រដ្ឋបាលខេត្តបាត់ដំបង បានរៀបចំនូវ ទីតាំងអគារមហោស្រពស្ទឹងសង្កែ ក្រុងបាត់ដំបង ដើម្បីធ្វើជាកន្លែងព្យាបាល អ្នកជម្ងឺកូវីដ-19
ឯកឧត្តម ងួន រតនៈ អភិបាលខេត្តបាត់ដំបងនិងជាប្រធានគណៈកម្មាធិការប្រយុទ្ធប្រឆាំងជម្ងឺកូវីដ-19ខេត្ត បានចុះត្រួតពិនិត្យមើលទីតាំងថ្មីដើម្បីត្រៀមនិងរៀបចំបម្រុងទុកជាមុននូវកន្លែងដាក់អ្នកជម្ងឺនិងព្យាបាលអ្នកជម្ងឺកូវីដ-19បន្ថែមទៀត។ដោយគ្រោងរៀបចំគ្រែ សំរាប់ព្យាបាលអ្នកជម្ងឺ ចំនួន១៥០គ្រែ ស្ថិតក្នុងអគារសាលមហោស្រពស្ទឹងសង្កែ ក្រុង-ខេត្តបាត់ដំបង នៅថ្ងៃទី១១ខែឧសភាឆ្នាំ២០២១នេះដោយមានការចូលរួមពីថ្នាក់ដឹកនាំនៃមន្ទីរសុខាភិបាលខេត្ត លោកអភិបាលក្រុងបាត់ដំបង និងមន្ត្រីពាក់ព័ន្ធសំខាន់ៗមួយចំនួនទៀត។
ការគ្រោងរៀបចំពង្រីកកន្លែងព្យាបាលអ្នកជំងឺកូវីដ-19បន្ថែមទៀតនេះ គឺខណៈដែលកន្លែងព្យាបាលនៅក្នុងមន្ទីរពេទ្យបង្អែកខេត្ត បានពេញអស់ និងមិនមានបន្ទប់-គ្រែនៅសល់សម្រាប់ទទួលការព្យាបាលអ្នកជម្ងឺបន្ថែមទៀតបាន។ទើបរដ្ឋបាលខេត្តបាត់ដំបង បានត្រៀមទុកជាមុនក្នុងការពង្រីកនូវទីតាំងថ្មីបន្ថែមនៅទីនេះ សម្រាប់ព្យាបាលអ្នកជម្ងឺកូវីដ-19។ខណៈដែលមន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តបាត់ដំបង នៅតែបន្តរកឃើញជាបន្តបន្ទាប់ពីករណីឆ្លងនិងធ្វើតេស្តវត្ថុសំណាករកមេរោគកូវីដ-19 (វិជ្ជមាន)ទៅលើពលករដែលទើបវិលត្រឡប់ពីប្រទេសថៃ និងអ្នកពាក់ព័ន្ធ ជាមួយព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ ដែលបានវិលត្រឡប់ពីរាជធានីភ្នំពេញចូលមកស្រុកកំណើតខ្លួនវិញ ជិត៣០នាក់រួចមកហើយដែលបាននិងបញ្ជូនឲ្យទៅព្យាបាលនៅក្នុងមន្ទីរពេទ្យបង្អែកខេត្ត។
សូមបញ្ជាក់ថា៖ កន្លងមកនេះ រដ្ឋបាលខេត្តបាត់ដំបងបានទទួលទុកដាក់ធ្វើការព្យាលអ្នកជម្ងឺកូវីដ-19 នៅក្នុងខេត្តកន្លងមកនេះ គឺខេត្តមានតែមួយកន្លែង ដែលស្ថិតនៅក្នុងមន្ទីរពេទ្យបង្អែកខេត្តតែប៉ុណ្ណោះ។ ក្នុងខណៈពេលដែលលំហូរពលករមកពីប្រទេសថៃ នៅតែបន្តកើតមាននិងកំពុងតែដាក់ឲ្យធ្វើចត្តាឡីស័កនៅតាមមណ្ឌលនានានៅក្នុងស្រុក-ក្រុងទាំង១៤ របស់ខេត្ត គិតត្រឹមថ្ងៃទី១០ខែឧសភាឆ្នាំ២០២១នេះសរុប១.៦៦៨នាក់។ហើយចាប់តាំងពីមានការផ្ទុះកើតឡើងនូវជម្ងឺកូវីដ-19 ជាសកលជាងមួយឆ្នាំមកនេះ។មន្ទីរពេទ្យបង្អែកខេត្តបាត់ដំបង បាន និង កំពុង តែធ្វើការព្យាបាលអ្នកជម្ងឺកូវីដ-19 សរុបចំនួន ៥៧នាក់។ព្យាបាលឲ្យជាសះស្បើយ ចំនួន ២៩នាក់ និងកំពុងតែសំរាកព្យាលជម្ងឺ សរុបចំនួន ២៨នាក់។ នេះបើយោងតាមរបាយការណ៍រដ្ឋបាលខេត្តបាត់ដំបង កន្លងមក។
ដោយឡែកលោកឱសថបណ្ឌិត វឿង ប៊ុនរ៉េត ប្រធានមន្ទីរសុខាភិបាលខេត្តបាត់ដំបង ក៏បានគូសបញ្ចាក់ឲ្យដឹងក្នុងផេកហ្វេសប៊ុកផ្លូវការរបស់ខ្លួនថា៖បច្ចុប្បន្ននេះ រដ្ឋបាលខេត្ត រួមទាំងមន្ទីរជំនាញ ព្រមទាំងសមត្ថកិច្ចពាក់ព័ន្ធកំពុងតែពិភាក្សារៀបចំកន្លែងព្យាបាលអ្នកជំងឺកូវីដ-19បន្ថែមទៀតដោយសម្រេចពង្រីកនៅតាមមន្ទីរពេទ្យបង្អែកស្រុកប្រតិបត្តិមួយចំនួនបន្ថែមទៀត ដូចជា៖មន្ទីរពេទ្យបង្អែកស្រុកបវេល និងសំពៅលូន ជាដើម។
ទាក់ទិន និងការត្រៀមរៀបចំនិងពង្រីកទីតាំងកន្លែងថ្មី សម្រាប់ធ្វើការព្យាបាលអ្នកជម្ងឺកូវីដ-19 នៅទីតាំងដែលបាននិងកំពុងរៀបចំថ្មីនេះ ឯកឧត្តម សឿម ប៊ុនរិទ្ធិ អភិបាលរងខេត្ត និងជាអ្នកនាំពាក្យនៃរដ្ឋបាលខេត្តបាត់ដំបង បានគូសបញ្ជាក់នៅរសៀល ថ្ងៃទី១១ខែឧសភានេះថា៖ ដោយសារតែកំណើនករណីអ្នកឆ្លងកូវីដ-19 កំពុងតែសំរាកព្យាបាលនៅក្នុងមន្ទីរពេទ្យបង្អែកខេត្ត កាន់តែកើនឡើងជាបន្តបន្ទាប់។ហើយអ្នកជំងឺផ្សេងៗទៀតក៏ច្រើនផងនោះ។ ដូចនេះមន្ទីរពេទ្យបង្អែកខេត្តមិនអាចទទួលអ្នកជំងឺកូវីដ-19 ឲ្យមកសម្រាកព្យាបាលនៅទីនោះ បន្ថែមទៀតនោះទេ។
ឯកឧត្តមអ្នកនាំពាក្យនៃរដ្ឋបាលខេត្តបាត់ដំបងក៏បានគូសបញ្ជាក់ឲ្យដឹងបន្ថែមទៀតថា៖ ការយកទីតាំងអគារសាលមហោស្រពស្ទឹងសង្កែដើម្បីពង្រីកបន្ថែមសំរាប់ធ្វើការព្យាបាលអ្នកជម្ងឺកូវីដ-19 ឲ្យមកសម្រាកព្យាបាល ចំនួន ១៥០គ្រែ ដោយក្នុងនោះនៅអគារធំ រៀបចំគ្រែចំនួន១០០សម្រាប់អ្នកជម្ងឺស្រាលៗ និង ៥០គ្រែ នៅក្នុងអគារA សម្រាប់ធ្វើការព្យាបាលករណីអ្នកជម្ងឺ ដែលមាន”ការវិវត្តន៍ជម្ងឺ” របស់ខ្លួន៕ ( អត្ថបទ-រូបភាព៖ អ៊ុក សំអាន បប )












