបាន អង្ករ ចំនួន២៥គីឡូក្រាម មី មួយកេសតូច និងត្រីខ១០កំប៉ុង៕

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner