មេរោគបម្លែងថ្មី មកពីប្រទេសឥណ្ឌា បានរកឃើញលើអ្នកដំណើរចូលមកកម្ពុជា តែត្រូវបានព្យាបាលសះស្បើយហើយ

អត្ថបទដោយ៖
ធី ដា

រាជធានីភ្នំពេញ ៖លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាលបានប្រាប់បណ្តាញសារព័ត៌មានឱ្យដឹងថា ប្រភេទ មេរោគបម្លែងថ្មីដែលកាចសាហាវ ហើយសម្លាប់មនុស្សអស់ជាច្រើននៅ ប្រទេសឥណ្ឌា ត្រូវបានរកឃើញនៅក្នុងប្រទេសកម្ពុជាកាលពីមុននេះប៉ុន្តែពេលនេះអ្នកជំងឺបានព្យាបាលជាសះស្បើយហើយ។

ពាក់ព័ន្ធក្នុងរឿងនេះ លោកស្រី វេជ្ជបណ្ឌិត បានថ្លែងថាកម្ពុជាយើងបានរកឃើញវីរុសកូវីដ-១៩បម្លែងថ្មីមានប្រភពមកពីប្រទេសឥណ្ឌានិងអង់គ្លេស ប៉ុន្តែតាំងតែពីខែមុនមកម្ល៉េះ ហើយអ្នកជំងឺក៏ត្រូវបានព្យាបាលឱ្យជាសះស្បើយរួចហើយផងដែរ។

លោកស្រីវេជ្ជបណ្ឌិតឱ វណ្ណឌីនបានមានប្រសាសន៍ឱ្យដឹងបន្ថែមថា មេរោគប្រភេទថ្មីមកពីប្រទេសឥណ្ឌា( B1617)បានកើតមកលើជនជាតិបរទេសដែលបានធ្វើដំណើរមកកាន់ប្រទេសកម្ពុជាកាលពីអំឡុងខែកុម្ភៈពោលគឺក្នុងអំឡុងផ្ទុះនៃព្រឹត្តិការណ៍ ២០ ខែកុម្ភៈប៉ុន្តែអ្នកជំងឺរូបនោះត្រូវបានព្យាបាលឱ្យជាសះស្បើយ។ដោយឡែកសម្រាប់មេរោគកូវីដ-១៩មកពីប្រទេសអង់គ្លេសក៏ត្រូវបានរកឃើញដូចគ្នានៅកម្ពុជាតាមរយៈជនបរទេសធ្វើដំណើរមកកម្ពុជា។

គួរបញ្ជាក់ដែរថា ប្រភេទមេរោគជំងឺកូវីដ-១៩បម្លែងថ្មីដ៏កាចសាហាវបានសម្លាប់ជនជាតិឥណ្ឌារាប់ម៉ឺននាក់និងមានមនុស្សជាង២០លាននាក់បានឆ្លងជំងឺកនេះ។ ដោយឡែកអង្គការសុខភាពពិភពលោក (WHO) បានចេញសេចក្តីថ្លែងការណ៍ដែរថា ការផ្ទុះនៃ វីរុសបម្លែងខ្លួនប្រភេទ B.1.517 នៅក្នុងប្រទេសឥណ្ឌាកំពុងរីករាលដាល់ ឆ្លងកាន់តែខ្លាំងនិងវាហាក់មានភាពធន់នឹងខែលការពាររបស់វ៉ាក់សាំងទៀតផង៕

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner