សាខាកាកបាទក្រហមកម្ពុជាខេត្តប់ប៉ៃលិន នាំយកស្បៀងសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ចែកជូនប្រជាពលរដ្ឋខ្វះខាតចំនួន២៧គ្រួសារ

លោកជំទាវ បាន ស្រីមុំ អភិបាលនៃគណៈអភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តប៉ៃលិន និង ឯកឧត្តម សៅ សារ៉ាត់ អ្នកតំណាងរាស្ត្រមណ្ឌលប៉ៃលិន ព្រមទាំងក្រុមការងារ នៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២១ បានអញ្ជើញចុះសាកសួរសុខទុក្ខ និងបាននាំយកអំណោយមនុស្សធម៌ ចែកជូនក្រុមគ្រួសារ ដែលមានជីវភាពខ្វះខាតចំនួន២៧គ្រួសារ នៅក្នុងឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ខណៈជំងឺកូវីដ១៩ កំពុងវាយប្រហារ។
ក្នុងឱកាសនោះ លោកជំទាវ បាន ស្រីមុំ បានលើកឡើងពីការផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាលសម្ដេចតែងតែគិតគូរពីសុខទុក្ខបងប្អូនប្រជាពលរដ្ឋជួបទុក្ខលំបាក ជនរងគ្រោះនិងជនងាយរងគ្រោះ ដោយមិនប្រកាន់រើសអើងពូជសាសន៍ ពណ៌សម្បុរ ឬនិន្នាការនយោបាយអ្វីឡើយ។

ជាមួយគ្នានេះ លោកជំទាវ បានណែនាំឲ្យបងប្អូនប្រជាពលរដ្ឋរក្សាអនាម័យផ្ទះសម្បែងដោយរស់នៅស្អាត ពិសារទឹកឆ្អិនជាប្រចាំ ពិសេសចេះថែរក្សាសុខភាពឧស្សាហ៍ទៅពិនិត្យនិងព្យាបាលជម្ងឺនៅមណ្ឌលសុខភាព ដែលនៅជិតផ្ទះ និងត្រូវអនុវត្តតាមសេចក្តីណែនាំរបស់ក្រសួងសុខាភិបាល និងវិធានការ«៣ការពារ ៣កុំ» របស់ប្រមុខរាជរដ្ឋាភិបាល ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩។
សូមបញ្ជាក់ផងដែរថា អំណោយដែលចែកជូនប្រជាពលរដ្ឋចំនួន២៧គ្រួសារ ដោយមួយគ្រួសារទទួលបាន ៖ អង្ករ៥០គីឡូ ត្រីខ១ដុំ ទឹកត្រី១យួរ មី១កេស ពងទា១ថាស ទឹកសុទ្ធ២កេស ម៉ាស១ប្រអប់ សាប៊ូ ១ដុំ ឃីត១ និងថវិការ១០ម៉ឺនរៀល៕ ចិន្ដា

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner