រដ្ឋបាលខេត្តកំពង់ចាមយកវិទ្យាល័យព្រះសីហនុធ្វើជាមន្ទីរពេទ្យព្យាបាលជម្ងឺកូវីដ-១៩ និងវិទ្យាល័យដីដុះ សម្រាប់ធ្វើមណ្ឌលចត្តាឡីស័ក

អត្ថបទដោយ៖
ធី ដា

បន្ទាប់ពីករណីវិជ្ជមានកូវីដ-១៩ នៅក្នុងខេត្ត មានការកើនឡើង ក្នុងរយៈពេលចុងក្រោយនេះ រដ្ឋបាលខេត្តកំពង់ចាម នៅថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២១ បានសម្រេចជ្រើសរើសយកវិទ្យាល័យព្រះសីហនុស្ថិតនៅក្រុងកំពង់ចាម ជាកន្លែង សម្រាប់ព្យាបាលអ្នកជំងឺកូវីដ-១៩ បន្ថែមទៀត បន្ទាប់ពីមន្ទីរពេទ្យមេគង្គកំពង់ចាម មានអ្នកជំងឺពេញ និងសម្រេចយកវិទ្យាល័យដំដុះ សម្រាប់ធ្វើជាមណ្ឌលចត្តាឡីស័ក ១កន្លែង បន្ថែមទៀត បន្ទាប់ពីមណ្ឌលចត្តាឡីស័ក របស់រដ្ឋបាលខេត្ត នៅមជ្ឈមណ្ឌលគរុកោសល្យភូមិភាគកំពង់ចាម មានអ្នកធ្វើចត្តាឡីស័ក កើនឡើងខ្ពស់ ពេញបន្ទប់ហើយនោះ ។

ឯកឧត្តម អ៊ុន ចាន់ដា អភិបាល ខេត្តកំពង់ចាម បានណែនាំ ដល់មន្ត្រីពាក់ព័ន្ធ ឲ្យសហការគ្នា ដើម្បី រៀបចំបន្ថែមដើម្បីរៀបចំវិទ្យាល័យព្រះសីហនុនេះ ឲ្យក្លាយទៅជាមន្ទីរពេទ្យ សម្រាប់ព្យាបាលអ្នកវិជ្ជមានកូវីដ-១៩ ដោយមានការរៀបចំ សម្អាតបរិស្ថាន នៅក្នុងទីធ្លា ទាំងក្នុង និងក្រៅ ហើយបំពាក់នូវសម្ភារៈបរិក្ខាពេទ្យ និងរៀបចំប្រព័ន្ធទឹក ភ្លើង នៅតាមអគារនីមួយៗ ឲ្យបានឆាប់រួចរាល់ ផងដែរ ។ ជាមួយគ្នានោះ ឯកឧត្ដម អភិបាលខេត្ត ក៏បានណែនាំ ដល់មន្ត្រីពាក់ព័ន្ធ ត្រូវខិតខំធ្វើការស្រាវជ្រាវ ស្វែងរកអ្នកដែលប៉ះពាល់ ដោយផ្ទាល់ ជាមួយនឹង អ្នកវិជ្ជមាន កូវីដ-១៩ ដើម្បី នាំពួកគាត់ ទៅធ្វើចត្តាឡីស័ក ឲ្យទាន់ពេលវេលា ស្របទៅតាមវិធានការសុខាភិបាល ដើម្បី កាត់ផ្ដាច់ខ្សែចម្លង នៃជម្ងឺ ដ៏កាចសាហាវនេះ នៅក្នុងសហគមន៍កម្ពុជា ផងដែរ ។

គួសបញ្ជាក់ ផងដែរថា គិតត្រឹមព្រឹកថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២១ នេះ ខេត្តកំពង់ចាម បានរកឃើញករណីវិជ្ជមានកូវីដ ១៩ ចំនួន ៨៤នាក់ បន្ថែមទៀត ដែលធ្វើឲ្យចំនួនអ្នកវិជ្ជមាន នៃជម្ងឺនេះ នៅក្នុងខេត្តកំពង់ចាម មានការកើនឡើង ដល់ ៤៨៤នាក់ ខណៈដែលអ្នកជម្ងឺកំពុងសម្រាកព្យាបាល នៅមន្ទីរពេទ្យមេគង្គកំពង់ចាម មានចំនួន ៣៥៤នាក់ និងអ្នកប៉ះពាល់ដោយផ្ទាល់ មានចំនួន ២.៦៤២នាក់ ដែលកំពុងដាក់ធ្វើចត្តាឡីស័ក ផងដែរ ។

ទោះជាយ៉ាងណា នាបច្ចុប្បន្ននេះ អាជ្ញាធរខេត្តកំពង់ចាម នៅតែបន្តការស្រាវជ្រាវ ស្វែងរកអ្នកដែលប៉ះពាល់ផ្ទាល់ និងប្រយោល ជាមួយអ្នកវិជ្ជមានកូវីដ ១៩ ជាពិសេស ទៅលើបងប្អូនកម្មករ កម្មការនី នៅតាមរោងចក្រ ចំនួន ០៤កន្លែង ស្ថិតនៅក្នុងស្រុកចំនួន ០៣ គឺ ៖ ស្រុកបាធាយ ស្រុកជើងព្រៃ និងស្រុកកំពង់សៀម។ ជាមួយនោះ អាជ្ញាធរខេត្ត ក៏បានយកចិត្តទុកដាក់ បន្តការផ្សព្វផ្សាយ រឹតបន្តឹងលើវិធានសុខាភិបាល ដោយតម្រូវឲ្យប្រជាពលរដ្ឋគ្រប់ៗរូប ចូលរួមអនុវត្តទៅតាមការណែនាំ របស់ក្រសួងសុខាភិបាល «៣ការពារ ៣កុំ និង ២ចូលរួម» ធ្វើយ៉ាងណា ដើម្បី ជៀសឆ្ងាយ ពីការឆ្លងពីជំងឺកូវីដ-១៩ គ្រប់ៗគ្នា ៕ សារ៉ាត

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner