មេបញ្ជាការកងទ័ពជើងគោកណែនាំភារកិច្ចចំនួន៣ សម្រាប់នាយស្ថាប័ន មេបញ្ជាការ និងនាយសេនាធិការថ្មីយកទៅអនុវត្តន៍

ភារកិច្ចទាំង៣រួមមាន ទី១ រក្សាសមិទ្ធផលរបស់ថ្នាក់ដឹកនាំមុនដែលបានកសាង, ទី២ កសាងពង្រឹងអង្គភាពបន្ថែមលើគ្រប់វិស័យ និងទី៣ បន្តសមិទ្ធផលទាំងនេះ ដើម្បីរៀបចំជាមូលដ្ឋានទុកឱ្យនាយទាហានបន្តវេន។ ប្រសាសន៍ណែនាំរបស់លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក បានក្នុងពិធីប្រកាសតែងតាំងផ្លាស់ប្តូរមុខងារជូននាយទាហានជាន់ខ្ពស់ កងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ នៅថ្ងៃទី២៤ ឧសភា ឆ្នាំ២០២១ នៅបញ្ជាការដ្ឋានកងទ័ពជើងគោក។

ក្នុងពិធីនោះ លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានលើកឡើងថា ក្រៅពីភារកិច្ចជាក់ស្តែងជាច្រើនទៀត កិច្ចការទាំង ៣ នោះ គឺជាទិសដៅស្នូលសំខាន់សម្រាប់មេបញ្ជាការគ្រប់ជំនាន់ទាំងអស់ នៅក្នុងការចូលរួមពង្រឹងស្ថាប័ន-កងឯកភាពក្រោមការទទួលខុសត្រូវ ហើយលោករំពឹងថា នាយស្ថាប័ន មេបញ្ជាការ និងនាយសេនាធិការថ្មី នឹងរួមគ្នាក្នុងធ្លុងសាមគ្គីឯកភាពផ្ទៃក្នុងល្អជាមួយថ្នាក់ដឹកនាំ ព្រមទាំងនាយទាហាន នាយទាហានរង និងពលទាហាន ក្នុងស្ថាប័ន-កងឯកភាព បន្តកិច្ចខិតខំប្រឹងប្រែងបំពេញការងារឱ្យបានកាន់តែសកម្ម និងខ្លាំងក្លា ដើម្បីសម្រេចបាននូវស្នាដៃ និងសមិទ្ធផលថ្មីៗកាន់តែប្រសើរឡើងថែមទៀត។

ក្នុងពិធីនោះដែរ លោកឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត បានលើកឡើងថា ពិធីប្រកាសតែងតាំងផ្លាស់ប្តូរមុខងារនាពេលនេះ មានសភាពទ្រង់ទ្រាយតូចខុសពីសព្វមួយដង ពីព្រោះគេត្រូវរៀបចំស្របទៅតាមការណែនាំរបស់រាជរដ្ឋាភិបាល ដោយគោរពវិធានសុខាភិបាល និងគន្លងនៃការរស់នៅបែបថ្មី និងស្របពេលដែលកងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ ក្រៅពីភារកិច្ចស្នូល ក៏កំពុងមមាញឹកក្នុងភារកិច្ចចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩។

ប៉ុន្តែ ពិធីនោះ គឺពិតជាមានសារៈសំខាន់ចាំបាច់ណាស់ ក្នុងការដែលត្រូវប្រកាសមុខតំណែងជូនដល់នាយទាហានក្នុងជួរបញ្ជាការ នៃស្ថាប័ន-កងឯកភាព ចំណុះកងទ័ពជើងគោក ដែលទទួលបានការតែងតាំងថ្មី ដើម្បីអាចចាប់ផ្តើមបំពេញតួនាទី និងភារកិច្ចពេញលេញតាមឋានានុក្រមដឹកនាំបញ្ជាឱ្យមានប្រសិទ្ធភាព ទាំងការបំពេញភារកិច្ចស្នូល និងភារកិច្ចចំពោះមុខក្នុងការដឹកនាំអង្គភាពត្រៀមចូលរួមប្រយុទ្ធនឹងជំងឺកូវីដ-១៩។ ជាមួយគ្នានោះដែរ លោកឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត បានកោតសរសើរបណ្តាស្ថាប័ន-កងឯកភាព ដែលកន្លងមកបានគ្រប់គ្រងកម្លាំងបានល្អ ដោយអនុវត្តវិធានការសុខាភិបាលបានយ៉ាងខ្ជាប់ខ្ជួន ធ្វើឱ្យអត្រានៃករណីឆ្លងនៅក្នុងជួរយោធិនរបស់យើងមានអត្រាទាប បើធៀបទៅនឹងសមាមាត្រនៃសន្ទុះនៃការរីករាលនៅទូទាំងប្រទេស។

ជាមួយគ្នានោះ ដោយហេតុថា ក្នុងរយៈកាលកន្លងមកនេះ កងទ័ពបានក្លាយជាកម្លាំងស្នូលមួយនៅក្នុងប្រតិបត្តិការអនុវត្តបញ្ជារបស់ប្រមុខរាជរដ្ឋាភិបាលក្នុងការប្រយុទ្ធនឹងជំងឺកូវីដ-១៩ លោកឧត្តមសេនីយ៍ មេបញ្ជាការកងទ័ពជើងគោក ក៏បានណែនាំដល់បណ្តាស្ថាប័ន-កងឯកភាព បន្តយកចិត្តទុកដាក់ក្នុងកិច្ចការ និងភារកិច្ចចំពោះមុខដ៏សំខាន់ចាំបាច់ តាមរយៈការអនុវត្តឱ្យបានម៉ឺងម៉ាត់នូវវិធានការសុខាភិបាលនៅក្នុងអង្គភាព ដើម្បីការពារកងកម្លាំងរបស់យើង និងគ្រួសារ ក៏ដូចជាសហគមន៍ និងត្រៀមខ្លួនបន្តចូលរួមជាមួយរាជរដ្ឋាភិបាល, អាជ្ញាធរដែនដីរាជធានី-ខេត្ត ក្នុងការងារប្រយុទ្ធនឹងជំងឺកូវីដ-១៩ ឱ្យមានប្រសិទ្ធភាបំផុត៕

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner