សម្តេចតេជោ ហ៊ុន សែន ថ្លែងសារពិសេសជូនជនរួមជាតិ ស្ដីពីផែនការចាក់វ៉ាក់សាំងឱ្យពលរដ្ឋទាំងអស់ ដោយអនុវត្តតាមផែនការយុទ្ធសាស្រ្ត
ភ្នំពេញ៖ តាមរយៈសារសំឡេងផ្ញើទៅកាន់ជនរួមជាតិ នៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២១ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានថ្លែងសារពិសេស ដោយណែនាំដល់រដ្ឋមន្រ្តី និងភិបាលខេត្តនានា ឱ្យបញ្ឈប់ការស្នើចាក់វ៉ាក់សាំងតាមវិស័យនៅខេត្តនេះបន្តិចខេត្តនោះបន្តិច ដោយអះអាងថា កម្ពុជាត្រូវការចាក់ឱ្យពលរដ្ឋទាំងអស់ដោយអនុវត្តតាមផែនការយុទ្ធសាស្រ្ត តាមរយៈការចាក់ស្រោចវ៉ាក់សាំងជាបន្តបន្ទាប់តាមលំដាប់លំដោយ នៃរាជធានី-ខេត្តអាទិភាព។
សម្តេចតេជោនាយករដ្ឋមន្រ្តីបានថ្លែងថា កន្លងទៅមានការស្នើមកសម្តេចជាបន្តបន្ទាប់ ដោយស្នើចាក់វ៉ាក់សាំងកូវីដ១៩ តាមខេត្ត ឬតាមក្រសួង រួមទាំងមានការស្នើចាក់តាមវិស័យ ក្នុងខេត្តនេះខេត្តនោះ ហើយក្រុមហ៊ុនខ្លះក៏ស្នើចាក់វ៉ាក់សាំងនៅក្នុងក្រុមហ៊ុនរបស់ខ្លួន។ សម្តេចបានយកឱកាសនេះ បានណែនាំដល់ភាគីពាក់ព័ន្ធទាំងអស់ ជាពិសេស លោកស្រី ឱ វណ្ណឌីន ដោយបញ្ជាក់ថា រាជរដ្ឋាភិបាល បានដាក់ចេញនូវផែនការយុទ្ធសាស្រ្តចាក់វ៉ាក់សាំង នោះគឺ «យុទ្ធសាស្រ្តផ្ការីក» ដោយចាក់ពីក្នុងចេញក្រៅ។
សម្តេចបញ្ជាក់ថា៖ យើងមិនអាចចាក់វ៉ាក់សាំងនៅកន្លែងនេះបន្តិចកន្លែងនោះបន្តិចបានទេ បើធ្វើដូច្នេះយើងនឹងមិនទទួលបានផល នៅក្នុងបញ្ហាចាក់វ៉ាក់សាំងនេះទេ។ ដើម្បីបង្កើនភាពសុាំ សម្តេចថា រាជរដ្ឋាភិបាល ត្រូវតែចាប់ផ្តើមចាក់ពីរាជធានីភ្នំពេញមុន ដែលរហូតដល់ពេលនេះគឺចាក់បានជាង១លាននាក់ហើយ ដោយការចាក់វ៉ាក់សាំងកូវីដ១៩ ជូនប្រជាពលរដ្ឋនៅរាជធានីភ្នំពេញជាអាទិភាពខ្ពស់បំផុតរបស់កម្ពុជា បន្ទាប់ទៅគឺបណ្តាទីប្រជុំជននៅខេត្តកណ្តាល ហើយបន្ទាប់ទៀតទើបចេញទៅតាមទីប្រជុំជននៅតាមបណ្តាខេត្តនានា និងតំបន់រោងចក្រដែលមានកម្មករកកកុញ។
សម្តេចបានបញ្ជាក់ទៀតថា៖ យើងមិនអាចចាក់វ៉ាក់សាំងដល់កម្មករដែលមានត្រឹមតែ ៤-៥ម៉ឺននាក់ នៅក្នុងខេត្តមួយដែលមានប្រជាជនជាង១លាននាក់បានទេ អញ្ចឹងនៅពេលដែលយើងចុះទៅគឺយើងចុះទៅចាក់ស្រោចតែម្តង បើមិនបានទៅដល់ជនបទទេ ក៏យើងប្រមូលចាក់ទីក្រុង ទីប្រជុំជន និងកន្លែងដែលមានកម្មកររស់នៅកកកុញ និយាយរួមកន្លែងដែលកកកុញតែម្តង ធ្វើដូច្នេះទើបមានភាពសុាំក្នុងសហគមន៍។
សម្តេចតេជោនាយករដ្ឋមន្រ្តីបានបន្ថែមថា សម្តេចនឹងពិភាក្សាជាមួយ លោកជំទាវ ឱ វណ្ណឌីន ប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ១៩ ដើម្បីផ្តល់អាទិភាពទៅខេត្តណាទៀត បន្ទាប់ពីរាជធានីភ្នំពេញ និងខេត្តកណ្តាល ទៅតាមសង្វាក់នៃដំណើរការតាមផែនការ។ សម្តេចថា គ្រប់ផ្នែកទាំងអស់មានទាំងកម្មករផង ត្រូវចាក់វ៉ាក់សាំងនៅក្នុងមូលដ្ឋានរបស់ខ្លួន នៅពេលដែលយុទ្ធនាការវ៉ាក់សាំងចាប់ផ្តើមទៅដល់ខេត្តរបស់ខ្លួន លើកលែងតែករណីចាំបាច់ដែលត្រូវចាក់នៅរោងចក្រ។ សម្តេចបានបញ្ជាក់ថា យើងនឹងមានវ៉ាក់សាំងគ្រប់គ្រាន់សម្រាប់ចាក់ ដែលនឹងមកដល់៤.៥លានដូសទៀតនៅខែមិថុនា និងមកដល់បន្តបន្ទាប់ទៀត។
សម្តេចក៏សូមអភ័យទោសចំពោះប្រជាពលរដ្ឋតាមបណ្តាខេត្ត ដែលបានចុះឈ្មោះចាក់វ៉ាក់សាំងហើយ តែមិនទាន់ទទួលដំណឹងពីអាជ្ញាធរក្នុងការប្រាប់ឱ្យមកចាក់វ៉ាក់សាំង ដោយសារតែវ៉ាក់សាំងមានការខ្វះខាត។ បន្ថែមពីនេះ ទោះបីជាទទួលបានវ៉ាក់សាំងក៏ដោយ សម្តេចតេជោ ហ៊ុន សែន បន្តអំពាវនាវឱ្យប្រជាពលរដ្ឋបន្តការពារខ្លួនដោយអនុវត្តតាមវិធានការសុខាភិបាលឱ្យបានត្រឹមត្រូវ។
ក្នុងសារសំឡេងនេះ សម្តេចតេជោ ហ៊ុន សែន បានថ្លែងដែរថា កម្ពុជានឹងមានវ៉ាក់សាំងកូវីដ១៩ គ្រប់គ្រាន់ ដើម្បីចាក់ជូនប្រជាពលរដ្ឋគ្រាន់តែមុន និងក្រោយប៉ុណ្ណោះ។ សម្តេចតេជោ ហ៊ុន សែន បានស្នើប្រជាពលរដ្ឋយោគយល់ និងរង់ចាំការចាក់វ៉ាក់សាំងតាមផែនការដែលរាជរដ្ឋាភិបាលបានរៀបចំ។
សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ដែរថា កម្ពុជានឹងសម្រេចការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋចំនួន ១០លាននាក់ នៅក្នុងឆ្នាំនេះ ឬយ៉ាងយូរបំផុតនៅដើមឆ្នាំ២០២២។
សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា យើងនឹងមានវ៉ាក់សាំងគ្រប់គ្រាន់ដើម្បីចាក់។ តាមគម្រោងនឹងមកប្រមាណ ៤លាន ៥សែនដូសទៀត សម្រាប់ខែមិថុនា និងមកជាបន្តបន្ទាប់។ យើងនឹងអាចចាក់យ៉ាងហោចណាស់ក្នុង ៥លាន ទៅ ៦លាននាក់ មុនដំណាច់ឆ្នាំនេះ ក្នុងចំណោម ១០លាននាក់។ ហើយយើងនឹងខិតខំធ្វើឱ្យសម្រេចនូវការចាក់វ៉ាក់សាំង ១០លាននាក់នៅក្នុងឆ្នាំនេះ ឬយឺតបំផុត នៅដើមឆ្នាំក្រោយតែម្តង ដើម្បីឱ្យប្រជាពលរដ្ឋរបស់យើងទទួលបាននូវ៉ាក់សាំងគ្រប់ៗគ្នា។
បើទោះបីជាយ៉ាងណាសម្តេចតេជោ ហ៊ុន សែន ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋដែលមិនទាន់ទទួលបានវ៉ាក់សាំង ត្រូវបន្តប្រកាន់ខ្ជាប់វិធានការពារខ្លួនពីជំងឺកូវីដ១៩ ដោយប្រើវិធាន «៣ការពារ និង៣កុំ» ហើយសម្រាប់អ្នកដែលបានចាក់វ៉ាក់សាំងរួចហើយ ក៏មិនត្រូវបោះបង់វិធាននេះផងដែរ។
សម្តេចតេជោ បានអំពាវនាវថា ក្នុងពេលវេលានេះត្រូវប្រើប្រាស់ [៣ការពារ ៣កុំ] ការពារខ្លួនឱ្យខាងតែបានសិនទម្រាំវ៉ាក់សាំងទៅដល់ ហើយបើទោះបីជាអ្នកបានចាក់វ៉ាក់សាំងហើយក៏ដោយ ក៏មិនត្រូវភ្លេច [៣ការពារ និង៣កុំ] ព្រោះវ៉ាក់សាំងមិនអាចទប់បានគ្រប់ការចម្លងនោះទេ គឺយើងត្រូវប្រើប្រាស់វ៉ាក់សាំងផង និងវិធីការពារខ្លួនពីកូវីដ១៩ផង។
សូមបញ្ជាក់ថា កម្ពុជា បានទទួលវ៉ាក់សាំងជាលើកដំបូងនៅក្នុងខែកុម្ភៈ។ រហូតមកដល់ពេលនេះ កម្ពុជាមានវ៉ាក់សាំងក្នុងដៃជាង ៦លានដូស។ តាមរយៈវ៉ាក់សាំងនេះ កម្ពុជា ចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋបានជាង ២.៤លាននាក់ ស្មើនឹងជាង ២៤ភាគរយ នៃចំនួនប្រជាពលរដ្ឋដែលនឹងត្រូវចាក់វ៉ាក់សាំង។ លទ្ធផលចាក់វ៉ាក់សាំងដែលសម្រេចបាននេះ ធ្វើឱ្យកម្ពុជាក្លាយជាប្រទេសឈរនៅលំដាប់ទី២ ក្នុងតំបន់អាស៊ាន បន្ទាប់ពីប្រទេសសិង្ហបុរី ជាប្រទេសដែលចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋបានច្រើន និងលឿន៕ ដោយវណ្ណលុក