អភិបាលខេត្តកំពត ថ្លែងអំណរគុណចំពោះប្រជាពលរដ្ឋដែលបានចូលរួមសហការគាំទ្រគម្រោងស្ដារព្រែកប្រព័ន្ធបង្ហូរទឹកជាមួយរដ្ឋបាលខេត្ត(មានវីដេអូ)
នៅក្នុងដំណើរចុះជួបជាមួយប្រជាពលរដ្ឋ និងការពិនិត្យវាយតម្លៃជាមួយមន្ត្រីជំនាញ អាជ្ញាធរពាក់ព័ន្ធ ដើម្បីជំរុញគម្រោងអភិវឌ្ឍការស្ដារកែលម្អប្រព័ន្ធបង្ហូរទឹកតាមបណ្ដោយព្រែកធម្មជាតិហៅថា(ព្រែកចាក) នៅក្នុងសង្កាត់កំពង់កណ្ដាល ក្រុងកំពត ជាប់ព្រំប្រទល់រវាងឃុំមួយចំនួន ក្នុងស្រុកទឹកឈូ ដែលជាប្រព័ន្ធផ្លូវបង្ហូរទឹកយ៉ាងសំខាន់ ពិសេសក្នុងរដូវវស្សា ឲ្យចេញពីក្រុងកំពត និងឃុំមួយចំនួននៃស្រុកទឹកឈូ ទៅកាន់ដៃព្រែកចូលសមុទ្រ។ កាលពីថ្ងៃទី២១ ខែឧសភាឆ្នាំ ២០២១ ឯកឧត្តមជាវ តាយ អភិបាលខេត្តកំពត មានប្រសាសន៍បញ្ជាក់ថា កម្មវិធីនៃគោលនយោបាយ រាជរដ្ឋាភិបាល ក្រោមការដឹកនាំ របស់សម្ដេចតេជោហ៊ុន សែន ក្នុងកិច្ចអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ និងធ្វើឱ្យកំណើតសេដ្ឋកិច្ចសង្គម កម្ពុជាបានកាន់តែល្អប្រសើររហូតមកដល់ពេលនេះ។
សម្ដេចតេជោហ៊ុន សែន តែងតែអនុវត្តនូវគោលនយោបាយច្បាស់លាស់ត្រឹមត្រូវ ក្នុងនោះតែងតែបានណែនាំចង្អុលបង្ហាញ និងជំរុញដល់ក្រសួងស្ថាប័នពិសេសរដ្ឋបាលថ្នាក់ក្រោមជាតិ ឲ្យមានការយកចិត្តទុកដាក់ជំរុញការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ ទាំងនៅទីក្រុង និងជនបទមូលដ្ឋាន ដើម្បីធ្វើយ៉ាងណា ដោះស្រាយបញ្ហាលំបាក តម្រូវការ និងសំណូមពរជូនប្រជាពលរដ្ឋឲ្យបានដាច់ខាត បើទោះបីគម្រោងអភិវឌ្ឍន៍នោះតូចឬធំ យឺតយ៉ាវឬឆាប់រហ័សយ៉ាងណាក្ដី ប្រសើរជាងដែលយើងមិនបានធ្វើសោះ។ ការអនុវត្តគម្រោងនេះបើទោះបី មានភាពរអាក់រអួលដោយបច្ចេកទេសរបស់( ADB)នារយៈពេលកន្លងមកក្ដី ប៉ុន្តែរដ្ឋបាលខេត្តមិននៅព្រងើយកន្តើយទៀតទេ ហើយតែងតែបារម្ភ និងគិតគូជំរុញការអភិវឌ្ឍគម្រោងនេះឲ្យបានឆាប់រហ័ស ដើម្បីដោះស្រាយការលំបាកជូនប្រជាពលរដ្ឋក៏ដូចជាសាធារណជនទូទៅផងដែរ។
ឯកឧត្តមជាវ តាយអភិបាលខេត្តក៏បានថ្លែងអំណរគុណ កោតសរសើរ ចំពោះការចូលរួមរបស់ប្រជាពលរដ្ឋដែលរស់នៅអមសង្ខាង ព្រែកប្រព័ន្ធបង្ហូរទឹកដ៏មានសារៈសំខាន់នេះ ដោយ ឯកឧត្តមអភិបានបញ្ជាក់ថា គម្រោងនេះ គឺជាការដោះស្រាយឆ្លើយតបបន្ទាន់ ក្នុងដំណាក់កាលដំបូងនេះ គឺជាការស្ដារ នឹងដាក់លូបង្ហូរទឹកដែលមានលូទំហំ៤ម៉ែត្រ មានប្រវែងជាង១០០ ម៉ែត្រ និងធ្វើផ្លូវសង្ខាងទំហំចាប់ពី២ម៉ែត្រឡើងទៅ។ ការរៀបចំធ្វើនេះក្នុងគោលបំណង ដើម្បីឲ្យទឹកហូបបានលឿនបញ្ចៀសការលិចលំនៅដ្ឋាន លុបបំបាត់កាកសំណល់សំរាមកកស្ទះប្រព័ន្ធទឹក ការកាត់បន្ថយបានភាពស្អុយរលួយ និងធានាបានបរិស្ថានល្អសោភ័ណភាពល្អ ថែមទាំងសុខមាលភាព ជូនប្រជាពលរដ្ឋដែលរស់នៅសង្ខាងប្រព័ន្ធបង្ហូរទឹកនេះផងដែរ៕ សិលា សារិន







