ក្រុមការងារប្រតិបត្តិការចម្រុះ ថៃ-កម្ពុជា បើកកិច្ចប្រជុំ ដើម្បីបន្តពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការទំនាក់ទំនង សាមគ្គីភាព មិត្តភាព រវាងកងទ័ពប្រទេសយើងទាំងពីរបានកាន់តែប្រសើរ

ភ្នំពេញ ៖ នាយទាហានជាន់ខ្ពស់ ក្រុមការងារប្រតិបត្តិការចម្រុះ កម្ពុជា-ថៃ បានបើកកិច្ចប្រជុំលើកទី៥ ដើម្បីពិភាក្សាកិច្ចការមួយចំនួនដែលពាក់ព័ន្ធដល់កិច្ចសហប្រតិបត្តិការផ្នែកអប់រំ និងហ្វឹកហ្វឺន, ការផ្លាស់ប្តូរទស្សនកិច្ចរវាងកងយោធពលខេមរភូមិន្ទ និង កងទ័ពភូមិន្ទថៃ, កិច្ចសហប្រតិបត្តិការរក្សាសន្តិភាព, កិច្ចសហប្រតិបត្តិការរវាងគ្រប់ប្រភេទទ័ព និងយន្តការកិច្ចប្រជុំថ្នាក់ដឹកនាំជាន់ខ្ពស់រវាងអគ្គមេបញ្ជាការកងទ័ពប្រទេសទាំងពីរ ។

កិច្ចប្រជុំនេះ បានប្រព្រឹត្តិធ្វើឡើងតាមប្រព័ន្ធវីដេអូ ខុនហ្វឺរិន នាព្រឹកថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២១នេះ ដោយភាគីកម្ពុជាដឹកនាំកិច្ចប្រជុំដោយ ឧត្តមសេនីយ៍ទោ ប៉ែន សុក្រិត្យវិទ្យា នាយលេខាធិការដ្ឋានសេនាធិការចម្រុះ អគ្គបញ្ជាការដ្ឋាននៃកងយោធពលខេមរភូមិន្ទ រួមនឹងសមាជិកនាយទាហានជាន់ខ្ពស់ មកពីគ្រប់ស្ថាប័នពាក់ព័ន្ធកងទ័ពទាំងបីប្រភេទ ក្នុងកងយោធពលខេមរៈភូមិន្ទ ព្រមទាំងមានការចូលរួមពីសំណាក់ សេនាព័ន្ធយោធា តំណាងកងទ័ពទាំងបីប្រភេទរបស់កងទ័ពភូមិន្ទថៃប្រចាំព្រះរាជាណាចក្រកម្ពុជាផងដែរ ។ រីឯភាគីកងទ័ពភូមិន្ទថៃដឹកនាំដោយឧត្តមសេនីយ៍ឯក ឈីតចាណុក នូចាយ៉ា ( Chijjanok Nuchaya ) នាយកប្រតិបត្តិការចម្រុះកងទ័ពភូមិន្ទថៃ រួមនឹងសមាជិក ជាច្រើនរូប ។

ឧត្តមសេនីយ៍ទោ ប៉ែន សុក្រិត្យវិទ្យា សង្ឃឹមយ៉ាងមាំថា លទ្ធផលនៃកិច្ចប្រជុំ អេស អេស ធី ៥ តាមរយៈវីដេអូ ខុនហ្វឺរិន នៅថ្ងៃនេះ គឺជាផ្លែផ្កាដ៏ប្រសើរ និងជាធាតុចូលយ៉ាងសំខាន់ដល់ការពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការទំនាក់ទំនងនៃការរឹតចំណងសាមគ្គីភាព មិត្តភាព រវាងកងទ័ពប្រទេសយើងទាំងពីរបានកាន់តែប្រសើរ ។ ពាក់ព័ន្ធដល់ការចូលរួមទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩ នៅក្នុងប្រទេសកម្ពុជា ថៃ និងនៅតាមបណ្ដាព្រំដែនរវាងប្រទេសយើងទាំងពីរ កម្ពុជា ថៃ កងយោធពលខេមរៈភូមិន្ទ បានសហការយ៉ាងជិតស្និទ្ធជាមួយអាជ្ញាធរ កងកម្លាំងមានសមត្ថកិច្ច ពិសេសកងការពារព្រំដែននៃប្រទេសទាំងពីរ ក្នុងការចូលរួមទប់ស្កាត់ការឆ្លងដែនដោយខុសច្បាប់ ពីកម្ពុជាចូលប្រទេសថៃ និងពីប្រទេសថៃចូលមកកម្ពុជា បានយ៉ាងល្អ មិនមានបញ្ហាអ្វី កើតឡើងដែលធ្វើឲ្យមានភាពស្មុគស្មាញឡើយ ។

ជាការឆ្លើយតប ឧត្តមសេនីយ៍ឯក ឈីតចាណុក នូចាយ៉ា ក៏បានសំដែងការអបអរសាទរ ចំពោះទំនាក់ទំនងផ្នែកសេនាធិការជាន់ខ្ពស់រវាងកងទ័ពថៃ និងកងទ័ពប្រទេសកម្ពុជាលើកទី៥ នៅក្នុងថ្ងៃនេះពោរពេញទៅដោយបរិយាកាសមិត្តភាព ដែលនឹងឈានទៅរកកិច្ចសហការប្រតិបត្តិការដ៏ល្អប្រសើរប្រកបដោយចីរភាព ។ ឧត្តមសេនីយ៍ឯក ឈីតចាណុក នូចាយ៉ា ក៏បានសង្កត់ធ្ងន់ថា តាមរយៈរបៀបវារ: កិច្ចប្រជុំដែលយើងបានជជែកគ្នាលើកនេះ នឹងទទួលបានការសម្រេចពីថ្នាក់ដឹកនាំជាន់ខ្ពស់ ហើយនឹងមានការអនុវត្តជាផ្លែផ្កា ដើម្បីជាអត្ថប្រយោជន៍នៃការបង្កើនកិច្ចសហប្រតិបត្តិការរវាងគ្នានឹងគ្នាកាន់តែប្រសើរឡើងនៅថ្ងៃអនាគត ក្រោមឆ័ត្រមិត្តភាព និងការយោគយល់គ្នា ។

គួររំលឹកថា នេះគឺជាកិច្ចប្រជុំលើកទី ៥ ហើយ ដែលភាគីទាំងពីរបានជួបប្រជុំគ្នា រៀងរាល់មួយឆ្នាំម្ដង តាមរយៈនៃការផ្លាស់ប្ដូរវេនគ្នា ធ្វើជាម្ចាស់ផ្ទះ ។ ប៉ុន្តែដោយសារស្ថានភាពនៃការរីករាលដាលនៃជំងឺឆ្លងជាសកល កូវីត១៩ បានធ្វើឱ្យកិច្ចប្រជុំនេះ ដែលធ្លាប់តែផ្លាស់ប្ដូរគ្នាក្នុងមួយឆ្នាំម្ដងនោះ ត្រូវបានអាក់ខាន ហើយបានឯកភាពគ្នា រៀបចំកិច្ចប្រជុំនេះ នៅប្រទេសរាងៗខ្លួន តាមរយៈវីដេអូ ខុនហ្វឺរិន វិញ ។ សហប្រធាននៃកិច្ចប្រជុំទាំងពីរកម្ពុជា ថៃ .ថៃនិងកម្ពុជា ក៏បានឯកភាពគ្នាថា រាល់កំណត់ហេតុនៃកិច្ចប្រជុំ ដែលបានចុះហត្ថលេខា នៅថ្ងៃនេះ និងដាក់ជូនថ្នាក់ដឹកនាំ អគ្គមេបញ្ជាការ និងសេនាធិការចំរុះ កងទ័ពទាំងពីរដើម្បីស្នើសុំយោបល់ឯកភាព ៕

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner