កម្ពុជាទទួលបានភ្ញៀវទេសចរណ៍ជាតិជាង ១៩ម៉ឺននាក់ ក្នុងខែឧសភាឆ្នាំ២០២១

យោងតាមក្រសួងទេសចរណ៍បានឲ្យដឹងថា ក្នុងខែឧសភា ឆ្នាំ២០២១ នៅទូទៅប្រទេសកម្ពុជាទទួលបានភ្ញៀវទេសចរសរុប១៩ម៉ឺន៤ពាន់២៥នាក់។ ក្នុងនោះមានភ្ញៀវជាតិ ១៩ម៉ឺន១ពាន់៨២០ នាក់ និងភ្ញៀវបរទេសផ្ទៃក្នុង ២ពាន់២០៥ នាក់។ របាយការណ៍របស់ក្រសួងក្នុងរយៈពេល៤សប្ដាហ៏នៃខែឧសភាគឺភ្លៀវទេសចរណ៍មានកំណើន ដោយក្នុងសប្តាហទី១ ទទួលបានភ្ញៀវប្រមាណ ១ម៉ឺន៩ពាន់៧០៥ នាក់, សប្តាហទី២ទទួលបានភ្ញៀវប្រមាណ ៤ម៉ឺន៩ពាន់៨៨០នាក់, ក្នុងសប្តាហទី៣ ទទួលបានភ្ញៀវប្រមាណ ៥ម៉ឺន២ពាន់៨៩១នាក់ និងសប្តាហទី៤ ទទួលបានភ្ញៀវប្រមាណ ៧ម៉ឺន១ពាន់៥៤៩នាក់។

គោលដៅទេសចរណ៍សំខាន់ៗដែលមានសកម្មភាពទេសចរណ៍ច្រើនជាងគេក្នុងខែឧសភារួមមាន ខេត្តកំពតលំដាប់ទី១ ទទួលបានភ្ញៀវទេសចរណ៍ចំនួន៣ម៉ឺន៨ពាន់៨១៧ នាក់, លំដាប់ទី២ គឺខេត្តបាត់ដំបងទទួលបានភ្ញៀវ២ម៉ឺន៦ពាន់៨៤០នាក់, លំដាប់ទី៣គឺខេត្តកែបទទួលបានភ្ញៀវចំនួន២ម៉ឺន៣ពបាន់៤នាក់, លំដាប់ទី៤គឺខេត្តសៀមរាបទទួលបានភ្ញៀវចំនួន១ម៉ឺន៨ពាន់៧៥៧នាក់, លំដាប់ទី៥គឺខេត្តកំពង់ស្ពឺទទួលបាន១ម៉ឺន៦ពាន់១៨៧ នាក់ និងលំដាប់ទី៦គឺ ខេត្តព្រះសីហនុទទួលបានភ្ញៀវទេសចរចំនួន១ម៉ឺន២ពាន់ ១៦០នាក់។

រដ្ឋមន្ត្រីក្រសួងទេសចរណ៍ លោកថោង ខុន បានបញ្ជាក់ថា ចំនួននោះមានការកើនឡើងប្រមាណ ៦៩៦,៣៣% ធៀបនឹងខែមេសា ដោយសារក្នុងខែមេសា រាជរដ្ឋាភិបាលបានផ្អាកដំណើរការរមណីយដ្ឋានទេសចរណ៍ទូទាំងប្រទេសជាបណ្តោះអាសន្ន រយៈពេលជាងពីរសប្តាហ៍ ចាប់ពីថ្ងៃទី៧ដល់ថ្ងៃ២៥មេសា។ លោករដ្ឋមន្ត្រីបានបន្តថា រមណីយដ្ឋានគោលដៅទេសចរណ៍ និងមូលដ្ឋានអាជីវកម្មទេសចរណ៍ បានចាប់ផ្តើមបើកដំណើរឡើងវិញជាបណ្តើរៗ ចាប់ពីរាជរដ្ឋាភិបាលបានបើកដំណើរការរមណីយដ្ឋានទេសចរណ៍ឡើងវិញរហូតដល់ដំណាច់ចុងខែឧសភានេះ ដោយបានអនុវត្តយ៉ាងហ្មត់ចត់តាមវិធានការ «៣ កុំ» និង «៣ ការពារ» រួមជាមួយវិធានសុវត្ថិភាពទេសចរណ៍ក្នុងការទប់ស្កាត់ជំងឺកូវីដ-១៩៕

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner