ប្រព័ន្ធផ្សព្វផ្សាយអាមេរិក៖ លោក ចូ បៃដិន អាចនឹងមានកិច្ចប្រជុំកំពូលជាមួយលោក វ៉្លាឌីមៀ ពូទីន ជាលើកដំបូងនៅក្នុងប្រទេសស្វីស (មានវីដេអូ)
អាមេរិក៖ ប្រព័ន្ធផ្សព្វផ្សាយអាមេរិកបានរាយការណ៍នៅថ្ងៃចន្ទនេះអោយដឹងថា ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន និងសមភាគីរុស្ស៊ីរបស់លោក គឺលោក វ៉្លាឌីមៀ ពូទីន ទំនងជានឹងមានកិច្ចប្រជុំកំពូលជាលើកដំបូងនៅក្នុងទីក្រុងហ្សឺណែវ ប្រទេសស្វីស នាខែមិថុនាខាងមុខនេះ ។
ផ្អែកតាមប្រភពដែលដឹងពីព័ត៌មានខាងលើនេះ ប្រព័ន្ធផ្សព្វផ្សាយជាច្រើនបានរាយការណ៍ថា ទីក្រុងហ្សឺណែវ របស់ប្រទេសស្វីសត្រូវបានគេរំពឹងថា នឹងក្លាយជាទីតាំងដ៏ល្អបំផុតសម្រាប់ជំនួបទ្វេភាគីលើកដំបូងរវាងលោក បៃដិន និងលោក ពូទីន ក្នុងមុខតំណែងជាប្រធានាធិបតីរបស់ប្រទេសមហាអំណាចពិភពលោក ។
ដំណឹងខាងលើនេះ ត្រូវបានចុះផ្សាយបន្ទាប់ពីទីប្រឹក្សាសន្តិសុខជាតិអាមេរិកលោក ជេក ស៊ូលីវ៉ាន (Jake Sullivan) បានធ្វើការប្រឹក្សាយោបល់ជាមួយសមភាគីរុស្ស៊ីរបស់លោក គឺលោក នីកូឡៃ ផាតទ្រូសេវ (Nikolai Patrusjev) ។ បើតាមសេចក្តីថ្លែងការណ៍របស់សេតវិមាននោះ កិច្ចប្រជុំនេះ គឺជាការបោះជំហានដ៏សំខាន់មួយ សម្រាប់ផែនការរៀបចំកិច្ចប្រជុំកំពូលរវាងមេដឹកនាំប្រទេសទាំងពីរ ដោយកាលបរិច្ឆេត និងពេលវេលាផ្លូវការនឹងត្រូវប្រកាសនៅពេលក្រោយ ។
បើតាមសេចក្តីថែ្លងការណ៍ដដែលនេះ ភាគីទាំងពីរបានឯកភាពថា ការធ្វើឱ្យប្រក្រ តីនូវទំនាក់ទំនងរវាងអាមេរិក-រុស្ស៊ី នឹងផ្តល់ផលប្រយោជន៍របស់ប្រទេសទាំងពីរក៏ដូចជារួមចំណែកដល់ការព្យាករណ៍ និងស្ថេរភាពសកលផងដែរ ៕ ប្រភព៖ ស៊ីនហួរ

