គ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តធនធំ ពីរគ្រឿងបុកគ្នា នៅលើកំណាត់ផ្លូវជាតិលេខ៥ ក្នុងខេត្តកំពង់ឆ្នាំង
ខេត្តកំពង់ឆ្នាំង:-នៅវេលាម៉ោង៤មនិង០០នាទីទៀបបភ្លឺ ថ្ងៃទី ២៣ ខែឧសភា ឆ្នាំ២០២១ មានករណីគ្រោះថ្នាក់ចរាចរណ៍ បង្កឡើងដោយ រថយន្តធុនធំ 2 គ្រឿងបុកគ្នាយ៉ាងពេញទំហឹងនៅលើផ្លូវជាតិលេខ៥ ត្រង់ចន្លោះគីឡូម៉ែត្រលេខ ៨៧ និងលេខ ៨៨ ស្ថិតនៅក្នុងភូមិទួលក្រឡាញ់ សង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង។
ករណីគ្រោះថ្នាក់នេះបណ្ដាលឲ្យបុរសជាអ្នកបើកបរម្នាក់បានរងរបួសធ្ងន់និងម្នាក់ទៀតរងរបួសស្រាល ចំណែករថយន្តខូចខាតយ៉ាងដំណំ។ បើតាមការបញ្ជាក់ពីសមត្ថកិច្ចនគរបាលក្រុងកំពង់ឆ្នាំង គ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តធុនធ្ងន់បុកគ្នា គឺរថយន្តម៉ាកហ៊ីយ៉ាន់ដាយ ក្បាលពណ៌ក្រហមពាក់ស្លាកលេខ កំពង់ស្ពឺ 3 A.16.66 មានសណ្ដោង សឺមីកន្ទុយពាក់ស្លាកលេខ ភ្នំពេញ 4A.28.84 បើកបរដោយបុរសម្នាក់ឈ្មោះ វន សុខហេង អាយុ 26 ឆ្នាំមានទីលំនៅភូមិ ព្រៃរុំដួល ឃុំថ្មសែត ស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ ។
ចំណែកភាគីម្ខាងទៀតជារថយន្តម៉ាកហ៊ីយ៉ាន់ដាយក្បាលពណ៌ខៀវពាក់ស្លាកលេខព្រះសីហនុ 3A 39.59 មានសណ្ដោង សឺមីកន្ទុយ ពាក់ស្លាកលេខ ភ្នំពេញ4 A. 05 .99 បើកបរដោយបុរសម្នាក់ឈ្មោះ ត្រុត លីណាអាយុ 39 ឆ្នាំ មានទីលំនៅភូមិព្រៃខៀវ ឃុំស្រែអំបិលស្រុកស្អាង ខេត្តកណ្ដាល ។ មុនពេលកើតហេតុ រថយន្ត ហ៊ីយ៉ាន់ដាយពណ៌ខៀវ បានធ្វើដំណើរពីជើងទៅត្បូងលុះមកដល់ចំណុចកើតហេតុក៏ស្រាប់តែមានរថយន្តមួយគ្រឿងទៀត ម៉ាកដូចគ្នាពណ៌ក្រហម បើកក្នុងដំណើរពីត្បូងទៅជើង លុះមកដល់ចំណុចកើតហេតុក៏បានជ្រុលទៅខាងឆ្វេងដៃ បណ្ដាលឲ្យបុកគ្នាយ៉ាងពេញទំហឹង បណ្ដាលឲ្យរថយន្តពណ៌ខៀវក្រឡាប់បះជើង។
ក្រោយពេលកើតហេតុសមត្ថកិច្ចបានទៅបានចុះពិនិត្យនិងវាស់វែងឃើញថា រថយន្តទាំង 2 គ្រឿងបានខូចខាតយ៉ាង ធ្ងន់ធ្ងរ ចំណែកឯអ្នកបើកបររថយន្តពណ៌ក្រហម ឈ្មោះ ត្រុត លីណា បានរងរបួសធ្ងន់និងបាក់ជើង ត្រូវបានដឹកទៅសង្គ្រោះនៅមន្ទីរពេទ្យ ចំណែកឯអ្នកបើកបររថយន្តពណ៌ខៀវគ្រាន់តែរបួសស្រាល។ក្រោយពេលកើតហេតុ សមត្ថកិច្ចជំនាញបានរៀបចំយករថយន្ដទាំងពីរគ្រឿងទៅរក្សាទុកនៅអធិការនគរបាលក្រុងកំពង់ឆ្នាំងដើម្បីរង់ចាំធ្វើការដោះស្រាយតាមនីតិវិធីនៅពេលក្រោយ៕ សុខ គឹមសៀន