អតីតប្រធានខុទ្ទកាល័យលោក កឹម សុខាៈ សូមកុំច្រឡំ «សិទ្ធិនយោបាយ» និង«សិទ្ធិធ្វើនយោបាយ»
ភ្នំពេញៈ លោកមុត ចន្ថា អតីតប្រធានខុទ្ទកាល័យលោក កឹម សុខា អតីតប្រធានគណបក្សសង្គ្រោះជាតិ ដែលទើបទទួលបាននីតិសម្បទាឡើងវិញ បានធ្វើការរិះគន់ទៅលើប្រព័ន្ធផ្សព្វផ្សាយមួយចំនួន ដូចជា វិទ្យុផ្សាយជាខេមរភាសាចំនួនពីរ ដែលវិទ្យុទាំងពីរនេះស៊ីប្រាក់ខែរដ្ឋសភាអាមេរិក និងក្រសួងការបរទេសអាមេរិក ដែលតែងតែផ្សាយព័ត៌មានមិនពិតបម្រើផលប្រយោជន៍នយោបាយបក្ខពួកខ្លួន។ លោកបានបញ្ជាក់ថាសូមកុំច្រឡំពាក្យថា “សិទ្ធិនយោបាយ” និង”សិទ្ធិធ្វើនយោបាយ”។
លោក មុត ចន្ថា បានសរសេរនៅលើហ្វេសប៊ុកផ្លូវការនៅថ្ងៃទី១ ខែមិថុនានេះថា “ខ្ញុំបានតាមដានស្តាប់តាំងពីឆ្នាំ២០១៩ ដល់ពេលនេះបណ្តាញផ្សព្វផ្សាយទាំងក្នុងស្រុកខ្លះ ជាពិសេសបណ្តាញផ្សព្វផ្សាយស៊ីប្រាក់ខែរដ្ឋសភាអាមេរិក ដូចជា វិទ្យុអាស៊ីសេរី (Radio Free Asia, RFA) និងវិទ្យុស៊ីប្រាក់ខែរបស់ក្រសួងការបរទេសអាមេរិក ដូចជា វិទ្យុសំឡេងសហរដ្ឋ អាមេរិក (Voice of America,VOA)តែងតែប្រើប្រាស់ពាក្យ«សុំសិទ្ធិធ្វើនយោបាយ»។ ការប្រើប្រាស់ពាក្យនេះមិនត្រឹមត្រូវ ទាំងស្រុងនោះទេ។ ព្រោះថាបើគ្មាន«សិទ្ធិនយោបាយ» ក៏គ្មានសិទ្ធិធ្វើនយោបាយដែរ។ ជួនកាលអ្នកសារព័ត៌មានខ្លះយល់ពីអត្ថន័យឬ និយមន័យនេះច្បាស់ ប៉ុន្តែមិនព្រមប្រើប្រាស់ឱ្យបានត្រឹមត្រូវទេ។ ផ្ទុយទៅវិញពួកគេព្យាយាមប្រើប្រាស់ពាក្យ បង្កប់ដោយចេតនាមុសាទៅវិញ”។

លោកបានបន្តថា សិទ្ធិនយោបាយ គឺជាផ្នែកមួយនៃកតិកាសញ្ញាអន្តរជាតិ ស្តីពីសិទ្ធិពលរដ្ឋ និងសិទ្ធិនយោបាយ ឆ្នាំ១៩៦៦ (International Covenant on Civil and Political Rights, 1966) ដែលឧត្តមក្រុមប្រឹក្សាជាតិនៃកម្ពុជា (Supreme National Council of Cambodia)បានផ្តល់សច្ចាប័ននៅឆ្នាំ១៩៩២ ដែលបានក្លាយជាច្បាប់មួយបញ្ចូលទៅក្នុងរដ្ឋធម្មនុញ្ញកម្ពុជា ឆ្នាំ១៩៩៣។ កតិកាសញ្ញាអន្តរជាតិនេះចែងគ្របដណ្តប់សិទ្ធិនិងសេរីភាពជាច្រើន ដែលក្នុងនោះក៏មានសិទ្ធិនយោបាយរួមបញ្ចូលទាំង សិទ្ធិបោះឆ្នោត (សិទ្ធិពលរដ្ឋ ឬសិទ្ធិស៊ីវិល) សិទ្ធិជ្រើសរើសចូលរួមក្នុងគណបក្ស សិទ្ធិធ្វើសកម្មភាពនយោបាយគាំទ្រ ឬប្រឆាំងគណបក្សមួយ និងសិទ្ធិឈរឈ្មោះឱ្យគេបោះឆ្នោតន(ជាបេក្ខជន)។ សំខាន់ជាងនេះកតិកាសញ្ញានេះចែងធានាដល់សិទ្ធិ និងសេរីភាពបញ្ចេញមតិ យោបល់ សេរីភាពសារព័ត៌មាន ការជួបប្រជុំសាធារណៈ កូដកម្ម បាតុកម្ម ការធ្វើញត្តិ ការដាក់បណ្តឹងប្រឆាំងអាជ្ញាធររដ្ឋដើម្បីទាមទារសំណងផ្សេងៗ ចូលរួមអង្គការមហាជន សមាគមអង្គការមិនមែនរដ្ឋាភិបាល សហជីព ជាដើម។
លោក មុត ចន្ថា បានបន្តទៀតថា ប្រជាពលរដ្ឋខ្មែរ ក៏ដូចជាប្រជាជនលើពិភពលោកមានសិទ្ធិស៊ីវិល និងសិទ្ធិនយោបាយ ទោះបីធ្វើនយោបាយ ឬមិនធ្វើនយោបាយសិទ្ធិទាំងនេះត្រូវតែមាន។ ការទាមទារសិទ្ធិនយោបាយមកវិញមិនសំដៅតែម្យ៉ាងរឿងទៅធ្វើនយោបាយ ឬឈរឈ្មោះឱ្យគេបោះឆ្នោត ឬបង្កើតគណបក្សនយោបាយនោះទេ។ ចំណែកការពង្រឹងលទ្ធិប្រជាធិបតេយ្យវិញ មិនសំខាន់លើអ្នកនយោបាយ ឬបក្សនយោបាយតែមួយនោះទេ ផ្ទុយទៅវិញត្រូវពឹងផ្អែកលើច្បាប់ លើស្ថាប័នរដ្ឋសំខាន់ៗ (ដូចជាតុលាការ រដ្ឋសភា គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត) សង្គមស៊ីវិលការយល់ដឹង របស់ប្រជាពលរដ្ឋក្នុងការអនុវត្តសិទ្ធិ និងសិទ្ធិស្របច្បាប់ និងការអនុវត្តច្បាប់ដោយយុត្តិធម៌ និងស្មើភាពចំពោះមុខច្បាប់។ រដ្ឋធម្មនុញ្ញចែងថាប្រជាពលរដ្ឋខ្មែរ គឺជាម្ចាស់វាសនានឌប្រទេសជាតិរបស់ខ្លួន និងអំណាចទាំងអស់ជារបស់ប្រជាពលរដ្ឋ។
លោកបានបញ្ជាក់ថា សូមឈប់ច្រឡំពាក្យថា«សិទ្ធិនយោបាយ» និង«សិទ្ធិធ្វើនយោបាយ» ព្រោះសិទ្ធិនយោបាយ មាននិយមន័យទូលំទូលាយ! អ្នកសារព័ត៌មានមានកាតព្វកិច្ចផ្តល់ព័ត៌មានពិត និងចំណេះដឹងដល់ប្រជាពលរដ្ឋ ដើម្បីពួកគាត់អាចចូលរួមក្នុងជីវភាពសង្គម និងដើម្បីធ្វើសេចក្តីសម្រេចចិត្តបានត្រឹមត្រូវ។ អ្នកសារព័ត៌មានមិនគួរក្លាយជាចំណីរបស់អ្នកនយោបាយទៅបញ្ឆោតប្រជាពលរដ្ឋឡើយ៕ ដោយៈ ពលជ័យ