រថយន្តក្រឡុកស៊ីម៉ងត៍ បុករថយន្តព្រូសពេញទំហឹង បណ្ដាលឱ្យរងការខូចខាតយ៉ាងដំណំ
ភ្នំពេញ ៖ បុរសម្នាក់ បើបររថយន្តក្រឡុកស៊ីម៉ងត៍មួយគ្រឿង បុកគូទរថយន្តព្រូសដែលកំពុងតែបត់ត្រឡប់ក្រោយពេញទំហឹង បណ្ដាលឱ្យរងការខូចខាតយ៉ាងដំណំ តែសំណាងល្អ មិនបណ្ដាលឱ្យមាននរណាម្នាក់រងរបួសនោះទេ។ ហេតុការណ៍ករណីគ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង៤ និង១១នាទីល្ងាច ថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២១ ស្ថិតនៅតាមបណ្ដោយផ្លូវ៣៧១ ក្នុងសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
បើតាមប្រភពព័ត៌មាននៅកន្លែងកើតហេតុ បានឱ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញបុរសម្នាក់ បើកបររថយន្តម៉ាកតូយ៉ូតាព្រូស មួយគ្រឿង ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2AF-0801 ធ្វើដំណើរតាមបណ្ដោយផ្លូវ៣៧១ ទិសដៅពីត្បូងទៅជើង ក្នុងល្បឿនយឺតល្មម ខណៈមកដល់ត្រង់ចំណុចកើតហេតុខាងលើ បានស៊ីញ៉ូបត់ត្រឡប់ក្រោយវិញ ក៏ស្រាប់តែមានរថយន្តក្រឡុកស៊ីម៉ងត៍ ពណ៌ស ពាក់ស្លាកលេខ ព្រះសីហនុ 5A-0141 មួយគ្រឿងទៀត បើកបរដោយបុរសម្នាក់ ធ្វើដំណើរតាមបណ្ដោយផ្លូវ៣៧១ ទិសដៅពីត្បូងទៅជើងស្រប់ទិសគ្នា ក្នុងល្បឿនលឿនគួរសម ក៏ជ្រុលទៅបុកពីក្រោយគូទរថយន្តម៉ាកតូយ៉ូតាព្រូស ពេញទំហឹង បណ្តាលឱ្យរថយន្តម៉ាកតូយ៉ូតាព្រូសរងការខូចខាតគូទក្រោយយ៉ាងដំណំ រីឯរថយន្តក្រឡុកស៊ីម៉ងត៍វិញរងការខូចខាតកាងមុខបន្តិចបន្តួចប៉ុណ្ណោះ។ តែសំណាងល្អ មិនបណ្ដាលឱ្យមាននរណាម្នាក់រងរបួសនោះទេ។
ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋាន ក៏បានចុះមកដល់កន្លែងកើតហេតុ រួចធ្វើការវាស់វែងយករថយន្តទាំង២គ្រឿង យកមកដាក់កៀនខាងសិន ហើយឱ្យភាគីទាំងសងខាងធ្វើការសម្របសម្រួលគ្នា ដោយតៃកុងរថយន្តក្រឡុកស៊ីម៉ងត៍បានធ្វើការទាក់ទងទៅខាងអុីនសាររ៉ែនឱ្យចុះមកធ្វើការដោះស្រាយគ្នាជាមួយម្ចាស់រថយន្តព្រូស ដើម្បីបញ្ចប់រឿងនៅនឹងកន្លែងកើតហេតុភ្លាមៗតែម្ដង៕ ដោយ/ ឆៃហួត



