ទីបំផុត! និយ័តករអឺរ៉ុបអនុញ្ញាតអោយប្រើវ៉ាក់សាំងបង្ការជំងឺ Covid-19 របស់ Pfizer-BioNTech សម្រាប់កុមារមានអាយុពី ១២ ទៅ ១៥ ឆ្នាំ (មានវីដេអូ)
ស្វីស៖ ទីភ្នាក់ងារឱសថអឺរ៉ុប (EMA) កាលពីថ្ងៃសុក្រសប្តាហ៍នេះ (ម៉ោងក្នុងតំបន់) បានអនុញ្ញាតអោយប្រើប្រាស់វ៉ាក់សាំងប្រឆាំងវីរុសកូវីដ១៩របស់ក្រុមហ៊ុនផលិតឱសថអាមេរិក-អាល្លឺម៉ង់ (ហ្វាយហ្សឺ-បាយអូអិនធិច) សម្រាប់ក្មេងជំទង់ដែលមានអាយុពី១២ ទៅ ១៥ ឆ្នាំ ។
ប្រធានក្រុមយុទ្ធសាស្ត្រវ៉ាក់សាំងរបស់គណៈកម្មាធិការឱសថអឺរ៉ុប (EMA) លោក ម៉ាកូ ខាវ៉ាល្លឺរី បាននិយាយនៅឯសន្និសីទកាសែតមួយ ក្នុងទីក្រុងព្រុចសែល ថា គណៈកម្មាធិការឱសថអឺរ៉ុបបានយល់ព្រមក្នុងការប្រើវ៉ាក់សាំង ហ្វាយហ្សឺ-បាយអូអិនធិច សម្រាប់មនុស្សវ័យជំទង់ពី ១២ ទៅ ១៥ ឆ្នាំ” ។ លោកបានពន្យល់ថា ការសាកល្បងព្យាបាលដោយមានការចូលរួមពីមនុស្សវ័យជំទង់ជាង២ពាន់នាក់ បានបង្ហាញពីការឆ្លើយតបដែលមានភាពស្រដៀងគ្នា ឬប្រសើរជាងប្រព័ន្ធភាពស៊ាំ បើប្រៀបធៀបនឹងមនុស្សវ័យក្មេងផ្សេងទៀត ហើយផលប៉ះពាល់ក៏ស្រាល បើធៀបនឹងមនុស្សវ័យជំទង់ដទៃទៀត បន្ទាប់ពីចាក់វ៉ាក់សាំង ។
សូមបញ្ជាក់ថា វ៉ាក់សាំងរបស់ក្រុមហ៊ុន ហ្វាយហ្សឺ-បាយអូអិនធិច គឺជាវ៉ាក់សាំងបង្ការជំងឺកូវីដ ១៩ដំបូងបង្អស់ ដែលត្រូវបានអនុញ្ញាតនៅសហភាពអឺរ៉ុប សម្រាប់ការចាក់ដល់មនុស្សវ័យជំទង់ ខណៈវ៉ាក់សាំងរបស់ក្រុមហ៊ុនផលិតឱសថអាមេរិក-អាល្លឺម៉ង់មួយនេះដែរ ក៏ត្រូវបានអនុញ្ញាតអោយប្រើប្រាស់សម្រាប់ក្មេងវ័យជំទង់អាយុចន្លោះពី១២ ទៅ ១៥ឆ្នាំនៅសហរដ្ឋអាមេរិកផងដែរ ដោយរដ្ឋបាលចំណីអាហារ និងឱសថអាមេរិក កាលពីថ្ងៃទី១០ ខែឧសភាកន្លងទៅ ៕ ប្រភព៖ Reuters


