ក្រសួងការពារជាតិ បើកកិច្ចប្រជុំដើម្បីត្រៀមបម្រុងការឆ្លើយតបគ្រោះមហន្តរាយនៅក្នុងរដូវវស្សា
ភ្នំពេញៈតាមការណែនាំរបស់រាជរដ្ឋាភិបាលក្នុងការត្រៀមលក្ខណៈដើម្បីត្រៀមកម្លាំងជួយសង្រ្គោះគ្រោះមហន្តក្នុងឆ្នាំ២០២១ ឯកឧត្តមនាយឧត្តមសេនីយ៍ ម៉ឹង សំផន រដ្ឋលេខាធិការក្រសួងការពារជាតិ អនុប្រធានគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ និងជាប្រធានគណៈកម្មាធិការជួយសង្គ្រោះគ្រោះមហន្តរាយក្រសួងការពារជាតិ កាលពីព្រឹកថ្ងៃទី៣១ ខែឧសភា បានបើកកិច្ចប្រជុំដើម្បីត្រៀមបម្រុងការឆ្លើយតបគ្រោះមហន្តរាយរបស់ក្រសួងការពារជាតិនៅក្នុងរដូវវស្សានេះ។
កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពីបណ្តាអង្គភាពជំនាញ ទ័ពជើងគោក ទ័ពជើងទឹក ទ័ពជើងអាកាស អង្គភាព ធានាភស្តុភាហិរញ្ញវត្ថុ និងជំនាញវិស្វកម្ម កងពលតូចលេខ៧០ បញ្ជាការដ្ឋានទ័ពពិសេស កងរាជអាវុធហត្ថ កងពលតូច ដឹកជញ្ជូនលេខ៩៩ និងមន្ទីរពេទ្យព្រះកេតុមាលា ដែលជាអង្គភាពជំនាញធ្លាប់បានចូលរួមសង្ក្រោះគ្រោះមហន្តរាយជួយ ដល់ប្រជាពលរដ្ឋនាពេលកន្លងមក។
ឯកឧត្តមនាយឧត្តមសេនីយ៍ ម៉ឹង សំផន បានបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី និងជាប្រធានគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ សម្តេចតែងតែគិតគូរយកចិត្តទុកដាក់ដល់ការជួយសង្គ្រោះគ្រោះមហន្តរាយផ្សេងៗ ដែលកើតឡើងជាយកថាហេតុ ពីព្រោះគ្រោះមហន្តរាយមិនដឹងកើតឡើងនៅពេលណានោះទេ។ ហេតុដូចនេះហើយបានជាគណៈកម្មាការជួយសង្គ្រោះគ្រោះមហន្តរាយ ក្រសួងការពារជាតិបានត្រៀមលក្ខណៈទាំងកម្លាំងមធ្យោបាយ ឧបករណ៍ និងសម្ភារផ្សេងៗទៀតដែលក្រសួងការពារជាតិ មាន ដើម្បីត្រៀមលក្ខណៈចុះជួយប្រជាពលរដ្ឋអោយទាន់ពេលវេលា។
នាយឧត្តមសេនីយ៍ ម៉ឹង សំផន បានរំលឹកដល់បណ្តាអង្គភាពមានការពាក់ព័ន្ធ និងការងារសង្គ្រោះគ្រោះមហន្តរាយ ត្រូវពិនិត្យឧបករណ៍ សម្ភារប្រើប្រាស់ ដែលមានឱ្យបានត្រឹមត្រូវ ដូចជា ឧទ្ធម្ភាគចក្រ នាវា អូប័រ រថយន្តដឹកជញ្ជូន រថយន្តសង្គ្រោះ និងមធ្យោបាយផ្សេងៗទៀត និងត្រូវបែងចែកកម្លាំងប្រចាំការជាប់ជាប្រចាំដើម្បីចុះជួយសង្រ្គោះ ប្រជាពលរដ្ឋឱ្យបានទាន់ពេលវេលានៅពេលមានគ្រោះធម្មជាតិកើតឡើងជាយថាហេតុ។
ប្រធានគណៈកម្មាធិការជួយសង្គ្រោះគ្រោះមហន្តរាយសង្ឃឹមថា គ្រប់បណ្តាអង្គភាពជំនាញរបស់កងយោធពលខេមរភូមិន្ទ ដែលមានការពាក់ពន្ធ័ទាំងអស់នឹងត្រៀមខ្លួនអនុវត្តនូវភារកិច្ចជួយសង្រ្គោះគ្រោះមហន្តរាយនៅក្នុងរដូវវស្សាឆ្នាំ២០២១នេះ ឱ្យសម្រេចបានលទ្ធផលល្អតាមការណែនាំរបស់រាជរដ្ឋភិបាលបានដាក់ចុះ។
សូមជម្រាបថា នៅក្នុងកិច្ចប្រជុំបណ្តាអង្គភាពជំនាញដែលមានការពាក់ព័ន្ធបានរាយការណ៍ជូនអង្គប្រជុំអំពីការត្រៀមលក្ខណៈរបស់ខ្លួនទាំងកម្លាំង និងមធ្យោបាយសម្ភារដែលខ្លួនមាន ព្រមទាំងបានធ្វើការហ្វឹកហ្វឺនថែមទៀត ក្នុងការត្រៀមលក្ខណៈជួយសង្ក្រោះគ្រោះមហន្តរាយក្នុងឆ្នាំនេះ៕
ដោយៈ ពលជ័យ





