លោកនុត ពុធដារ៉ា ប្រគល់ថវិកាដល់អាជ្ញាធរ កងកម្លាំង មន្ទីរពេទ្យបង្អែក មណ្ឌលសុខភាព និងពិនិត្យផ្ទាល់នៅមន្ទីរពេទ្យបង្អែកស្រុកខ្សាច់កណ្តាល ដើម្បីត្រៀមបង្កាទប់ស្កាត់ជម្ងឺកូវីដ-១៩ (COVID-19)
កណ្តាល ៖ លោក នុត ពុធដារ៉ា អភិបាលរងខេត្ត តំណាងឯកឧត្ដមអភិបាលខេត្តកណ្តាល បានចុះជួបសំណេះសំណាល សាកសួរសុខទុក្ខ និងនាំយកថវិកាមកជូនដល់អាជ្ញាធរ កងកម្លាំង មន្ទីរពេទ្យបង្អែក មណ្ឌលសុខភាព ក្នុងស្រុកខ្សាច់កណ្តាល សម្រាប់ជួយសម្រួលដល់ការចាត់វិធានការទប់ស្កាត់ជម្ងឺកូវីដ-១៩ (COVID-19) និងបានចុះពិនិត្យផ្ទាល់នៅមន្ទីរពេទ្យបង្អែកស្រុកខ្សាច់កណ្តាល ដើម្បីត្រៀមបង្ការទុកជាមុន ក្នុងករណីមានការរាលដាលជម្ងឺកូវីដ-១៩ (COVID-19) នាព្រឹកថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២០។

ក្នុងឱកាសនោះ លោក នុត ពុធដារ៉ា បានណែនាំដល់អជ្ញាធរស្រុក ឃុំ កងកម្លាំងប្រដាប់អាវុធ និងមណ្ឌលសុខភាពទាំងអស់ អោយ យកចិត្តទុកដាក់ចំពោះប្រជាពលរដ្ឋដែលទើបមកពីប្រទេសថៃ និងប្រទេសផ្សេងៗទៀត តាមដានសុខភាព ជាពិសេសនៅដាច់ដោយឡែករយៈពេល ១៤ថ្ងៃ និងថែរក្សាសុខភាពតាមការណែនាំរបស់ក្រសួងសុខាភិបាល។ជាមួយគ្នាត្រូវធ្វើការផ្សព្វផ្សាយដល់ប្រជាពលរដ្ឋអោយបានយល់ដឹងពីការថែរក្សាអនាម័យ និងការពារខ្លួនពីការឆ្លងជម្ងឺផងដែរ។

នាឱកាសនោះដែរ លោកអភិបាលរងខេត្តបានប្រគល់ថវិកាជូនដល់ អធិការស្រុក កងរាជអាវុធហត្ថស្រុក ផ្នែកសឹករងស្រុក មន្ទីរពេទ្យបង្អែកស្រុក ការិយាល័យប្រតិបត្តិស្រុក មណ្ឌលសុខភាពឃុំ និងប៉ុស្តិ៍នគបាលឃុំ សរុបទាំងអស់ចំនួន ៤០លានរៀល ៕ធ.ដ
