ខេត្តសៀមរាប រកឃើញអ្នកវិជ្ជមានជំងឺកូវី-១៩ ថ្មី ចំនួន ៤នាក់ និងជាសះស្បើយអ្នកវិជ្ជមានជំងឺកូវីដ-១៩ ម្នាក់ ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយ

អត្ថបទដោយ៖
ធី ដា

រដ្ឋបាលខេត្តសៀមរាប បានជូនដំណឹងថា នៅថ្ងៃទី២៧ ឧសភា ឆ្នាំ២០២១ រដ្ឋបាលខេត្តបានរកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ ថ្មី ចំនួន ៤នាក់។ ក្នុងចំណោមអ្នកឆ្លងទាំង ៤នាក់នោះ មាន៣នាក់ជាប់ពាក់ព័ន្ធនៅផ្សារសាមគ្គី និងម្នាក់ទៀតជាអ្នកមកពីប្រទេសថៃ។ រដ្ឋបាលខេត្តសៀមរាប បានអំពាវនាវឲ្យប្រជាពលរដ្ឋ ដែលបានពាក់ព័ន្ធដោយផ្ទាល់ ឬដោយប្រយោល ជាមួយអ្នកវិជ្ជមានទាំង៤នាក់នោះ ត្រូវរួសរាន់ធ្វើចត្តាឡីស័កតាមផ្ទះក្នុងក្រុមគ្រួសាររៀងៗខ្លួន ដោយមិនត្រូវពាក់ព័ន្ធ និងប៉ះពាល់ជាមួយអ្នកដទៃជាដាច់ខាត។

ប្រសិនបើមានការប្រែប្រួលសុខភាព ត្រូវផ្តល់ព័ត៌មានមកកាន់លេខទូរស័ព្ទ ០១២ ៩៥៥ ៤៧៤/០៧៧ ៧៨៩ ០០៧ ដើម្បីក្រុមការងារចាត់វិធានការក្នុងការយកសំណាកធ្វើតេស្តស្រាវជ្រាវ។ រដ្ឋបាលខេត្តក៏បានបញ្ជាក់ថា នៅថ្ងៃទី២៧ឧសភា មានអ្នកវិជ្ជមានជំងឺកូវីដ-១៩ ម្នាក់ បានជាសះស្បើយ គឺឈ្មោះ សៀន សៅណា ភេទស្រី អាយុ៣០ឆ្នាំ អាសយដ្ឋាននៅភូមិពោធិ៍ ឃុំពង្រក្រោម ស្រុកជីក្រែង ហើយក្រុមគ្រូពេទ្យបានអនុញ្ញាតឱ្យចេញពីមន្ទីរពេទ្យបង្អែកខេត្ត ត្រឡប់ទៅលំនៅឋានវិញ ដោយត្រូវបន្តការធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃ ។

សូមបញ្ជាក់ថា ពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ គិតត្រឹមល្ងាចថ្ងៃទី២៧ឧសភា ឆ្នាំ២០២១ ខេត្តសៀមរាបមានអ្នកវិជ្ជមានជំងឺកូវីដ-១៩ សរុបចំនួន ១០៧នាក់ ក្នុងនោះបានព្យាបាលជាសះស្បើយចំនួន៥៧នាក់ , កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប ចំនួន៤៨នាក់ និង ស្លាប់អ្នកវិជ្ជមានជំងឺកូវីដ-១៩ ចំនួន២នាក់៕

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner