អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ បញ្ជាក់ពីមូលហេតុស្រាពុលសម្លាប់មនុស្ស១១នាក់នៅខេត្តកណ្ដាល

អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ បានឲ្យដឹងថា គេបបានសង្កេតឃើញថា នៅក្នុងប្រទេសកម្ពុជា បានកើតឡើងនូវករណីពុលស្រាជាញឹកញាប់ នៅតាមបណ្តាខេត្តមួយចំនួន ដូចជាខេត្តពោធិ៍សាត់ ខេត្តបន្ទាយមានជ័យ ខេត្តកំពង់ឆ្នាំង ជាដើម ដែលបណ្តាលឱ្យប្រជាពលរដ្ឋជាច្រើននាក់ស្លាប់បាត់បង់ជីវិត។ ថ្មីៗនេះទៀតសោត ក៏មានករណីពុលនៅស្រុកល្វាឯម ខេត្តកណ្តាល ដែលបណ្តាលឱ្យប្រជាពលរដ្ឋ១១នាក់បានស្លាប់បាត់បង់ជីវិត ដែលមូលហេតុគឺផ្តោតការសង្ស័យបណ្តាលមកពីការពុលស្រា។

យោងលទ្ធផលវិភាគ លើសំណាកស្រាស និងស្រាថ្នាំដែលប្រមូលបានពីទីតាំងកើតហេតុ បានបង្ហាញថា សំណាកស្រាចំនួន៧ ក្នុងចំណោម១២ សំណាក គឺមានវត្តមានសារធាតុមេតាណុលដែលជាសារធាតុពុលច្រើនហួសកម្រិតអនុញ្ញាតពី១០ដង ទៅ១០០ដងឯណោះ ដែលអាចបង្កឱ្យប្រជាពលរដ្ឋស្លាប់ ប្រសិនបើបរិភោគចាប់ពី១០០ មីលីលីត្រឡើងទៅ។ អគ្គនាយកដ្ឋានក.ប.ប. បានអំពាវនាវដល់ប្រជាពលរដ្ឋ ដែលជាអ្នកផលិតស្រា ត្រូវផលិតតាមបច្ចេកទេសឱ្យបានត្រឹមត្រូវ ជៀសវាងការយកសារធាតុ ផ្សេងៗ មកបន្ថែម ដែលនាំឱ្យប៉ះពាល់ដល់សុខភាព និងអាយុជីវិតរបស់ប្រជាពលរដ្ឋ។

ជាមួយគ្នានោះ អគ្គនាយកដ្ឋានក.ប.ប. បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ត្រូវប្រុងប្រយ័ត្ន មុននឹងទិញស្រាយកមកប្រើប្រាស់ ឬបរិភោគ ដោយត្រូវពិនិត្យ និងជ្រើសរើសផលិតផលដែលមានស្លាកសញ្ញា និងប្រភពត្រឹមត្រូវ ច្បាស់លាស់ ដើម្បីសុខភាព និងអាយុជីវិតរបស់ខ្លួន។ ការពុលស្រាសដែលមានបណ្តាលឱ្យមនុស្សចំនួន ១១នាក់ស្លាប់ នៅក្នុងស្រុកល្វាឯមនោះ គឺបានកើតមានតាំងពីថ្ងៃសទី១០ឧសភាឆ្នាំ២០២១មក ក្រោយប្រជាពលរដ្ឋមួយចំនួន បានទទួលទានស្រាសជុំគ្នា នៅពេលដែលបានទៅចូលរួមកំដរពិធីបុណ្យសពមួយកន្លែង ដែលស្ថិតនៅក្នុងភូមិតាស្គរ ឃុំសារិកាកែវ ស្រុកល្វាឯម ខេត្តកណ្ដាល។

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner