នាយករដ្ឋមន្រ្តីឥណ្ឌាសម្រេចមិនទៅចូលរួមកិច្ចប្រជុំកំពូល G7 ព្រោះកូវីដ
លោក ម៉ូឌី នាយករដ្ឋមន្រ្តីឥណ្ឌាបានសម្រេចចិត្តមិនចូលរួមកិច្ចប្រជុំកំពូលប្រទេសG7នៅអង់គ្លេសនោះទេ ខណៈការរីករាលដាលនៃជំងឺកូវីដ១៩បានបន្តអូសបន្លាយនៅឥណ្ឌា ដែលមានចំនួនករណីឆ្លងជំងឺក្នុងរយៈពេល៧ថ្ងៃកន្លងទៅគិតជាមធ្យមបានបំបែកកំណត់ត្រាថ្មីក្នុងប្រវត្តិសាស្រ្តម្តងទៀត។
ដោយគិតពិចារណាដល់សភាពរីករាលដាលនៃជំងឺឆ្លងដ៏តានតឹង បានជាលោកម៉ូឌីនាយករដ្ឋមន្រ្តីឥណ្ឌាសម្រេចចិត្តមិនទៅចូលរួមដោយផ្ទាល់នូវកិច្ចប្រជុំកំពូលប្រទេសG7ដែលនឹងបើកធ្វើនៅអង់គ្លេសនៅខែមិថុនាខាងមុខនោះទេ។
អាជ្ញាធរសុខាភិបាលឥណ្ឌាបានថ្លែងកាលពីថ្ងៃទី១១ខែឧសភាថា ករណីឆ្លងថ្មីក្នុងមួយថ្ងៃរបស់ឥណ្ឌាមានចំនួន៣២ម៉ឺន៩ពាន់៩រយ៤២នាក់ ករណីស្លាប់គឺ៣៨៧៦នាក់ ហើយករណីឆ្លងសរុបលើសពី២២លាន៩សែន៩ម៉ឺននាក់ និងករណីស្លាប់សរុបជិត២៥ម៉ឺននាក់។
អង្គការសុខភាពពិភពលោកក៏បានចេញសារព្រមានដោយចាត់ទុកវីរុសបម្លែងថ្មីដែលបានរកឃើញនៅឥណ្ឌាជាបញ្ហាត្រូវយកចិត្តទុកដាក់ជាសកល ៕