វគ្គបណ្ដុះបណ្ដាលស្ដីពីបច្ចេកទេសផលិតមាតិកាសម្រាប់បម្រើដល់ការរៀន និងបង្រៀនតាមអនឡាញ

រាជធានីភ្នំពេញ៖ នាយកដ្ឋានបច្ចេកវិទ្យា នៃក្រសួងអប់រំ យុវជន និងកីឡា បានរៀបចំវគ្គបណ្ដុះបណ្ដាលជាស៊េរី តាមអនឡាញស្ដីពី បច្ចេកទេសងាយៗ ក្នុងការផលិតមាតិកាសម្រាប់បម្រើដល់ការរៀន និងបង្រៀនតាមអនឡាញ ដើម្បីជាគន្លឹះសម្រាប់លោកគ្រូ អ្នកគ្រូ ជាសិក្ខាកាមក្នុងបង្កើនសមត្ថភាព ផលិតមាតិកាកាន់តែមានភាពងាយស្រួល និងសម្បូរបែប បម្រើដល់សេចក្ដីត្រូវការរបស់សិស្សានុសិស្សក្នុងការសិក្សាតាមបែបឌីជីថល។

វគ្គបណ្ដុះបណ្ដាលនេះនឹងរៀបចំជាបន្តបន្ទាប់ចំនួន២វគ្គបន្តទៀតក្នុងសប្តាហ៍ខាងមុខ ដែលត្រូវបានបង្កើតឡើងក្នុងគោលបំណងដូចជា៖ ការផលិតមាតិកាកាន់តែល្អប្រសើរ មានភាពទាក់ទាញ បច្ចេកទេសកាត់តវីដេអូ និងបច្ចេកទេសចាប់ប្លង់កាម៉េរ៉ា ដោយក្នុងនោះក៏មានការធ្វើបទបង្ហាញពីសំណាក់លោក ម៉ៅ ចាន់ឌី អ្នកជំនាញផ្នែកផលិតមាតិកា និងអ្នកគ្រប់គ្រងផលិត ប្រចាំនៅ InSTEDD iLab SEA។

ថ្លែងក្នុងឱកាសចុងបញ្ចប់វគ្គបណ្ដុះបណ្ដាល លោក សុក ថា ប្រធាននាយកដ្ឋានបច្ចេកវិទ្យា ព័ត៌មាន បានសម្ដែងការកោតសរសើរដល់គណៈគ្រប់គ្រង លោកគ្រូ អ្នក គ្រូ ចំពោះការចូលរួមវគ្គ បណ្ដុះបណ្ដាលពីចម្ងាយតាមអនឡាញ ដែលទទួលបាននូវចំណេះដឹង និងបទពិសោធន៍ថ្មីៗ ទាក់ទង ទៅនឹងវិស័យបច្ចេកវិទ្យាព័ត៌មាន សម្រាប់ជំនួយដល់ការបង្រៀនពីចម្ងាយតាមប្រព័ន្ធអេឡិចត្រូនិកដែល ជាកត្តាចាំបាច់បំផុតក្នុងបរិបទនាពេលបច្ចុប្បន្នដើម្បីចូលរួមទប់ស្កាត់ជំងឺ កូវីដ-១៩ នៅកម្ពុជា ស្របតាម វិធានការនានារបស់រាជរដ្ឋាភិបាលកម្ពុជា។

ក្នុងឱកាសជាមួយគ្នានេះផងដែរ លោក សុក ថា បានផ្ដាំផ្ញើ ឱ្យគណៈគ្រប់គ្រង លោកគ្រូ អ្នកគ្រូ ដែលបានចូលរួមបណ្ដុះបណ្ដាលឱ្យបន្តចែករំលែកចំណេះដឹង ដល់ សហការីនៅតាមសាលារៀងៗខ្លួន ដើម្បីជំរុញការប្រើប្រាស់បច្ចេកវិទ្យាព័ត៌មានជំនួយដល់ការបង្រៀន និងរៀនតាមប្រព័ន្ធអេឡិចត្រូនិកឱ្យបានធំទូលាយ និងទទួលបានប្រសិទ្ធភាពខ្ពស់ ដើម្បីបម្រើដល់ វិស័យអប់រំ និងការបង្រៀនជូនសិស្សានុសិស្ស។

សូមបន្តតាមដានទំព័រហ្វេសប៊ុកផ្លូវការក្រសួងអប់រំ យុវជន និងកីឡា MoEYS Cambodia ដើម្បីទទួលបានព័ត៌មានថ្មីៗស្ដីពីការរៀបចំវគ្គបណ្ដុះបណ្ដាលតាមអនឡាញផ្សេងទៀត ដែលមានអត្ថប្រយោជន៍ជាច្រើនសម្រាប់ការរៀន និងបង្រៀន៕ដោយ -រ៉ាវុធ

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner