អភិបាលខេត្តកំពត ទទួលអំណោយសប្បុរសធម៌ របស់ថ្នាក់ដឹកនាំ និងអាជីវករ ដើម្បីចូលរួម បង្ការទប់ស្កាត់ជំងឺកូវីដ-១៩ ក្នុងសហគមន៍
កំពត ៖ នៅ ព្រឹក ថ្ងៃទី ០២ ខែមិថុនា ឆ្នាំ ២០២១ ឯកឧត្តម ជាវ តាយ អភិបាលនៃគណៈអភិបាលខេត្ត ឯកឧត្តម ជឹង ផល្លា ប្រធានក្រុមប្រឹក្សាខេត្ត ព្រមទាំងថ្នាក់ដឹកនាំមួយចំនួនទៀត បានចូលរួមទទួល អំណោយសប្បុរសធម៌ របស់ថ្នាក់ដឹកនាំ និងអាជីវករ ដែលបាននាំយកមកប្រគល់ជូនរដ្ឋបាលខេត្តកំពត ដើម្បីចូលរួមបង្ការទប់ស្កាត់ ការឆ្លងរីករាលដាលជំងឺកូវីដ-១៩ក្នុងសហគមន៍ ជាពិសេស ក្នុងអំឡុងពេល នៃ ការផ្ទុះ ឆ្លង ជំងឺ កូ វីដ -១៩ ថ្មីៗនេះ ។
អំណោយរបស់សប្បុរសជនរួមមាន ៖
-ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងកងយុទ្ធពលខេមរៈភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក និងលោកជំទាវ ពេជ្រ ច័ន្ទមុន្នី បានជូនឧបករណ៍ធ្វើតេស្តរហ័សកូវីដ-១៩ចំនួន ៣០០០ដើម
-ឯកឧត្តមបណ្ឌិត ប៉ែន ស៊ីម៉ន ប្រធានគណៈកម្មការទី១០ នៃរដ្ឋសភា ជូនឧបករណ៍ធ្វើតេស្តរហ័សកូវីដ-១៩ ចំនួន ៤៥០ដើម និងថ្នាំពេទ្យចំនួន ៤០០ប្រអប់
- ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ ទេសរដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្តបច្ចេកវិទ្យា និងនវានុវត្តន៍ បានជូនថ្នាំពេទ្យ ១០០ប្រអប់ និងទឹកអាកុលចំនួន ៧កានស្មើនឹង ២១០លីត្រ
- លោកស្រី សុខ ងីម និង លោក ឈៀវ ប៊ុនស៊ឺ ជូនម៉ាស់ ៥ម៉ឺនម៉ាស់ និងទឹកអាកុលចំនួន ៥កានស្មើនឹង ១៥០លីត្រ ។ ក្នុងឱកាស នោះឯកឧត្តម ជឹង ផល្លា ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម ជាវ តាយ អភិបាលខេត្ត ក្នុងនាមក្រុមប្រឹក្សាខេត្ត និងគណៈអភិបាលខេត្ត បាន ថ្លែងអំណរគុណ ដល់ ថ្នាក់ដឹកនាំ និងអាជីវករ ជាសប្បុរសជន ដែលបាននាំយកអំណោយសម្ភារៈបរិក្ខារវេជ្ជសាស្រ្ត ថ្នាំពេទ្យ ផ្ដល់ជូនរដ្ឋបាលខេត្តកំពត ដែលកំពុងត្រូវការជាចាំបាច់ ដើម្បីបម្រើសកម្មភាពក្នុងការប្រយុទ្ធ និងបង្ការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ ក្នុងសហគមន៍ ។ ជាពិសេស សម្រាប់ជួយដល់ប្រជាពលរដ្ឋ ដែលកំពុងសម្រាកព្យាបាល នឹងធ្វើចត្តាឡីស័កក្នុងភូមិសាស្ត្រខេត្តកំពត ។
ឯកឧត្តម ជាវ តាយ អភិបាលខេត្ត ក៏បានបញ្ជាក់ថា ពាក់ព័ន្ធជំងឺកូវីដ-១៩ ខេត្តតែងតែមានប្រុងប្រយ័ត្ន និងយកចិត្តទុកដាក់ខ្ពស់ ដោយបានណែនាំដាក់វិធានការនានាដល់រដ្ឋបាលគ្រប់លំដាប់ថ្នាក់ក្នុងមូលដ្ឋាន និងជំនាញពាក់ព័ន្ធក្នុងកិច្ចសហការរួមគ្នាប្រយុទ្ធនិងបង្ការទប់ស្កាត់ជំងឺកូវីដ-១៩ ។ អំណោយទាំងនេះ ឯកឧត្តមនិងបន្តប្រគល់ជូនដល់រដ្ឋបាលក្រុង ស្រុក ឃុំ សង្កាត់ និងជំនាញពាក់ព័ន្ធ ដើម្បីយកទៅជួយដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋាននៃតំបន់ប្រឈមខ្ពស់មួយចំនួនក្នុងខេត្តផងដែរ ៕