សារប្រមុខយោធា មួកខៀវកម្ពុជា ក្នុងទិវាអន្តរជាតិ អ្នកថែរក្សាសន្តិភាព អង្គការសហប្រជាជាតិថ្ងៃទី២៩ ខែឧសភា
រាជធានីភ្នំពេញ៖ប្រមុខយោធាមួកខៀវកម្ពុជានៅថ្ងៃទី២៨ ខែ ឧសភាឆ្នាំ ២០២១បានចេញសារមួយដើម្បីអបអរសាទរក្នុងទិវាអន្តរជាតិ អ្នកថែរក្សាសន្តិភាព អង្គការសហប្រជាជាតិ ថ្ងៃទី ២៩ ខែ ឧសភា។
ក្នុងសារប្រមុខយោធាមួកខៀវកម្ពុជាបានបញ្ជាក់ថាថ្ងៃទី២៩ ឧសភា ទិវារក្សាសន្តិភាព អ.ស.ប.ដើម្បីរំលឹកដល់ការចូលរួមពីគ្រប់កងកម្លាំងយោធា នគរបាល និង បុគ្គលិកស៊ីវិលទាំងបុរស និងនារី ក្នុងប្រតិបត្តិការសន្តិភាព ហើយក៏ជាថ្ងៃប្រារព្ធពិធីគោរពវិញ្ញាណក្ខន្ធ វីរយុទ្ធជន យុទ្ធនារី ដែលបានពលីដើម្បីបុព្វហេតុសន្តិភាព ក្នុងបេសកកម្មចំនួន៧២ . គិតចាប់ពីឆ្នាំ ១៩៤៨។ ទិវាអន្តរជាតិនៃអ្នកថែរក្សាសន្តិ ភាពរបស់អង្គការសហប្រជាជាតិថ្ងៃទី២៩ ខែឧសភា គឺដើម្បីឧទ្ទិសកុសល ដល់ការចូលរួមចំណែកដ៏មានតម្លៃ របស់បុគ្គលិក ក្នុងឯកសណ្ឋានយោធា និងស៊ីវិល ក្នុងការបំពេញបេសកកម្ម អ.ស.ប និងគោរពដល់កម្លាំងថែរក្សាសន្តិភាពប្រមាណជាង ៤ ០០០នាក់ ដែលបានបាត់បង់ជីវិត ក្រោមទង់ អ.ស.ប តាំងពីឆ្នាំ ១៩៤៨ ។
សារខាងលើនេះបានបន្ថែមឱ្យដឹងថា រយៈពេល១ឆ្នាំកន្លងមកនេះ អ្នកថែរក្សាសន្តិ ភាពរហូតចំនួន១៣០នាក់ បានពលីជីវិតដើម្បីបុព្វហេតុសន្តិភាពនៅពាសពេញពិភពលោក។រយៈពេល១៥ឆ្នាំនេះ កម្ពុជាដែលជាសមាជិកដ៏សកម្មមួយរបស់ អ.ស.ប បានបញ្ជូនកម្លាំងចូលរួមបេសកកម្មសរុបចំនួន ៧ ៥២៣នាក់ ក្នុងនោះមាននារីចំនួន ៤៦៦នាក់ ទៅកាន់បេសកកម្មចំនួន១១ ក្នុងប្រទេសចំនួន៩ មានជាអាទិ៍៖ សាធារណរដ្ឋស៊ូដង់ ស៊ូដង់ខាងត្បូង ឆាដ លីបង់ ស៊ីរី សាយប្រឺស ម៉ាលី អាហ្វ្រិកកណ្ដាល និងយ៉េមែន៕ដោយ៖ ម៉ាដេប៉ូ