ម្ចាស់មេដាយប្រាក់អាស៊ានប៉ារ៉ាហ្គេម ជឹម ផាន បានបញ្ជាក់ថា កូវីដ-១៩ រាំងស្ទះការហ្វឹកហាត់ បូករួមទាំងកង្វះសម្ភារ ធ្វើអោយពិបាកប្រជែងមេដាយអាស៊ានប៉ារ៉ាហ្គេម នៅវៀតណាម

ម្ចាស់មេដាយប្រាក់ និងសំរិទ្ធ អាស៊ានប៉ារ៉ាហ្គេម និងជាកីឡាករជម្រើសជាតិ ជឹម ផាន បានបញ្ជាក់ថា ការប្រជែងមេដាយពីព្រឹត្តការណ៍ អាស៊ានប៉ារ៉ាហ្គេម លើកទី៣១ នៅប្រទេសវៀតណាម ពិតជាពិបាកខ្លាំង ដោយសារកូវីដ-១៩ រាំងស្ទះការហ្វឹកហាត់ បូករួមទាំងកង្វះសម្ភារផងដែរ ។
កីឡាករជនពិការខាងលើរូបនេះ អះអាងថា ការហ្វឹកហាត់ពង្រឹងសមត្ថភាព អំឡុងពេលជួបវិបត្តិជំងឺកូវីដ-១៩នេះ រូបគាត់ជួបបញ្ហាប្រឈមខ្លាំង គ្មានទីលានស្តង់ដារត្រឹមត្រូវ គ្មានសម្ភារហ្វឹកហាត់គ្រប់គ្រាន់ ដូចជា ជើងសប្បនិមិត្ត និងស្រោមជើងជាដើម ខណៈសម្ភារទាំងនេះ មិនមានផលិត នៅកម្ពុជា ដោយតម្រូវបញ្ជាទិញពីក្រៅប្រទេស ។ ជនពិការដ៏មានសក្តានុពលរូបនេះ ពន្យល់ទៀតថា សម្ភារ ប្រើប្រាស់សម្រាប់ការហ្វឹកហាត់ប្រចាំថ្ងៃនេះ គឺត្រូវទិញដោយខ្លួនឯងផ្ទាល់ ជាជំហានៗទៅតាមលទ្ធភាព តែប៉ុណ្ណោះ ដោយពុំមានភាគីណាមួយជួយឧបត្ថម្ភសម្ភារទាំងអស់នេះឡើយ ។ ដូច្នោះក្នុងបរិបទជំងឺកូវីដ-១៩នេះ ថវិកាជម្រើសជាតិ ដែលទទួលបានពីក្រសួងអប់រំយុវជន និងកីឡា ប្រើប្រាស់ទិញសម្ភារមិនគ្រប់គ្រាន់នោះទេ ព្រោះមួយផ្នែកជួយផ្គត់ផ្គងដល់គ្រួសារ និងមួយផ្នែកទៀតត្រូវធ្វើចែករំលែក ឲ្យប៉ារ៉ាឡាំពិកឧបត្ថម្ភដល់កីឡាករ កីឡាការិនីបំរ៉ុង ពិការផ្សេងៗ ដែលពុំមាននៅក្នុងបញ្ជីក្រុមជម្រើសជាតិហ្វឹកត្រៀមអាស៊ានប៉ារ៉ាហ្គេម លើកទី១១ នៅចុងឆ្នាំ២០២១នេះ ។

កីឡាករពិការ ជឹម ផាន បន្តទៀតថា ប្រសិនបើមានភាគីក្រសួង ស្ថាប័ន ឬក៏វិស័យឯកជន និងសប្បុរសជន ឧបត្ថម្ភជាសម្ភារហ្វឹកហាត់ដល់កីឡាករ កីឡាការិនីជនពិការនោះ នឹងធ្វើឲ្យពួកគាត់មានទឹកចិត្តហ្វឹកហាត់ និងមានឆន្ទៈមោះមុត ដើម្បីប្រជែងមេដាយមកជូនកម្ពុជា ពីព្រឹត្តិការណ៍ អាស៊ានប៉ារ៉ាហ្គេម កាន់តែខ្លាំងជាក់ជាមិនខាន ។

ពាក់ព័ន្ធនឹងការត្អូញត្អែរបស់អត្តពលិកកីឡាជនពិការ រឿងថវិកាជម្រើសជាតិយកទៅចែករំលែកដល់អត្តពលិកជនពិការដ៏ទៃទៀត ត្រូវបានឯ ឧ យី វាសនា អគ្គលេខាធិការ គណៈកម្មាធិការប៉ារ៉ាឡាំពិកកម្ពុជា ឆ្លើយបំភ្លឺថា ទាក់ទងនឹងថវិកាចែករំលែកនេះ ប៉ារ៉ាឡាំពិកម្ពុជាមិនបានកាត់នោះទេ គឺយកទៅឧបត្ថម្ភដល់កីឡាករ កីឡាការិនីបំរ៉ុង ដើម្បីលើកទឹកចិត្តពួកគាត់ឲ្យខិតខំហ្វឹកហាត់ ដើម្បីត្រៀមប្រជែងដណ្តើមមេដាយ នៅប្រទេសវៀតណាម ចុងឆ្នាំ២០២១នេះ ។

សូមរំរឹកថា លោក ជឹម ផាន ជាកីឡាករអត្តពលកម្មម្នាក់ ដែលមានសក្តានុពល របស់កម្ពុជា ធ្លាប់ប្រជែងដណ្តើមបានមេដាយមាស ប្រាក់ និងសំរិទ្ធ ពីព្រឹត្តិការណ៍កីឡាអាស៊ានប៉ារ៉ាហ្គេម ពុំដែលអាក់ខានឡើយ ។
សូមបញ្ជាក់ថា ព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេម លើកទី១២ ចុងឆ្នាំ២០២១នេះ កីឡាករជនពិការ ជឹម ផាន បានត្រៀមប្រជែងលើ៣វិញ្ញាសា គឺរត់១០០ម៉ែត្រ ២០០ និង៤០០ម៉ែត្រ ហើយវិញ្ញាសាដែលជាក្តីសង្ឈឹមជាងគេក្នុងឆ្នាំនេះ គឺវិញ្ញាសារត់ ៤០០ម៉ែត្រ ៕
