លោក ចូ បៃដិន អះអាងថា លោកកំពុងពិចារណាលើការសងសឹករុស្ស៊ី ពាក់ព័ន្ធនឹងការវាយប្រហារតាមអ៊ីនធើណិត (មានវីដេអូ)
Video: https://fb.watch/5UieXe_kic/
អាមេរិក៖ ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន នៅថ្ងៃពុធនេះអះអាងថា រូបលោកកំពុងសំឡឹងរកការសងសឹកដែលអាចទៅរួច ក្រោយសេតវិមានបានភ្ជាប់រុស្ស៊ីទៅនឹងការវាយប្រហារតាមអ៊ីនធើណិត ប្រឆាំងនឹងក្រុមហ៊ុនកែច្នៃសាច់ខ្នាតយក្ស JBS ។
នៅពេលត្រូវបានចោទសួរដោយអ្នកកាសែត ថាតើលោកនឹងចាត់វិធានការប្រឆាំងប្រធានាធិបតីរុស្ស៊ីលោក វ្លាឌីមៀ ពូទីន ដែលលោកនឹងជួបសម្រាប់កិច្ចប្រជុំកំពូលនៅទីក្រុងហ្សឺណែវនៅចុងខែនេះដែរឬយ៉ាងណានោះ ប្រធានាធិបតីអាមេរិករូបនេះនិយាយថា យើងកំពុងពិនិត្យយ៉ាងដិតដល់ចំពោះបញ្ហានោះ ។ បើតាមសេតវិមាន លោក បៃដិន នឹងនាំយកការព្រួយបារម្ភរបស់សហរដ្ឋអាមេរិក ក្នុងអំឡុងកិច្ចប្រជុំកំពូលនៅថ្ងៃទី១៦ ខែមិថុនាខាងមុខនេះ ក៏ដូចជានៅកិច្ចប្រជុំកំពូល នៅមុនកិច្ចប្រជុំកំពូលជាមួយសម្ព័ន្ធមិត្តក្នុងក្រុមប្រទេស G7 សហភាពអឺរ៉ុប និងអង្គការ ណាតូ ។
សូមបញ្ជាក់ថា ការវាយប្រហារតាមអ៊ិនធើណិតទៅលើក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់អាមេរិក ដែលជាកម្មសិទ្ធិរបស់ប្រេស៊ីល JBS បានធ្វើអោយមានការចោទប្រកាន់ជាថ្មីម្តងទៀតថា ប្រទេសរុស្ស៊ីប្រហែលជាកំពុងធ្វើឧក្រិដ្ឋកម្មតាមអ៊ីនធើណិត ៕ ប្រភព៖ CNA
