កូរ៉េខាងជើងរិះគន់ធ្ងន់ៗលើសហរដ្ឋអាមេរិក ក្រោយអនុញ្ញាតអោយកូរ៉េខាងត្បូងអាចផលិតមីស៊ីលខ្លាំងក្លាជាងមុន
កូរ៉េខាងជើង៖ កូរ៉េខាងជើងនៅថ្ងៃចន្ទនេះបាននិយាយបែបវាយប្រហារថា ការដែលអាមេរិកអនុញ្ញាតអោយកូរ៉េខាងត្បូងផលិតមីស៊ីលខ្លាំងក្លាជាងមុន គឺជាគោលនយោបាយអរិភាពរបស់ទីក្រុងវ៉ាស៊ីនតោនប្រឆាំងនឹងកូរ៉េខាងជើង ។
ទីភ្នាក់ងារសារព័ត៌មានកណ្តាលផ្លូវការរបស់កូរ៉េខាងជើង (KCNA) បានចុះផ្សាយថា វិធានការបញ្ចប់ការរឹតត្បិតលើការផលិតមីស៊ីល គឺជាការរំលឹកដ៏ច្បាស់លាស់មួយអំពីគោលនយោបាយអរិភាពរបស់អាមេរិកចំពោះកូរ៉េខាងជើង និងជាល្បិចថោកទាបឥតអៀនខ្មាស់របស់ខ្លួន ។ បើតាមទីភ្នាក់ងារ KCNA ទោះយ៉ាងណា សហរដ្ឋអាមេរិកយល់ច្រឡំហើយ… វាជាកំហុសដ៏ធ្ងន់ធ្ងរមួយសម្រាប់អាមេរិកដែលដាក់សម្ពាធលើកូរ៉េខាងជើង ដោយបង្កើតអតុល្យភាពមិនស្មើគ្នានៅក្នុង និងជុំវិញឧបទ្វីបកូរ៉េ ព្រោះបញ្ហានេះអាចនាំឱ្យមានស្ថានភាពស្រួចស្រាវ និងអស្ថិរភាពនៅឧបទ្វីបកូរ៉េ ដែលឥឡូវនេះតាមន័យបច្ចេកទេសកំពុងស្ថិតក្នុងសង្គ្រាមនៅឡើយ ។
នេះជាការឆ្លើយតបលើកដំបូងរបស់កូរ៉េខាងជើង បន្ទាប់ពីប្រធានាធិបតីកូរ៉េខាងត្បូងលោក មូន ចេអ៊ីន និងសមភាគីអាមេរិកលោក ចូ បៃដិន បានព្រមព្រៀងគ្នានៅក្នុងកិច្ចប្រជុំកំពូលរបស់ពួកលោកនៅថ្ងៃទី២១ ខែឧសភាកន្លងមកនេះ ។ នាឱកាសនោះ សហរដ្ឋអាមេរិកបានបញ្ចប់ការរឹតត្បិតជាច្រើនទសវត្សរ៍ ដែលបើកផ្លូវអោយកូរ៉េខាងត្បូងអភិវឌ្ឍមីស៊ីលរបស់ខ្លួន និងអនុញ្ញាតអោយសម្ព័ន្ធមិត្តរបស់ខ្លួនមួយនេះ អាចអភិវឌ្ឍអាវុធគ្រប់រយៈចម្ងាយគ្មានដែនកំណត់ ៕ ប្រភព៖ Yonhup

