ជិះម៉ូតូក្នុងល្បឿនលឿន ដល់ផ្លូវបំបែកជាបួនជ្រុលបុករថយន្តស៊េរីទំនេីបពេញទំហឹង បណ្តាលឲ្យរងការខូចខាតយ៉ាងដំណំ
ភ្នំពេញ ៖ បុរសពីរនាក់ ជិះម៉ូតូក្នុងល្បឿនលឿន ដល់ផ្លូវបំបែកជាបួន ជ្រុលបុករថយន្តស៊េរីទំនេីបពេញទំហឹង បណ្តាលឲ្យរងការខូចខាត់យ៉ាងដំណំ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកេីតឡើងកាលពីវេលាម៉ោង ១១ និង ២០នាទីព្រឹក ថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២១ ស្ថិតនៅត្រង់ចំនុចផ្លូវបំបែកជាបួន ផ្លូវលេខ១១០ កែងនិងផ្លូវលេខ ៥៣ ក្នុងសង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។
បើតាមប្រភពព័ត៌មាននៅកន្លែងកើតហេតុ បានឲ្យដឹងថា នៅពេលកើតហេតុ គេឃើញបុរសពីរនាក់ ជិះម៉ូតូម៉ាក់ ហុងដាឌ្រីមសង់សេ១២៥ ស៊េរី ឆ្នាំ២០២០ ពណ៌ខ្មៅ ពាក់ស្លាកលេខ សៀមរាប 1AJ-4201 ជិះឌុបគ្នា ធ្វើដំណើរតាមផ្លូវលេខ១១០ ក្នុងល្បឿនលឿន ទិសដៅពីជេីងទៅត្បូង ខណៈមកដល់ត្រង់ចំណុចកើតហេតុខាងលើផ្លូវបំបែកជាបួន ក៏ស្រាប់តែជ្រុលទៅបុករថយន្តស៊េរីទំនើប ម៉ាក់លុចស៊ីស៥៧០ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2BC-8888 ធ្វើដំណេីរតាមបណ្តោយផ្លូវលេខ៥៣ ទិសដៅពីកេីតទៅលិច ពេញទំហឹង បណ្តាលឲ្យរងការខូចខាត់ម៉ូតូផ្នែកខាងមុខយ៉ាងដំណំ រីឯរថយន្តវិញរងការខូចខាតកំពិតថ្ពាល់ខាងស្ដាំ ឆ្កូតទ្វារមុខក្រោយ ផ្នែកខាងស្ដាំ និងបែកជេីងកញ្ចក់មេីលក្រោយ។ ចំណែកឯ ម្ចាស់ម៉ូតូរងរបួសស្រាល ប៉ុណ្ណោះ។
ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋាន ក៏បានចុះមកដល់កន្លែងកើតហេតុ រួចធ្វើការវាស់វែងយករថយន្ត និងម៉ូតូទាំងពីរគ្រឿង យកមកដាក់កៀនខាងសិន ហើយឲ្យភាគីទាំងសងខាងសម្របសម្រួលគ្នា ដោយយភាគីខាងម្ចាស់ម៉ូតូជាអ្នកបង្ក ក៏សម្រេចចិត្តយល់ព្រមសងសំណងជួសជុលរថយន្តរងគ្រោះឲ្យដូចដើមវិញ ដើម្បីបញ្ចប់រឿងនៅនឹងកន្លែងតែម្ដង។ ដោយ/ ឆៃហួត





