អ្នកវិភាគ:ការប្រៀបធៀបកម្ពុជា និងភូមា គឺមិនដូចគ្នាទេ

ភ្នំពេញៈ អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា និងអ្នកវិភាគ បានបញ្ជាក់ថា ការប្រៀបធៀបប្រទេសកម្ពុជាជាមួយនឹងប្រទេសភូមា គឺមិនដូចគ្នាទេ។ មិនដូចគ្នាដោយសារសភាពការណ៍រវាងប្រទេសទាំងពីរ គឺខុសគ្នាទាំងស្រុង។

ឯកឧត្តម សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា

ឯកឧត្តម សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា បានមានប្រសាសន៍ប្រាប់ AMS នៅព្រឹកថ្ងៃទី២ ខែមិថុនានេះថា ការប្រៀបធៀបជាសិទ្ធិរបស់គេអ្នកប្រៀបធៀប ក៏ប៉ុន្តែសភាពការណ៍នៃប្រទេសទាំងពីរ គឺអត់ដូចគ្នាទេ។ គឺមួយលិចមួយកើត។ ខុសគ្នាទាំងស្រុង១៨០អង្សា។ គណបក្សប្រជាជនកម្ពុជាមិនមែនជាគណបក្សចាញ់ឆ្នោត ហើយទៅដណ្តើមយកអំណាចពីគណបក្សឈ្នះឆ្នោតទេ។ គឺគណបក្សប្រជាជនកម្ពុជា ជាគណបក្សឈ្នះឆ្នោត។ ដូច្នេះគ្មានហេតុផលណាដែលចោទថា គណបក្សប្រជាជនកម្ពុជាដណ្តើមអំណាចពីគណបក្សអតីតគណបក្សប្រឆាំងទេ។ វាខុសគ្នាពីភូមា។ ភូមាគណបក្សយោធានិយម គឺចាញ់ឆ្នោត។ អ្នកណាក៏ដឹងដែរទូទាំងពិភពលោក ធ្វើរដ្ឋប្រហារដណ្តើមអំណាចពីលោកស្រី អ៊ុង សានស៊ូជី ដែលជាគណបក្សឈ្នះឆ្នោត។ វាខុសគ្នាកន្លែងហ្នឹង។

ចំណែកលោកបណ្ឌិត គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិ នៃរាជបណ្ឌិត្យសភាកម្ពុជា បានមានប្រសាសន៍ថា ការប្រៀបធៀបរបស់មេខ្លោងឧទ្ទាម គឺជាគំនិតរវើរវាយគ្មានភាពប្រាកដនិយមទេ។ មានន័យថា ដូចជាយកគោទៅប្រៀបធៀបជាមួយក្របី ឬមួយអាចនិយាយថា យកដំរីទៅប្រៀបធៀបជាមួយកូនចៀមដូច្នោះដែរ។ បើសិនជាយើងពិនិត្យមើលទៅលើកម្ពុជា និងភូមា គួរតែមើលទៅលើកត្តាជាច្រើន មុននឹងយើងធ្វើការប្រៀបបធៀបគ្នាថា តើវាខុសគ្នាដូចគ្នាយ៉ាងដូចម្តេច?

លោកបណ្ឌិត គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិ នៃរាជបណ្ឌិត្យសភាកម្ពុជា

ទី១.បើសិនជាមើលកត្តាប្រវត្តិសាស្ត្រ គឺប្រទេសភូមា ក្រោយពីបានឯករាជ្យពីអាណានិគមអង់គ្លេសឆ្នាំ១៩៤៨មក គឺប្រទេសនេះស្ថិតក្រោមការគ្រប់គ្រងដោយពួកយោធា ស្ទើររតែមានលក្ខណៈផ្លាស់វេន ហើយគឺកម្រណាស់ ដែលប្រទេសភូមាបានស្គាល់នៅរសជាតិនៃការគ្រប់គ្រងក្រោមរដ្ឋបាលស៊ីវិលតាមរយៈការបោះឆ្នោត ដោយលក្ខណៈប្រជាធិបតេយ្យ សេរី និងត្រឹមត្រូវ។ នេះជាកត្តាប្រវត្តិសាស្ត្រមួយដែលយើងគួរតែធ្វើការពិនិត្យ។ ដោយឡែកសម្រាប់កម្ពុជាដំណាក់កាលប្រវត្តិសាស្ត្រ គឺមានការផ្លាស់ប្តូរ ច្រើនពីឆ្នាំ១៩៥៣ ក្រោយពេលដែល បានឯករាជ្យមក រហូតមានការផ្លាស់ប្តូរ របបនយោបាយ មានការផ្លាស់ប្តូរមេដឹកនាំគឺទៅតាមវិធីបែបផែនផ្សេងៗ ពីរបបមួយទៅរបបមួយ។ ប៉ុន្តែកម្ពុជាស្គាល់ស្ថិរភាពនយោបាយ ចាប់ពី ចុងឆ្នាំ១៩៩៨ រហូតមកដល់បច្ចុប្បន្ន។
ទី២.កត្តាវប្បធម៌នៅក្នុងប្រទេសភូមា និងកម្ពុជា ក៏មានលក្ខណៈខុសគ្នាដែរទាំងវប្បធម៌ នយោបាយ វប្បធម៌ប្រពៃណីផ្សេង ៗ ដែលការប្រតិបត្តិរបស់ប្រជាពលរដ្ឋ គឺមានលក្ខណៈខុសគ្នា ដូច្នេះមិនអាចធ្វើការប្រៀបធៀបគ្នាបានទេ។
ទី៣.ពិនិត្យមើលលើកត្តាជាតិពន្ធុ កម្ពុជាអត់មានជាតិពន្ធុច្រើនរាប់រាយដូចជានៅភូមាទេ ហើយក៏អត់មានក្រុមជនជាតិណាមួយមានការប៉ុនប៉ងបំបែករដ្ឋដូចជានៅភូមាដែរ។ នៅភូមា គឺពួក យោធាប្រើអំណាចកណ្តាប់ដៃដែក គឺដើម្បីគ្រប់គ្រងសង្កត់ទៅលើចលនាដែលចង់បំបែករដ្ឋផ្សេងៗ។ ចំណែកនៅកម្ពុជា ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាល គឺមានបងប្អូនជនជាតិខ្មែរអ៊ិស្លាម ដែលចាត់ទុកដូចជាខ្មែរដែរ គឺរួមរស់ដោយសុខដុមរមនា ហើយបណ្តាជាតិសាសន៍ផ្សេងៗ ដែលរស់នៅក្រោមដំបូងរដ្ឋធម្មនុញ្ញខ្មែរ ក៏អាចរួមរស់បាន ដោយសុខសន្តិភាពជាមួយគ្នា។
ទី៤.កត្តាសាសនា គឺជារឿងមួយដែលមិនអាចប្រៀបធៀបគ្នាបានតែម្តងដោយកម្ពុជាគោរពនៅសេរីភាពក្នុងជំនឿសាសនា ថ្វើបើរដ្ឋធម្មនុញ្ញកំណត់ថា ព្រះពុទ្ធសាសនាជាសាសនារបស់រដ្ឋក៏ពិតមែន ក៏ប៉ុន្តែយើង នៅតែផ្តល់ការគោរពចំពោះសាសនាផ្សេងៗ ហើយ ប្រជាពលរដ្ឋមានសេរីភាពពេញទី ក្នុងការប្រតិបត្តិជំនឿសាសនាផ្សេងៗ។ ហើយមិនមានប្រទេសណាសុខដុមរមនាខាងផ្នែកសាសនាដូចជា ប្រទេសកម្ពុជាទេ គឺរស់នៅជាមួយគ្នាដោយសុខសន្តិភាព ជាពិសេស គឺឃើញមានពិធីខ្លះ គឺការរួបរួមសាសនាទាំងបីទាំងបួនតែម្តង វាខុសពីភូមាឃើញតែមានការឈ្លោះគ្នាពីរឿងសាសនា។
ទី៥.ពាក់ព័ន្ធជាមួយរបបនយោបាយ គឺប្រទេសភូមាគ្រប់គ្រងដោយពួកយោធា គឺជារបបផ្តាច់ការ វាខុសពីកម្ពុជា ត្រឹមឆ្នាំ១៩៩៣ មកដល់បច្ចុប្បន្ននេះ គឺបាន អនុវត្តនៅរបបរាជាធិបតេយ្យអាស្រ័យរដ្ឋធមម្មនុញ្ញ អនុវត្តដោយត្រឹមត្រូវនូវគោលការណ៍ប្រជាធិបតេយ្យ គឺអនុវត្តរបបប្រជាធិបតេយ្យ សេរី ពហុបក្ស។ នេះគឺ ជារបបដឹកនាំមួយដែលយើង ផ្តល់អំណាចទៅដល់ប្រជាពលរដ្ឋនៅក្នុងការកំណត់ជោគវាសនារបស់ប្រទេសជាតិ។
ទី៦.ពាក់ព័ន្ធជាមួយនឹងការបោះឆ្នោត គឺតាំងពីឆ្នាំ១៩៩៣មក គឺកម្ពុជាតែងតែរៀបចំការបោះឆ្នោតដោយទៀងទាត់ ដោយត្រឹមត្រូវ ដោយសេរី និងយុត្តិធម៌។ ហើយក្រៅពីនេះ ក៏មានការរៀបចំឱ្យមានការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ ដែលជាការកែទម្រង់ស៊ីជម្រៅមួយនៅក្នុងការគ្រប់គ្រងរដ្ឋបាលថ្នាក់មូលដ្ឋាន ដែលប្រជាពលរដ្ឋសម្រេច ជ្រើសរើសមេដឹកនាំនៅមូលដ្ឋានផ្ទាល់ដោយខ្លួនគាត់។ តាមរយៈនៃការបោះឆ្នោតនេះ យើងឃើញថា វាមានភាពខុសឆ្ងាយគ្នាពីប្រទេសភូមាដែលពួកយោធាកាន់កាប់អំណាច ហើយការបោះឆ្នោត ទើបតែមានម្តង ដោយមានការចូលរួមពីបក្សប្រឆាំង គឺនៅឆ្នាំ២០១៥ ហើយមុននឹង គឺជាការបោះឆ្នោតមួយក្នុង រូបភាពជាការបង្កើតឡើងទេ។ ហើយវាមានលក្ខណៈខុសគ្នាទៅលលទិដ្ឋភាពនៃការបោះឆ្នោត។
ទី៧.រដ្ឋធម្មនុញ្ញរបស់ប្រទេសកម្ពុជាមិនបានកំណត់កូតាឱ្យពួកយោធាមានកៅអី មានអាសនៈនៅក្នុងរដ្ឋសភា ឬក៏អត់បានរៀបចំក្រសួងនេះ ក្រសួងនោះឱ្យពួកយោធាដូចនៅភូមាទេ។ នៅភូមា គឺពួកយោធារៀបចំរដ្ឋធម្មនុញ្ញដោយខ្លួនឯងនៅឆ្នាំ២០០៨ គឺបានកំណត់កូតា២៥ភាគរយសម្រាប់ពួកយោធាដែលទទួលបានអាសនៈ ដោយស្វ័យប្រវត្តិមិនចាំបាច់រៀបចំ ការបោះឆ្នោត ហើយថែមទាំងរៀបចំឱ្យមានកូតាសម្រាប់ក្រសួងបីសំខាន់ៗទៀត ទោះបីជាអ្នកណាឈ្នះឆ្នោតក៏ដោយ គឺពួកដឹងតែយោធាកាន់កាប់ក្រសួងបី គឺក្រសួងសន្តិសុខជាតិ (ក្រសួងមហាផ្ទៃ) ក្រសួងការពារជាតិ និងក្រសួងកិច្ចការព្រំដែន គឺសុទ្ធតែជាក្រសួងសំខាន់ៗដែលមានឥទ្ធិពលទៅលើការដឹកនាំរបស់រដ្ឋាភិបាល។
ពួកយោធាភូមា មិនមានការគាំទ្រពីប្រជាជនភូមាទេ ទើបមានបាតុកម្ម រហូតមកដល់ពេលនេះមិនទាន់ឃើញសញ្ញាស្រកស្រុតនៃការតវ៉ាប្រឆាំងពីសំណាក់ប្រជាពលរដ្ឋទេ។ ខុសពីសម្តេចតេជោ ហ៊ុន សែន ខុសពីគណបក្សប្រជាជនកម្ពុជា ដែលតែងតែទទួលបានការគាំទ្រការស្រឡាញ់ ការផ្តល់នូវទំនុកចិត្តតាមរយៈការបោះឆ្នោតតាំងពីការបោះឆ្នោតឆ្នាំ១៩៩៨ រហូតដល់ដល់ឆ្នាំ២០១៨។ គឺឃើញថា ការគាំទ្ររបស់ប្រជាពលរដ្ឋចំពោះប្រជាជន គឺមានការកើនជាលំដាប់ ហើយជាពិសេសឆ្នាំ២០១៨ ប្រជាពលរដ្ឋបាលផ្តល់សេចក្តីទុកចិត្តទាំងស្រុកដល់គណបក្សប្រជាជនកម្ពុជា ក្នុងការកាន់កាប់អាសនៈទាំងអស់នៅក្នុងរដ្ឋសភា ដែលជាឱកាសឱ្យគណបក្សប្រជាជនអាចរៀបចំរដ្ឋាភិបាលតែម្នាក់ឯងបាន។ ហើយការបោះឆ្នោតផ្សេងៗទៀតនៅថ្នាក់មូលដ្ឋាន គ៏ដូចជាការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ គឺគណបក្សប្រជាជនទទួលបានការគាំទ្រទាំងស្រុង វាខុសពីអ្វីនៅភូមាដែលប្រជាជនកំពុងបណ្តេញពួកយោធា លក្ខណៈនេះវាខុសគ្នាឆ្ងាយណាស់។

លោកបណ្ឌិត គិន ភា បានបញ្ជាក់ថា ជារួមអ្វីដែលមេខ្លោងឧទ្ទាមធ្វើការប្រៀបធៀបគ្មានតែជាការរវើរវាយមួយ លោកសម រង្ស៊ី ជាអ្នកនយោបាយស៊ីឡាក់ឱ្យតែមានបាតុកម្មនៅកន្លែងណា គឺគាត់តែងតែយកដាក់ខ្លួន ហើយថា បន្តិចទៀតធ្លាក់ដល់កម្ពុជាហើយ លទ្ធផលចុងក្រោយអត់បានអី។ គាត់ធ្វើនេះជាភាសាមួយលួងចិត្តខ្លួនឯងផង និងលួងចិត្តអ្នកដែលនៅគាំទ្រងប់ងល់ដើម្បីកុំឱ្យអស់សង្ឃឹមថា គាត់នៅតែមានឱកាសវិលត្រឡប់មកសង្វៀននយោបាយកម្ពុជាវិញតែប៉ុណ្ណោះ៕
ដោយៈពលជ័យ

ទាវ សារៈមុនិន្ទ
ទាវ សារៈមុនិន្ទ
ជាការីនិពន្ធគេហទំព័រ ដែលទទួលខុសត្រូវលើការផ្សាយអត្ថបទ ខ្លឹមសាររូបភាព កែសម្រួលទម្រង់អត្ថបទ កែអក្ខរាវិរុទ្ធលើគេហទំព័រអប្សរាសង់ត្រាល់ ផ្នែក Politico360 ។ លោកក៏មាននាទីជាអ្នកអង្កេត និងតាមដានអំពីព័ត៌មានជាតិ និងអន្តរជាតិ ដែលចុះផ្សាយទាក់ទងនឹងនយោបាយកម្ពុជាផងដែរ៕
ads banner
ads banner
ads banner