រដ្ឋបាលខេត្តតាកែវ ទទួលអំណោយមួយចំនួន ពីសប្បុរសជននានា ដើម្បីចូលរួមក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំង នៃការរីករាលដាលនៃជំងឺកូវីដ-១៩
តាកែវ៖ ឯកឧត្តម អ៊ូច ភា អភិបាល នៃគណៈអភិបាលខេត្តតាកែវ លោកខាន់ សុខា អភិបាលរងខេត្ត រួមនឹងមន្រ្តីក្រោមឱវាទ នៅព្រឹកថ្ងៃសុក្រ ទី២៨ ខែឧសភា ឆ្នាំ២០២១ បានអញ្ជើញទទួលអំណោយជាគ្រឿង ឧបភោគបរិភោគ ពី លោក ម៉ាក់ ភាវូ ប្រធានអង្គការមិត្តភាព និងលោកស្រី ដែលបានចូលរួមឧបត្ថម្ភ អង្ករ ០១តោន មីខ្លាឃ្មុំ ១០០កេស និងទឹកត្រី ១០០យួរ ព្រមទាំង លោក ឡុញ សុខឿន អាជីវករផ្សារថ្នល់បត់ បានចូលរួមឧបត្ថម្ភ ០១តោន មីខ្លាឃ្មុំ ៣០កេស ទឹកត្រី ៦០យួរ និងទឹកសុទ្ធ ១០០យួរ និង លោកឧត្តមសេនីយ៍ត្រី សេង សារិទ្ធ បានចូលរួមឧបត្ថម្ភ អង្ករ ៥០០គីឡូក្រាម ទឹកត្រី ៤០យួរ ទឹកបរិសុទ្ធ ១៥កេស មីខ្លាឃ្មុំ ១០កេស ដើម្បីចូលរួមប្រយុទ្ធប្រឆាំងនឹងការរីករាលដាល នៃជំងឺកូវីដ-១៩ នៅក្នុងខេត្តតាកែវ។
មានមតិសំណេះសំណាលនាឱកាសនោះដែរ ឯកឧត្តម អ៊ូច ភា អភិបាលខេត្ត ក៏បានថ្លែង អំណរគុណដល់សប្បុរសជនទាំងអស់ ដែលបាននាំយកនូវគ្រឿងឧបភោគមួយចំនួនធំ ប្រគល់ជូនរដ្ឋបាលខេត្តនាពេលនេះ គឺជាការចូលរួមចំណែកដ៏មានសារសំខាន់ ក្នុងគ្រា ដែលរដ្ឋបាល កំពុងប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតកូវីដ-១៩ ក្នុងខេត្តតាកែវ ហើយតារយៈការផ្តល់អំណោយទាំងនេះដល់រដ្ឋបាលខេត្ត រដ្ឋបាលខេត្តនឹងបន្តចែកជូនដល់បងប្អូនប្រជាពលរដ្ឋដែលមានការខ្វះខាតនិងរងផលប៉ះពាល់ដោយសារកូវីដ១៩។
ដើម្បីឆ្លើយតបទៅតាមស្ថានភាពជាក់ស្ដែងនាឱកាសនោះដែរ ឯកឧត្តម អ៊ូច ភា អភិបាលខេត្ត នឹងយកអំណោយទាំងនេះឧបត្ថម្ភដល់បងប្អូនប្រជាពលរដ្ឋ ចំនួន ៣៨៣គ្រួសារ ដែលស្ថិតនៅភូមិបិទខ្ទប់ ចំនួន ៤នៅឃុំត្រពាំងសាប ស្រុកបាទី ដោយក្នុងមួយគ្រួសារៗ ទទួលបាន៖ អង្ករ ២០ គីឡូក្រាម មី ១កេស ទឹកត្រី ១យួរ ត្រីខ ១យួរ ទឹកបរិសុទ្ធ ១កេស និងសាប៊ូ ២ដុំ ផងដែរ។
ក្នុងឱកាសនោះដែរ ឯកឧត្តម អ៊ូច ភា ក៏បានក្រើនរំលឹកទៅដល់បងប្អូនដែល កំពុងតែធ្វើចត្តាឡីស័កនៅគ្រប់មណ្ឌលចត្តាឡីស័ក និងនៅភូមិសាស្រ្តមួយចំនួន ដែលត្រូវ បានរដ្ឋបាលខេត្តធ្វើការបិទខ្ទប់ជាបណ្ដោះអាសន្នទាំងអស់ សូមអនុវត្តអោយបានត្រឹមត្រូវ តាមការកំណត់របស់អាជ្ញាធរ ពិសេស តាមការណែនាំរបស់ក្រសួងសុខាភិបាល ក៏ដូចជាអនុវត្ត៣កុំ ៣ការពារ អោយបានត្រឹមត្រូវជាទីបំផុត។
ជាមួយគ្នានេះដែរ ឯកឧត្តម អ៊ូច ភា ក៏បានសំណូមពរទៅដល់បងប្អូនដែលដឹងខ្លួនថា មានការពាក់ព័ន្ធជាមួយនឹងអ្នកជំងឺកូវីដ១៩ សូមសហការជាមួយ នឹងអាជ្ញាធរដើម្បីយក សំណាក និងធ្វើចត្តាឡីស័កអោយបានត្រឹមត្រូវដើម្បីចូលរួមទប់ស្កាត់ការឆ្លងរីករាលដាល ជំងឺកូវីដ១៩នៅក្នុងសហគមន៍យើងកាន់តែធ្ងន់ធ្ងរជាងនេះថែមទៀត ជាពិសេសត្រូវអនុវត្ត តាមគោលការណ៍របស់រាជរដ្ឋាភិបាលគឺ ៣ការពារ និង៣កុំ និងអនុវត្តតាមការណែនាំរបស់ ក្រសួងសុខាភិបាលឱ្យបានត្រឹមត្រូវ ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩៕ដោយ-រ៉ាវុធ