រដ្ឋបាលខេត្តស្វាយរៀង អំពាវនាវឲ្យពាក់ព័ន្ធនឹងទីតាំងលក់ដូរនៅខាងមុខរោងចក្រស៊ីកូ តំបន់មេនហាតធេន ត្រូវប្រញាប់ទៅធ្វើតេស្ដជាបន្ទាន់
រដ្ឋបាលខេត្តស្វាយរៀង នៅថ្ងៃទី៣ មិថុនា បានជូនដំណឹងថា មានបុគ្គលចំនួន ៨នាក់ រួមមានឈ្មោះ សោម ស៊ុន ភេទស្រី អាយុ ៣៥ឆ្នាំ, សុន រិទ្ធី ភេទប្រុស, កង ថា ភេទស្រី, មួន សាវី ភេទស្រី អាយុ ៥៩ឆ្នាំ, មុំ នីរឿន ភេទប្រុស អាយុ ៦១ឆ្នាំ, ជុំ ស្រីណុច ភេទស្រី អាយុ ២៩ឆ្នាំ, ញុញ ស្រីណា ភេទស្រី អាយុ ១៧ឆ្នាំ, និងឈ្មោះ អូន រ៉ិត ភេទស្រី អាយុ ៤០ឆ្នាំ បានឆ្លងជំងឺកូវីដ-១៩។
ពួកគេជាអ្នកលក់ដូរនៅខាងមុខរោងចក្រស៊ីកូ តំបន់មេនហាតធេន គិតចាប់ពីថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២១មក។ រដ្ឋបាលខេត្តបានអំពាវនាវឲ្យប្រជាពលរដ្ឋ កម្មករ កម្មការិនីដែលមានពាក់ព័ន្ធទាំងផ្ទាល់ និងប្រយោល ជាមួយអ្នកវិជ្ជមានកូវីដ-១៩ទាំងនោះ ត្រូវធ្វើចត្តាឡីស័កតាមដានសុខភាព អនុវត្តតាមវិធានការណែនាំរបស់ក្រសួងសុខាភិបាល និងវិធានការ ៣ការពារ ៣កុំ របស់សម្ដេចតេជោហ៊ុនសែន។
ប្រសិនបើមានរោគសញ្ញាដូចជា គ្រុនក្ដៅ, ក្អក, កណ្ដាស់, ឈឺបំពង់ក ឬដកដង្ហើមខ្លីៗ ឬ សង្ស័យ សូមមេត្តាប្រញាប់ ទៅធ្វើតេស្តរកមេរោគកូវីដ-១៩ ដែលមានទីតាំងនៅជិតផ្ទះ ឬផ្ដល់ព័ត៌មានទៅអាជ្ញាធរមូលដ្ឋាន ឬទៅយកវត្ថុវិភាគសំណាកនៅប៉ុស្ដិ៍យកសំណាកដែលនៅជិតផ្ទះ ឬទំនាក់ទំនងមកក្រុមការងារស្រាវជ្រាវ និងតាមដានបុគ្គលសង្ស័យថាមានផ្ទុកជំងឺកូវីដ-១៩ ខេត្តលេខ 044 712 522 ឬ 097 503 4567 ដើម្បីមានវិធានការណ៍បន្ត ។ សម្រាប់អ្នកដែលគ្មានរោគសញ្ញា សូមដាក់ខ្លួនដាច់ដោយឡែក និងតាមដានសុខភាពរបស់ខ្លួនរយៈពេល ១៤ ថ្ងៃ ចាប់ពីថ្ងៃដែលអ្នកបានប៉ះពាល់ ឬទៅទីកន្លែងនោះ។




