នាយករដ្ឋមន្រ្តីអង់គ្លេសជឿជាក់ថា វ៉ាក់សាំងបង្ការជំងឺ Covid-19 ទាំងអស់ មានប្រសិទ្ធិភាពអាចការពារវីរុសបំប្លែងខ្លួនទាំងអស់
អង់គ្លេស៖ នាយករដ្ឋមន្រ្តីអង់គ្លេសលោក បូរីស ចនសុន នៅថ្ងៃពុធសប្តាហ៍នេះបញ្ជាក់ថា ប្រទេសរបស់លោកជឿជាក់កាន់តែខ្លាំងឡើងថា វ៉ាក់សាំងដែលត្រូវបានប្រើដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺ Covid-19 គឺមានប្រសិទ្ធភាពប្រឆាំងនឹងវីរុសបំប្លែងខ្លួនទាំងអស់ ។
នាយករដ្ឋមន្រ្តីអង់គ្លេសរូបនេះបានគូសបញ្ជាក់ទៅកាន់សភាយ៉ាងដូច្នេះថា យើងបានពិនិត្យមើលទិន្នន័យម្តងហើយម្ដងទៀត ហើយខ្ញុំអាចប្រាប់សភាថា យើងមានទំនុកចិត្តកាន់តែខ្លាំងឡើងថា វ៉ាក់សាំងមានប្រសិទ្ធភាពប្រឆាំងនឹងវីរុសកូវីដ១៩បំប្លែងខ្លួនថ្មីទាំងអស់ ក្នុងនោះរួមទាំងវីរុសបំប្លែងខ្លួនថ្មីឥណ្ឌាផងដែរ ។
ការអះអាងខាងលើនេះរបស់លោក បូរីស ចនសុន ត្រូវបានធ្វើឡើងស្របពេលមានការព្រួយបារម្ភកាន់តែខ្លាំងឡើងនៅក្នុងចក្រភពអង់គ្លេស អំពីករណីឆ្លងវីរុសបំប្លែងខ្លួនថ្មីឥណ្ឌា ។ បើតាមទិន្នន័យពីក្រសួងសុខាភិបាលអង់គ្លេសនោះ បច្ចុ ប្បន្ននេះមានករណីឆ្លងវីរុសកូវីដ១៩បំប្លែងខ្លួនថ្មីឥណ្ឌាជិត៣ពាន់ករណីហើយ នៅក្នុងចក្រភពអង់គ្លេស ៕ ប្រភព៖ Reuters


