ស្ត្រីខ្មែរវ័យចំណាស់ម្នាក់បានស្លាប់ដោយជំងឺកូវីដ-19 និងជាករណីស្លាប់ដំបូង ក្នុងខេត្តបាត់ដំបង
ស្ត្រីខ្មែរលើកដំបូង ស្ថិតក្នុងវ័យចំណាស់ដែលមានអាយុ៧០ឆ្នាំបានស្លាប់ដោយសារជំងឺកូវីដ-19ហើយក៏ជាករណីលើកដំបូង ដែលប្រជាពលរដ្ឋម្នាក់ រស់នៅក្នុងភូមិសាស្ត្រខេត្តបាត់ដំបង បានស្លាប់ដោយជម្ងឺរាតត្បាតមួយនេះ។នេះបើយោងតាមការប្រកាសព័ត៌មាន របស់រដ្ឋបាលខេត្តបាត់ដំបង នៅថ្ងៃទី ២៦ ខែឧសភា ឆ្នាំ២០២១នេះ។
មន្ត្រីនៃមន្ទីរសុខាភិបាលខេត្តបាត់ដំបងបានឲ្យដឹងក្នុងផេកហ្វេសប៊ុកផ្លូវការរបស់ខ្លួន នៅវេលាថ្ងៃត្រង់ ថ្ងៃដដែលនេះថា៖ មានអ្នកជំងឺកូវីដ-19ម្នាក់ ជាស្ត្រីវ័យចំណាស់បានស្លាប់។ ខណ:ក្រុមគ្រូពេទ្យជួរមុខបានខិតខំប្រឹងប្រែងក្នុងការជួយស្រោចស្រង់នូវអាយុជីវិតយ៉ាងពេញទំហឹង អស់ពីសមត្ថភាពក្នុងការសង្គ្រោះតែនៅតែជួយមិនបាន។ដោយសារតែអ្នកជំងឺមានវ័យចំណាស់ស្ថិតក្នុងស្ថានភាពជម្ងឺប្រចាំកាយ និង ទ្រុឌទ្រោមផ្នែកសុខភាព មានជំងឺលើសឈាម និងជំងឺទឹកនោមផ្អែមរ៉ាំរ៉ៃស្រាប់រួចទៅហើយផងដែរ។
ស្ត្រីវ័យចំណាស់ម្នាក់ដែលស្លាប់ដោយជំងឺកូវីដ-19 ជាលើកដំបូង នៅក្នុងខេត្តបាត់ដំបងនេះ មានឈ្មោះ ស៊ិន សាវឿន អាយុ ៧០ឆ្នាំ រស់នៅក្នុងភូមិសំរោងស្នោរ ឃុំសំរោងក្នុង ស្រុកឯកភ្នំ ខេត្តបាត់ដំបង ជនរងគ្រោះមានប្រវត្តិឆ្លងជំងឺកូវីដ-19នេះ ពីកូនចៅរបស់គាត់ ក្នុងព្រឹត្តិការណ៍២០កុម្ភ:។
តាមប្រភពដដែលបានឲ្យដឹងទៀត ស្ត្រីរងគ្រោះវ័យចំណាស់រូបនេះបានធ្វើតេស្តរោគវិនិច្ឆ័យវិជ្ជមានកូវីដ19នៅមន្ទីរពេទ្យបង្អែកខេត្តបាត់ដំបង កាលពីថ្ងៃទី២៣ ខែឧសភាឆ្នាំ២០២១ ហើយអ្នកជំងឺបានទទួលមរណ:ភាព នៅវេលាម៉ោង ១២:១០នាទី ថ្ងៃទី ២៦ ខែឧសភា ឆ្នាំ ២០២១នេះ។
ជាការកត់សម្គាល់ នេះគឺជាករណីទី២ហើយដែលខេត្តបាត់ដំបង មានអ្នកជំងឺកូវីដ-19បានស្លាប់ នៅក្នុងក្នុងភូមិសាស្ត្រ នៃខេត្តរបស់ខ្លួន។ ដោយករណីទី១គឺជាជនបរទេស ហើយជនរងគ្រោះមានឈ្មោះTHAPA RAMBAHADUR ភេទប្រុស អាយុ ៦៧ឆ្នាំ ជនជាតិនេប៉ាល់ រស់នៅក្នុងភូមិក្បាលស្ពាន ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ និងករណីទី២គឺជនរងគ្រោះមានឈ្មោះ ស៊ិន សាវឿន អាយុ៧០ឆ្នាំ រស់នៅភូមិសំរោងស្នោរ ឃុំសំរោងក្នុង ស្រុកឯកភ្នំ ខេត្តបាត់ដំបង។សពជនរងគ្រោះត្រូវបានបញ្ជូនយកទៅបូជានៅទីតាំងនៃឈាបនដ្ឋានសម្រាប់បូជាសពអ្នកជម្ងឺកូវីដ ក្នុងភូមិសាស្ត្រស្រុករតនមណ្ឌល ខេត្តបាត់ដំបង។
ដោយឡែកនៅថ្ងៃទី២៦ខែឧសភានេះ រដ្ឋបាល ខេត្តបាត់ដំបងបានប្រកាសជូនដំណឹងរកឃើញនូវករណីវិជ្ជមានកូវីដ-19ថ្មីបន្ថែមទៀតចំនួន១០នាក់ក្នុងនោះពាក់ព័ន្ធព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ ចំនួន០៤នាក់ និងពលករមកពីថៃចំនួន០៦នាក់។ ព្យាបាលជាសះស្បើយចំនួន០៨នាក់បានអនុញ្ញាតិឲ្យវិលត្រឡប់ទៅលំនៅដ្ឋានវិញ។ អ្នកជម្ងឺស្លាប់០១នាក់។បានបញ្ជូនអ្មកជម្ងឺ០២នាក់ឲ្យទៅព្យាបាលនៅខេត្តបន្ទាយមានជ័យ និងបច្ចុប្បន្នអ្នកជម្ងឺកំពុងសម្រាកព្យាលក្នុងមន្ទីពេទ្យបង្អែកនានានៅក្នុងខេត្តមាន ចំនួន ១០៧នាក់៕ ( អត្ថបទ-រូបភាព៖ អ៊ុក សំអាន បប )

