មនុស្ស១៥នាក់ស្លាប់ ក្នុងហេតុការណ៍ផ្ទុះភ្នំភ្លើងដ៏កក្រើកនៅកុងហ្គោ
កុងហ្គោ៖ ភ្នំភ្លើង នីយីរ៉ាហ្គុងហ្គោ ដែលស្ថិតនៅក្នុងខេត្ត គីវូខាងជើង របស់សាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ (DRC) បានផ្ទុះឡើងកាលពីយប់ថ្ងៃសៅរ៍ចុងសប្តាហ៍មុន(ម៉ោងក្នុងតំបន់) បណ្តាលអោយមនុស្ស១៥នាក់បាត់បង់ជីវិត នៅពេលពួកគេកំពុងព្យាយាមភៀសខ្លួនទៅកាន់ទីសុវត្ថិភាព នេះបើតាមប្រភពពីអាជ្ញាធរកុងហ្គោ ។
ស្របពេលជាមួយគ្នានោះដែរ អាជ្ញាធរកុងហ្គោនៅពុំទាន់បញ្ចេញរបាយការណ៍លំអិត ដែលបង្ហាញអំពីទំហំនៃការខូចខាត ដោយសារតែហេតុការណ៍ភ្នំភ្លើងផ្ទុះដ៏កម្របំផុតប្រចាំទ្វីបអាហ្វ្រិកខាងលើនេះនៅឡើយនោះទេ ប៉ុន្តែពួកគេបានព្រមានថា ការបំផ្លិចបំផ្លាញដែលបង្កឡើងដោយភ្នំភ្លើងនេះនឹងអាចកើតមានបន្តទៀត ។
សូមបញ្ជាក់ផងដែរថា បច្ចុប្បន្នអាជ្ញាធរកុងហ្គោនៅតែធ្វើការអង្កេត ខណៈដែលឧទ្ធម្ភាគចក្ររបស់កងរក្សាសន្តិភាពអង្គការសហប្រជាជាតិ បានបន្តធ្វើការហោះឆ្វែងភ្នំភ្លើង នីយីរ៉ាហ្គុងហ្គោ ដើម្បីតាមដានពីសភាពការណ៍អោយបានដិតដល់ ៕ ប្រភព៖ ស៊ីនហួរ




