ជនសង្ស័យ ២នាក់កាច់សោរកម៉ូតូបានសម្រេច តែត្រូវសមត្ថកិច្ចខណ្ឌដង្កោក្របួចបានភ្លាមៗ
ភ្នំពេញ ៖ កម្លាំងអន្តរាគមន៍ នៃអធិការដ្ឋាននគរបាលខណ្ឌដង្កោ បានឃាត់ខ្លួនជនសង្ស័យ២នាក់ ភ្លាមៗ បន្ទាប់ពីធ្វេីសកម្មភាពលួច (ប្រើដែកជ្រុងចុងសំប៉ែតស្រួចកាច់សោរកម៉ូតូ)បានសម្រេច កាលពីវេលាម៉ោង១១ និង១៥នាទីថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២១ ត្រង់ចំណុចវាលស្រែ ស្ថិតនៅភូមិទ័ពបោះ សង្កាត់ព្រៃវែង ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ អ៊ុន ចាន់ណារិទ្ធ ភេទប្រុស អាយុ៤២ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ ទីលំនៅភូមិដំណាក់ត្រយឹង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។ រីឯជនសង្ស័យ០២នាក់ឃាត់ខ្លួនបាន រួមមាន ៖ ទី០១ឈ្មោះ ស៊ិន សុខភាព ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះជួលសង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ និងទី០២ឈ្មោះ ត្រេន ធឿន ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះជួល សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
ដោយឡែកវត្ថុតាងចាប់យកមាន៖ ១/ម៉ូតូម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ ពាក់ផ្លាកលេខកំពង់ស្ពឺ 1O-4117, ២/ម៉ូតូម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ ពាក់ផ្លាកលេខភ្នំពេញ1IE-4580, ៣/វិទ្យុទាក់ទង (អាយឌី) ចំនួន០១គ្រឿង, ៤/ដែកជ្រុងចុងសំប៉ែតស្រួច ចំនួន០៥, ៥/កូនពូថៅចំនួន០១, ៦/ដែកដាប់ចំនួន០១, ៧/កូនសោរចាក់ផ្ទះមួយចង្កោម, ៨/កាតគ្រីម៉ូតូលេខ ភ្នំពេញ 1HL-3714 ចំនួន០១សន្លឹក, ៩/អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរឈ្មោះ ខុន សុខម្នី ចំនួន០១សន្លឹក, ១០/ មួកសន្តិសុខសាលាខណ្ឌមានជ័យចំនួន០១, ១១/ដែកឆ្កឹះសោរចំនួន០២ ។
សមត្ថកិច្ចបានឲ្យដឹងទៀតថា មុនកេីតហេតុ កាលពីថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២១ វេលាម៉ោង០៧និង០០នាទី ជនរងគ្រោះឈ្មោះ អ៊ុន ចាន់ណារិទ្ធ បានបើកម៉ូតូ០១គ្រឿងម៉ាកហុងដាសេ១២៥ ម្នាក់ឯង ចេញពីផ្ទះស្ថិតនៅភូមិដំណាក់ត្រយឹង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ មកពង្រោះស្រូវ នៅវាលស្រែ ស្ថិតនៅភូមិទ័ពបោះ សង្កាត់ព្រៃវែង ខណ្ឌដង្កោ ។
ពេលទៅដល់ជនរងគ្រោះបានដាក់ម៉ូតូនៅក្រោមដើមព្រីង ដោយចាក់សោរកត្រឹមត្រូវ រួចចុះទៅពង្រោះស្រូវនៅក្នុងវាលស្រែ រហូតដល់វេលាម៉ោង១១ និង១៥នាទី ថ្ងៃខែខែឆ្នាំដដែល ស្រាប់តែមានជនសង្ស័យ០២នាក់ខាងលេី ជិះម៉ូតូ០១គ្រឿងម៉ាកហុងដាសេ១២៥ ឌុបគ្នាមកឈប់ក្បែរម៉ូតូជនរងគ្រោះ ហើយធ្វើសកម្មភាពកាច់សោរកម៉ូតូជនរងគ្រោះ ជិះគេចខ្លួនទៅតាមវាលស្រែ ពីលិចមកកើត រួចជនងរគ្រោះក៏បានស្រែកថាចោរៗ។ ពេលនោះក៏មានកម្លាំងសមត្ថកិច្ចនគរបាលខណ្ឌដង្កោ ដែលកំពុងជិះម៉ូតូល្បាតក្បែរនោះបានឃើញ ក៏ជិះម៉ូតូដេញតាមពីក្រោយចាប់ឃាត់ខ្លួនជនសង្ស័យទាំង០២នាក់ បានរួមនិងវត្ថុតាង យកមកធ្វើការសាកសួរនៅអធិការដ្ឋាននគរបាលខណ្ឌដង្កោតាមនីតិវិធីច្បាប់ ។
ចំពោះករណីនេះ ជនរងគ្រោះក៏បានដាក់ពាក្យបណ្តឹងចំឈ្មោះជនសង្ស័យ ទាំ០២នាក់ខាងលើ ដើម្បីឲ្យសមត្ថកិច្ចចាត់ការតាមច្បាប់ផងដែរ ៕ ដោយ ៖ ជីម ភារ៉ា