អ្នករើសអេតចាយ ចំនួន ៤០០គ្រួសារ នៅទីលានទុកដាក់សំរាមដង្កោ ទទួលបានអំណោយជាគ្រឿងឧបភោគបរិភោប
ភ្នំពេញ ៖ លោក យឹម សាលីន អគ្គនាយករងក្រសួងបរិស្ថាន តំណាង ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា រាជធានីភ្នំពេញ ក្រោមកិច្ចសហការជាមួយអង្គការការីតាសកម្ពុជា នៅព្រឹកថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២១ បាននាំយកគ្រឿងឧបភោគ បរិភោគ ចំនួន ៤០០ ឈុត សម្រាប់ចែកជូនដល់អ្នកទាញយកធនធានពីសំរាម សំណល់រឹងទៅកែច្នៃ(អ្នករើសអេតចាយ) ចំនួន ៤០០គ្រួសារ នៅទីលានទុកដាក់សំរាមដង្កោ ដោយក្នុងមួយគ្រួសារ ទទួលបាន អង្ករ ១០គីឡូក្រាម និងឃីតមួយកញ្ចប់(ម៉ាស់ មី ទឹកត្រី ទឹកស៊ីអ៊ីវ បន្លែ និងពងមាន់)។
ក្នុងស្ថានភាពលំបាកនេះ ការចែករំលែក និងជួយគ្នាទៅវិញទៅមកក្នុងស្មារតីគ្រួសារតែមួយ ជាពិសេសបងប្អូនដែលមានជីវភាពលំបាក គឺជាការគិតគូរដ៏ត្រឹមត្រូវបំផុតដើម្បីអាចសម្រាលនូវតម្រូវការផ្គត់ផ្គង់ជីវភាពប្រចាំថ្ងៃក្នុងរយៈពេលខ្លី និងអាចផ្តល់លទ្ធភាពឱ្យបងប្អូនរក្សាលំនឹងគិតគូរពីការប្រកបរបរថ្មីៗបន្ថែមទៀតសំដៅទទួលបាននូវចំណូលទ្រទ្រង់ជីវភាពរស់នៅនាពេលខាងមុខឱ្យបានសមរម្យ ៕ ដោយ / គ្រី សម្បត្តិ