លោក ប៉ុល ហំម និយាយពីការធ្វើនយោបាយឡើងវិញ
ភ្នំពេញៈលោក ប៉ុល ហំម អតីតអនុប្រធាននៃអតីតគណបក្សសង្គ្រោះជាតិបានបញ្ជាក់ថា លោកសប្បាយចិត្តបន្ទាប់ពីការរួចផុតពីការហាមឃាត់មិនឱ្យធ្វើសកម្មភាពនយោបាយសម្រាប់រយៈពេល៥ឆ្នាំ ដែលនេះ គឺជាការផ្តល់យុត្តិធម៌ ដល់រូបលោក ពីព្រោះលោកមិនដែលបានធ្វើអ្វីខុសហើយលោកធ្វើអ្វីៗ នៅក្នុងក្របខ័ណ្ឌនយោបាយ។
ថ្លែងប្រាប់AMS តាមទូរសព្ទ លោកបាននិយាយបន្តថា មានការចោទសួរថា បន្ទាប់ពីទទួលបានសិទ្ធិធ្វើនយោបាយឡើងវិញ តើលោកនឹងធ្វើអ្វី?។ តាមធម្មតា អ្នកនយោបាយតែងតែចង់ធ្វើនយោបាយហើយ។ លោកមើលឃើញសព្វថ្ងៃនេះ គឺគណបក្សកាន់អំណាចគ្រប់គ្រងអាសនៈនៅក្នុងរដ្ឋសភាទាំងអស់។ លោកយល់ថា ដើម្បីឲ្យមានតុល្យភាពក្នុងការគ្រប់គ្រងប្រទេសមួយដែលប្រកាន់លទ្ធិប្រជាធិបតេយ្យ ត្រូវតែមានគណបក្សប្រឆាំងមួយហើយធ្វើការប្រឆាំងនៅក្នុងក្របខ័ណ្ឌរដ្ឋធម្មនុញ្ញ។ មិនធ្វើអីឱ្យឆ្វេងពេក មិនស្តាំពេក។ ធ្វើការប្រឆាំងក្នុងភាពជាអ្នកនយោបាយថ្លៃថ្នូរ។

លោក ប៉ុល ហំម បានបញ្ជាក់ថា “ខ្ញុំសម្រេចចិត្តថា ចេញមកខ្ញុំនឹងធ្វើនយោបាយ។ ខ្ញុំសម្លឹងមើលថា តើគណបក្សណាដែលមើលទៅក្នុងលក្ខណៈសមរម្យ ខ្ញុំអាចទៅធ្វើជាមួយបាន ខ្ញុំអត់មានគំនិតអីទៅចង់បង្កើតគណបក្សនយោបាយខ្លួនឯង ប៉ុន្តែឃើញគណបក្សប្រឆាំងច្រើន ដូច្នេះជាជម្រើសរបស់ខ្ញុំដែលខ្ញុំត្រូវពិនិត្យមើលថាតើគណបក្សណាដែលខ្ញុំអាចទៅ ធ្វើជាមួយបាន។
លោកបន្តថា រហូតមកទល់ពេលនេះ ខ្ញុំអត់លាក់ទេ ខ្ញុំមើលទៅលើគណបក្សមួយតាមខ្ញុំដឹងក្រសួងមហាផ្ទៃបានផ្តល់សិទ្ធិឱ្យ ហើយនឹងបំពេញបែបបទតទៅទៀត គឺឯកឧត្តម អ៊ូ ច័ន្ទរ័ត្ន។ ខ្ញុំមើលឃើញថា មានការគាំទ្រពីអ្នកនយោបាយមួយ ដែលមិនឆ្វេងពេក មិនស្តាំពេក សមរម្យអាចធ្វើការអាចធ្វើនយោបាយបានក្នុងក្របខ័ណ្ឌមានការអនុវត្តលទ្ធិប្រជាធិបតេយ្យ នៃរដ្ឋធម្មនុញ្ញក្នុងព្រះរាជាណាចក្រកម្ពុជា”។
គួររំលឹកថា លោក អ៊ូ ច័ន្ទរ័ត្ន បានបង្កើតគណបក្សថ្មីមួយដែលមានឈ្មោះថា គណបក្ស “កែទម្រង់កម្ពុជា” (គ.ក.ក , CRP) ដោយបានទទួលការអនុញ្ញាតពីកក្រសួងមហាផ្ទៃរួចហើយកកាលពីដើមឆ្នាំនេះ។ ចំណែករូបសញ្ញាគណបក្ស “កែទម្រង់កម្ពុជា” គឺមានរូបព្រះអាទិត្យ និងក្បាលដំរីបួងផ្កាឈូកបីដើម។
លោក ប៉ុល ហំម ក៏បានអំពាវនាវសូមឲ្យមានការបង្រួបបង្រួមគណបក្សតូចៗទាំងឡាយដែលមានលទ្ធភាពដូចគ្នា និងស្នើឲ្យអតីតមន្ត្រីនៃអតីតគណបក្សសង្គ្រោះជាតិ មកជួបជុំគ្នាដើម្បីឱ្យលទ្ធិប្រជាធិបតេយ្យនៅកម្ពុជាបានល្អប្រសើរ ជាពិសេស ការចូលរួមបោះឆ្នោតនៅឆ្នាំ២០២២ និងឆ្នាំ២០២៣ ខាងមុខនេះ៕
ដោយៈពលជ័យ